ខេត្តកំពង់ឆ្នាំង៖ ដោយពិនិត្យឃើញការលំបាកខ្វះខាតរបស់ព្រះសង្ឃគង់ក្នុងវត្តសិរិសុវណ្ណ ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ តាមសំណូមពររបស់ពុទ្ធបរិស័ទចំណុះជើងវត្ត និងព្រះគ្រូចៅអធិការ
អ្នកយកព័ត៌មានយើងបានចុះទៅថតផ្តិតយករូបភាពដោយផ្ទាល់នៅក្នុងវត្តអំពីការខ្វះខាតរបស់ព្រះសង្ឃ។ ព្រះគ្រូចៅអធិការ ព្រះនាម ឈឿន ច័ន្ទលន់ បានមានសង្ឃដីកាអោយដឹងថា៖វត្តសិរិសុវណ្ណ ហៅវត្តថ្មី បច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន១២អង្គ ពុំមានកុដិសឹងទេ សព្វថ្ងៃព្រះសង្ឃគង់ក្នុងសាលារៀន១ខ្នងរបស់វត្ត និងក្នុងកុដិស័ង្កសី១ខ្នង។រយះពេលជាង៤ខែកន្លងមកនេះ ព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការវត្ត បាននាំគ្នាកសាងកុដិថ្ម១ជាន់១កន្លែង មានទំហំ៩ម គុណនិង ១២ម កសាងបានប្រមាណ២៥ភាគរយហើយ ប៉ុន្តែនៅជំពាក់ប្រាក់ថ្លៃសំភារៈនិងថ្លៃជាង ចំនួន៦ពាន់ដុល្លាទៀត។
នៅក្នុងវត្តមានអណ្តូងលូ១កន្លែង និងអណ្តូងស្នប់១ក្លែង ប៉ុន្តែអណ្តូងទាំង២នេះរីងស្ងួត គ្មានទឹកប្រើប្រាស់ទេ ដោយសព្វថ្ងៃត្រូវទិញទឹកគេប្រើ ដែលក្នុង១គីបមានតម្លៃ២ម៉ឺនរៀល។ដោយឡែកក្នុងរដូវបុណ្យកឋិនទានខាងមុខនេះ ក៏មិនទាន់មានពុទ្ធបរិស័ទណាដង្ហែចូលវត្តនៅឡើយ។លោក ជុំ សុខា ជាពុទ្ធបរិស័ទនៅបំរើព្រះសង្ឃក្នុងវត្តបាននិយាយអោយដឹងដែរថា៖មូលហេតុដែលវត្តពុំសូវមានការរីកចំរើននោះមកពី នៅក្នុងភូមិអូតានេស មានប្រជាពលរដ្ឋខ្មែរតិតតួចប្រមាណតែ
៣៥%ប៉ុណ្ណោះ ចំណែក៦៥%ទៀតគឺជាខ្មែរឥស្លាម រីឯមេភូមិក៏ជាខ្មែរស្លាមផងដែរ ដូច្នេះអ្នកចូលរួមកសាងវត្តនៅក្នុងមូលដ្ឋានមិនសូវមានច្រើននោះឡើយ។
ទន្ទឹមនឹងការខ្វះខាតខាងលើ ព្រះសង្ឃក្នុងវត្តក៏អាត់ខាត់ចង្ហាន់ប្រចាំថ្ងៃផងដែរ ជាក់ស្តែងនៅពេលថ្ងៃត្រង់ទី០៦ ខែសីហានេះ អ្នកយកព័ត៌មានយើងបានឃើញព្រះសង្ឃក្នុងវត្តទាំងអស់ឆាន់បាយមានសម្លប្រហើរននោងជាមួយកូនត្រីតូចៗ តែមួយមុខគត់ ពេលឃើញពិតជាអាណិតព្រះសង្ឃខ្លាំងណាស់។
តាមរយះអ្នកយកព័ត៌មានយើង ព្រះគ្រូចៅអធិការវត្ត គណៈកម្មការវត្ត ក៏ដូចជាពុទ្ធបរិស័ទ សូមគោរពស្នើសុំលោកអគ្គនាយកកាសែតកម្ពុជាថ្មី មេត្តាជួយផ្សព្វផ្សាយសំណើរសុំបិណ្ឌបាត ខាងលើនេះប្រគេនព្រះសង្ឃដោយក្តីអនុគ្រោះផង និងស្នើសុំឯកឧត្តមលោកជំទាវ លោក លោកស្រី ជាពុទ្ធបរិ ស័ទ និងជាសប្បុរសជន មេត្តាជួយចូលរួមបច្ច័យកសាងកុដិ និងអណ្តូងទឹកដោយសេចក្តីជ្រះថ្លា តាមកម្លាំងសទ្ធានិងយកផល្លានិសង្ឃដោយសេចក្តីគោរព និងតាមការគួរផងចុះ៕



































