ខេត្តសៀមរាប៖ ក្នុងដំណើរបំពេញបេសកកម្មរបស់គណៈប្រតិភូគណៈកម្មការ សាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្មនិង សិប្បកម្ម រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី (គណៈកម្មការទី៩)នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ រួមនឹង សមាជិកគណៈប្រតិភូ បានជួបធ្វើការពិភាក្សាជាមួយ លោក ប៊ុន ថាប្ញទ្ធិ អភិបាលខេត្តស្តីទី និង មន្ទីរជំនាញក្នុង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៥ នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍របស់លោក ប៊ុន ថាប្ញទ្ធិ ក៏បានធ្វើសេចក្តី រាយកាណ៍ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តស្តីទីបានបញ្ជាក់អំពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយទទួលបានចំណាត់ថ្នាក់ល្អជាងគេទូទាំងប្រទេសផងដែរ។លោកក៏បានលើកឡើងផងដែរ អំពីវិស័យសេដ្ឋកិច្ចទេសចរណ៍និងកសិកម្មនៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ទៀតផង។លោកប៊ុនថាប្ញទ្ធិ ក៏បានលើកឡើងពីការផ្លាស់ប្តូររបៀបរបបធ្វើការងារដូចជាការអនុវត្តការងារច្រើនមុនការផ្តល់សេវាឲ្យបានរហ័ស ដោយផ្តោតទៅលើការផ្តល់សេវាសាធារណៈតាមរយៈច្រកចេញចូលតែមួយ ក្នុងការបង្ខិតឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ដែលជាទំនុកចិត្តនៃតម្រូវការចាំបាច់របស់ពួកគាត់ប្រកបដោយប្រសិទ្ធភាព។ ឯកឧតមក៏បានលើកពីលទ្ធផលនៃកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប សំខាន់លើការកែលម្អនូវសោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រក្នុងការទាក់ទាញនូវ កំណើនភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ និង អរូបវ័ន្ត សំខាន់ការពង្រីកផ្លូវក្នុងក្រុង និងការស្តារឡើងវិញនូវសោភណ្ឌភាពស្ទឹងប្រវត្តិសាស្ត្រសៀមរាប។លោកប៊ុនថាប្ញទ្ធិ ក៏បានលើកនូវពីការចុះបញ្ជីរដីធ្លីតាមលក្ខណៈប្រព័ន្ធ ការពង្រីកនូវប្រព័ន្ធចែកចាយបណ្តាញចរនអគ្គិសនីទៅដល់មូលដ្ឋានការងារពាណិជ្ជកម្មនិងកម្មកុងត្រូល។ ចំពោះវិស័យសាធារណការ ពីការយល់ដឹងរបា់ប្រជាពលរដ្ឋនៅមានកម្រិតពីច្បាប់ចរាចរណ៍ជើងគោក ដែលជាបញ្ហា បង្កឲ្យក្រុងសៀមរាបមានការកកស្ទះ បង្កឲ្យមានគ្រោះថ្នាក់ ដែលបង្កឡើងដោយកត្តាមនុស្ស និង សម្ភារៈទំនើប និងការបើកបរដោយមានជាតិស្រវឹងព្រមទាំងរថយន្តធំៗហើយវែងទៀតផង។ក្នុងនោះដែរឯកឧត្តម ក៏បញ្ជាក់ពីការគ្រប់គ្រងធនធានរ៉ែនិងថាមពលការងារឧស្សហកម្មនិងសិប្បកម្ម ព្រមទាំងការគ្រប់គ្រងប្រៃសណីយ៍ទូរគមនាគមន៍ផងដែរ ។
មានប្រសាសន៍នោះដែរលោកស្រីនិន សាផុន ក៏បានលើកនូវពីគោលបំណង ក្នុងដំណើរបំពេញបេសក កម្មនៅខេត្តសៀមរាប គឺសំដៅសិក្សាស្វែងយល់ ឲ្យកាន់ស៊ីជម្រៅទៅលើបញ្ហាមួយចំនួន ពីការអនុវត្តតួនាទី ភារកិច្ច របស់អាជ្ញាធរខេត្ត និង សកម្មភាពការងារ សមទ្ធិផលការងារសំខាន់ៗ បញ្ហាប្រឈម និង ទិសដៅភារកិច្ចអនុវត្តបន្ត ព្រមទាំងស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា របស់មន្ទីរជំនាញ និង អង្គភាពដែលពាក់ព័ន្ធ នឹងសមត្ថ កិច្ចទទួលខុសត្រូវ ។ ក្នុងនោះលោកជំទាវប្រធានប្រតិភូ ក៏បានផ្តោតយ៉ាងសំខាន់ទៅលើចំណុចមួយចំនួន ដែលត្រូវ បណ្តាមន្ទីរ អង្គភាពធ្វើការពន្យល់ជូនដល់គណៈកម្មការទី៩ ឲ្យបានកាន់តែយល់ច្បាស់និង ស៊ីជម្រៅទៅលើទំហំការ ងារដែលមន្ទីរ អង្គភាពបានប្រតិបត្តិកន្លងមក ។ ក្នុងដោយផ្តោចលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការគ្រប់ គ្រងនិង ចុះបញ្ជីយានយន្តគ្រប់ប្រភេទ ព្រមទាំងការដឹកជញ្ជូនលើទម្ងន់ ការកែច្នៃយានយន្តខុសបច្ចេកទេស បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និង គ្រប់គ្រងការប្រើប្រាស់ផ្លូវថ្នល់ មកដល់ពេល នេះមានប្រសិទ្ធភាពដល់កម្រិតណា។ លោក ជំទាវ ក៏លើកឡើងផងដែរ អំពីច្បាប់ការគ្រប់គ្រងប្រៃសណីយ៍ទូរគមនាគមន៍ អំពីច្បាប់គ្រប់គ្រងរ៉ែ និង ថាមពល លើការងារ ឧស្សាហ៍កម្ម និង សិប្បកម្ម ពាណិជ្ជកម្ម និង កម្មកុងត្រូវ អំពីច្បាប់គ្រប់គ្រងគុណភាព សុវត្ថិភាព និង ចុះបញ្ជីសម្គាល់ស្លាកសញ្ញាទំនិញ ព្រមទាំងការផ្លាស់ប្តូរមុខទំនិញជាមួយប្រទេសជិតខាង។ លោកស្រីនិនសាផុនក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើច្បាប់គ្រងគ្រងសំណង់ សំខាន់ការប្រតិបត្តិច្បាប់ភូមិបាល អំពីសំណង់សហកម្មសិទ្ធិជាមួយជនបរទេស ដែលមាននៅក្នុងខេត្តសៀមរាបនេះ ។ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យវិស័យសំណង់មានការអភិវឌ្ឍយ៉ាងខ្លាំង ផ្លូវ ថ្នល់ ស្ពាន សាលារៀន អគារមជ្ឈមណ្ឌល ពាណិជ្ជកម្ម អគារតូច ធំជាច្រើនផងដែរ ។
ក្នុងនោះដែរអស់លោកនៃមន្ទីរ អង្គភាពជំនាញ ដែលមានការពាក់ព័ន្ធ ក៏បានធ្វើការស្រាយបំភ្លឺ នូវរាល់បញ្ហា ដែលគណៈប្រតិភូបានលើកឡើងអំពីប្រសិទ្ធិភាពនៃការប្រតិបត្តិច្បាប់របស់រាជរដ្ឋាភិបាលរបស់មន្ទីរ អង្គភាពនីមួយៗក្នុងរយៈពេលកន្លងមកផងដែរ ៕