ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទកម្មវិធី សវនកម្មផ្ទៃក្នុងដែលកិច្ចប្រជុំស្ថិតក្រោមវត្តមាន ឯកឧត្តមឧត្តមសេនីយ៍ទោ លឹម ឡុង អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ធីម សុផា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង, លោកឧត្តមសេនីយ៍ត្រី ម៉ៅ ម៉ុន អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
កិច្ចប្រជុំក៏បានស្តាប់របាយការណ៍ស្តីពីកិច្ចដំណើការរបស់ក្រុមការងារសនកម្មរបស់នាយកដ្ឋានសនកម្មក្រសួងមហាផ្ទៃដើម្បីត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ស្នងការនគរបាលខេត្តប៉ៃលិន និងស្តាប់ការបកស្រាយពីបណ្តាការិយាល័យជំនាញនានាដែលជួបបញ្ហាប្រឈមក្នុងការអនុវត្តការងារកន្លងមក។
លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានលើកឡើងថាៈក្នុងឆ្នាំ២០១៤កន្លងទៅនេះស្នងការនគរបាលខេត្តបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចគ្រប់គ្រងកម្លាំងគ្រប់ជំនាញទាំងអស់ក៏ដូចជាសំភារៈសំរាប់បម្រើការងារដំណើការបានល្អ បើទោះបីខ្វះខាតកម្លាំងនិងថវិកាមិនគ្រប់គ្រាន់យ៉ាងណាក្តី។លោកបន្តថា កន្លងមកមន្ត្រីជំនាញ ក៏ដូចជាស្នងការរងទទួលបន្ទុកនៅតាមការិយាល័យជំនាញទាំងអស់ខ្វះភាពទទួលខុសត្រូវលើការងារធ្វើអោយមានចំណុចខ្វះខាតនៅកើតមានជាបន្តបន្ទាប់ដែលបញ្ហានេះសូមអោយ
គ្រប់ការិយាល័យជំនាញចំណុះស្នងការនគរបាលទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីអនុវត្តការងារការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ។
លោកឧត្តមសេនីយ៍ទោ លឹម ឡុង អនុប្រធាននាយកដ្ឋានសវនកម្មក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាៈឆ្លងតាមការធ្វើសនកម្មនៅស្នងការនគរបាលខេត្តប៉ៃលិន នាយកដ្ឋានសវនកម្មក្រសួងមហាផ្ទៃបានត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង បុគ្គលិក ប្រតិបត្តិការហិរញ្ញវត្ថុ ចំណូលចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាដើម។ជាលទ្ធផលការគ្រប់គ្រង
បុគ្គលិកការចុះហត្ថលេខាមិនបានទៀងទាត់ ការចាយថវិការដ្ឋមិនមានបញ្ជីស្នាមត្រឹមត្រូវតាមច្បាប់ហិរញ្ញវត្ថុជាដើម។លោកបន្តថាៈមន្ត្រីនគរទាំងអស់ហាមដាច់ខាតមិនអោយបំរើការងារក្រៅក្របខ័ណ្ឌរបស់ខ្លួនទេព្រោះថាបើមន្ត្រីណាធ្វើការងារក្រៅអង្គភាពនាំឲ្យខ្វះកម្លាំងធ្វើការងារក្នុងអង្គភាព ក៏ដូចជាខ្វាតបង់ថវិការដ្ឋ បើមានមន្ត្រីណាធ្វើការងារក្រៅអង្គភាពត្រូវស្នើទៅនាយកដ្ឋានបុគ្គលិកកាត់ក្របខ័ណ្ឌចេញភ្លាម។លោកបន្តថាៈរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ជំរុញឲ្យមានការកែទំរង់ស៊ីជំរៅលើគ្រប់ផ្នែក ដោយបង្កើនប្រាក់បៀវត្សជូនមន្ត្រីរាជការជាបន្តបន្ទាប់ដើម្បីធ្វើការងារកាន់តែមានប្រសិទ្ធភាព។ទន្ទឹមនេះមន្ត្រីនគរបាលចរាចរណ៍ត្រូវផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ ហើយត្រូវផាកវិន័យដល់អ្នកខុសច្បាប់ចរាចរណ៍ទៅតាមច្បាប់កំណត់ មិនត្រូវផាកវិន័យក្នុងម្នាក់ច្រើនដងក្នុង១ថ្ងៃនោះទេ ជាពិសេសមន្ត្រីផ្តល់អត្តសញ្ញាណប័ណ្ណត្រូវគោរពវិន័យឲ្យបានម៉ឺងម៉ាត់មិនត្រូវយកលុយលើសពីការកំណត់របស់ក្រសួងមហាផ្ទៃជាដាច់ខាត។



































