ខេត្តសៀមរាប៖ កូនត្រីរ៉ស់១រថយន្តហាយឡែនឌឺស្មើនិង១០ម៉ឺនក្បាលត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសហការជាមួយស្នាក់ការសន្តិសុខB ៨ ចុងឃ្នៀសបង្ក្រាបបញ្ជូនអោយជំនាញជលផលសៀមរាប។ប្រត្តិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយកម្លាំងក្រោមឱវាទ ចុះល្បាតតាមដងផ្លូវ ក្នុងសង្កាត់ចុងឃ្នៀស ក៏មានការសង្ស័យលើរថយន្តម៉ាក ហាយឡែនឌឺពណ៌ទឹកប្រាក់មួយគ្រឿងក៏បានឃាត់ឆែកឆេរ ឃើញកូនត្រីរ៉ស់ពេញ១ឡាន ទើបកម្លាំងរបស់ស្នាក់
ការB៨ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់និងវត្ថុតាងបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ។
ហេតុការចុះប្រត្តិបត្តិការឃាត់រថយន្តដឹកកូនត្រីរ៉ស់នោះធ្វើឡើងនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៥ខែសីហាឆ្នាំ២០១៥ នៅចំនុចមុខស្នាក់ការសន្តិសុខB ៨ចុងឃ្នៀស ក្នុងភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខណៈជនសង្ស័យបំរ៉ុងដឹកឆ្លង
លោក ឧត្តមសេនីយត្រី ប៉ោ វណ្ណនិត មេបញ្ជាករកងរាជអាវុធហត្ថខេត្ត បានប្រាប់ ថា ក្នុងប្រត្តិបត្តិការចុះល្បាតតាមគោលដៅនិមួយៗ នៅក្នុងក្រុងសៀមរាប ក៏ដូចជាតាមស្នាក់ការសន្តិសុខ មួយចំនួននៅតាមបណ្តាស្រុកនៃខេត្តសៀមរាបដើម្បីភូមិឃុំសុវត្ថភាព។ ជាក់ស្តែង កាលពីយប់អាធ្រាត្រថ្ងៃទី០៥ខែសីហា ឆ្នាំ២០១៥ កម្លាំងស្នាក់ការសន្តិសុខអាវុធហត្ថបេ៨ចុងឃ្នៀស ដោយមានការសង្ស័យឃើញរថយន្តម៉ាក ហាយឡែនឌឺពណ៌ទឹកប្រាក់មួយគ្រឿងខុសប្លែក ក៏ហៅឈប់ ដើម្បីត្រួតពិនិត្យ ឆែកឆេរ ក៏ឃើញកូនត្រីរ៉ស់ជាច្រើននៅក្នុងរថយន្ត ក៏សួររកច្បាប់ តែអ្នកបើកបរប្រាប់ថា ដឹកឱ្យគេគ្មានច្បាប់ទេ។លោកបន្តថា ក្រោយពីកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យនិងឆែកឆេររួចមកថា គ្មានច្បាប់ (បទល្មើសដឹកជញ្ជូនកូនត្រីរ៉ស់ដែលច្បាប់ហាមឃាត់ដាក់តាមរថយន្តម៉ាកហាយឡែនឌឺពណ៌ទឹកប្រាក់មួយគ្រឿងចេញមកពីតំបន់ខេត្តតាកែវ ឆ្លងកាត់ចូលមកលក់ក្នុងភូមិសាស្ត្រតំបន់ចុងឃ្នៀស ក្នុងក្រុងសៀមរាប រួចបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំតែម្តង។លោកបន្ថែមថា ជនសង្ស័យទាំង២នាក់មាន ទី១/ឈ្មោះ រស់ គឹមស្រ៊ុន ភេទប្រុសអាយុ៣២ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅបច្ចុប្បន្នភូមិកំពង់ ឃុំព្រះបាតជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ និងទី២/ ឈ្នោះ អង់ ចំរើន ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរធ្វើស្រែ ទីលំ
នៅបច្ចុប្បន្ន ភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។លោកបញ្ជាក់ទៀតថា ក្រោយពីធ្វើការសួរនាំរួចជនសង្ស័យបានសារភាពនៅចំពោះមុខកម្លាំងជំនាញថា ពួកខ្លួនពិតជាបានដឹកកូនត្រីរ៉ស់ចេញពីតំបន់ខេត្តតាកែវយកមកលក់ឱ្យម៉ូយនៅតំបន់ចុងឃ្នៀសនៃខេត្តសៀមរាបតាមរថយន្តពិតប្រាកដមែន។បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការដកហូត បានវត្ថុតាងកូនត្រីរ៉ស់ចំនួន១០ម៉ឺនក្បាល,និងរថយន្តម៉ាកហាយឡែនឌឺពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២.K.៣៣៣៨មួយគ្រឿងឆ្នាំ២០០៣ប្រគល់ទៅឱ្យលោក ពោត វ៉ាន់ដេត អនុប្រធានផ្នែកវិវាទខណ្ឌរដ្ឋបាលជលផលសៀមរាបនិងជានាយរងផ្នែករដ្ឋបាលជលផលចុងឃ្នៀស នៅព្រឹកថ្ងៃទី០៥ខែសីហាឆ្នាំ២០១៥ដើម្បីយកទៅធ្វើការផាកពិន័យអន្តរកាលតាមច្បាប់បទល្មើសជលផល(១ក្បាលx២០០រៀល) ២ដងនៃតម្លៃទីផ្សារ។ចំណែកកូនត្រីរ៉ស់ យកទៅប្រលែងនៅបឹងទន្លេសាប ឬតាមទឹកស្ទឹង។រីឯម្ចាស់និងរថយន្តត្រូវបានមន្ត្រីជលផលធ្វើកំណត់ហេតុកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនបន្តហើយបានអោយ ត្រឡប់ទៅវិញ ប្រសិនបើម្ចាស់រឹងទទឹង មិនព្រមអោយផាកពិន័យ ខាងមន្ត្រីជំនាញនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ ខេង ឧត្តម