ខេត្តតាកែវៈ បុរសម្នាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមកាលពីថ្ងៃទី៣កន្លងទៅ ដោយសារជនមិនស្គាល់ អត្តសញ្ញាណបានបាញ់ចំក្បាលបណ្តាលឲ្យធ្លាយពីម្ខាងទៅម្ខាង នៅចំណុចវាលស្រែមួយស្ថិតក្នុងភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ ជាប់ព្រំប្រទាល់និងភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ០៦ : ០០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ។
លោកវរសេនីយ៍ត្រី ឃុត ឡូ អធិការរងទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មិន សយ ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់
បាត់បង់ជីវិតដោយសារមានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពប្រដាប់ដោយអាវុធខ្លីម៉ាក K54 (រកឃើញសំបកឡតគ្រាប់ K54នៅកន្លែងកើតហេតុ) បាញ់មួយគ្រាប់ចំត្រង់សៀតថ្កាខាងស្តាំធ្លាយទៅគុម្ពត្រចៀកខាងឆ្វេង រួចជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៩ ពាក់ស្លាកលេខភ្នំពេញ 1BP-5635 ជិះទៅបាត់។
លោកបានបន្តទៀតថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរង គ្រោះបានស្លាប់បាត់បង់ជីវិត កាលពីវេលាល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ លុះព្រឹក ឡើងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ទើបមានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន ។ ចំណែកឯសាកសពជនរងគ្រោះ ពេលនេះត្រូវបានសមត្ថកិច្ចទំនាក់ទំនងជាមួយក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីនៅឯស្រុក
កំណើតហើយ ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះជាករណីលួចមានស្ថានទម្ងន់ ដោយប្រើប្រាស់អាវុធ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការ ស្រាវជ្រាវ និងស៊ើបអង្កេតជុំវិញករណីខាងលើនេះដើម្បីឈានទៅវែកមុខជនល្មើសយកមកដាក់ទោសតាមផ្លូវច្បាប់ ៕



































