ខេត្តឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៧និង២០នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ត្រី ងួន ទ្ធីរិទ្ធ ជាមេបញ្ជាការ បានចុះជួលជុលស្ពានឈើ និងធ្វើថ្មីឡើងវិញ។ សំរាប់សម្រួលដល់ ប្រជាពលរដ្ឋនៅចំណុចភូមិឈើទាលជ្រុំ និងភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ស្ពានឈើនេះ មានសារសំខាន់សំរាប់តភ្ជាប់រវាងភូមិពីរ គឺភូមិឈើទាលជ្រុំ និងភូមិថ្លាត ដែលមានប្រវែង ១២ម៉ែត្រ x៤ម៉ែត្រ ធ្វើអំពីឈើ សព្វថ្ងៃកំពុងរងការខូចខាត យ៉ាងខ្លាំង ជាច្រើនឆ្នាំមកហើយ។ ដែលប្រជាពលរដ្ឋបានរអ៊ូរទាំ ជារាល់ថ្ងៃ ដោយមិនអាចធ្វើដំណើរឆ្លងកាត់បាន តាមកង់ ឬ គោយន្ត និងដឹកផលដំណាំ របស់ប្រជាពលរដ្ឋ ឆ្លងកាត់ ដោយពួកគាត់ត្រូវរងចាំរដូវភ្លៀងរាំង។ ជាពិសេសក្មេងៗតូច ក៏ត្រូវខកខានរៀនសូត្រ ដោយសារតែមិនធ្វើដំណើរ ផ្លូវរៀងឆ្ងាយពីសាលារៀន។
លោកវរសេនីយ៍ត្រី ងួន ទ្ធីរិទ្ធ បានលើកឡើងថា តាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ត្រី ពុធ សារ៉ាន់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដោយឆ្លើយតបតាមការស្នើរសុំរបស់ អាជ្ញាធរ ភូមិ និងលោកមេឃុំថ្លាត ដែលខ្វះខាតថវិកា ជួលជុលស្ពាន ដែលតភ្ជាប់រវាងភូមិឈើទាលជ្រុំ និងភូមិថ្លាត បានស្នើរទៅអាជ្ញាធរ ឱ្យជួយធ្វើស្ពានឡើងវិញ។
ដូច្នេះហើយទើបលោកឱ្យកម្លាំងចុះរុះរើឈើចាស់ចេញ និងធ្វើថ្មីឡើងវិញ ដើម្បីឱ្យទាន់រដូវភ្លៀងធ្លាក់ ដែលទឹកជនលិចខ្លាំង ពិបាកធ្វើដំណើរ។ ហើយមិនតែអាកាសភ្លៀង ឬ ក៏ក្តៅនោះទេ កម្លាំងអាវុធហត្ថ នឹងព្យាយាមសាងសងស្ពានថ្មីឱ្យរួចរាល់ មុននឹងទឹកភ្លៀងធ្លាក់ជនលិច។ ហើយស្ពាននៅចំណុខូចខាត ខាងលើនេះ មានសារសំខាន់ សំរាប់កុមារតូចៗដើរឆ្លងទៅសាលារៀន និងកន្លងមក ស្ត្រីមានផ្ទៃពោះ ពិបាកធ្វើដំណើរទៅមន្ទីរពេទ្យម្តងៗ ដូច្នេះហើយទើបលោកដឹកនាំកម្លាំងកងរាជអាវុធហត្ថទូទាំងស្រុកសហការជាមួយអាជ្ញាធរភូមិ-ឃុំ រួមជាមួយកម្លាំងប្រជាពលរដ្ឋ ចុះទិញឈើ ទិញក្តា និងទិញសំភារៈផ្សេងៗដើម្បីធ្វើស្ពានជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវស្ពានកំពុងសាងសង់ បានថ្លែងអំណគុណចំពោះកងកម្លាំងអាវុធហត្ថស្រុក និងអាជ្ញាធរឃុំ ដែលជួយធ្វើស្ពានថ្មី ដល់ពួកគាត់ធ្វើដំណើរបានស្រួល ដោយមិនចាំបាច់ ចំពេវេលាធ្វើដំណើរផ្លូវរៀង ឆ្លងពីបីភូមិដូចមុននោះឡើយ។ ហើយពួកគាត់គ្រាន់តែ ធ្វើដំណើរចេញពីភូមិ ឆ្លងកាត់តែស្ពានមួយ នឹងដល់ផ្សារ និងសាលារៀននៅក្បែរភូមិទាំង ២។ ជាពិសេសការប្រមូលផលរបស់ពួកគាត់ គឺមិនចាំបាច់ រងចាំទឹកស្រកអស់ពីអូរទើបដឹកជញ្ជូន។



































