ខេត្តសៀមរាប៖បន្ទាប់ពីដេកយាមពេញមួយយប់ សមត្ថកិច្ចចម្រុះមានប៉ូលិសសេដ្ឋកិច្ច មេព្រៃ បានសម្រេចរឹបអូសឈើប្រណិតប្រមាណជាង២០ដុំពីពលរដ្ឋម្នាក់ តាមបញ្ជាលោកជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ ករណីនេះម្ចាស់ឈើអះអាងថាការរឹបអូសឈើខាងលើ គឺផ្តើមចេញពីទំនាស់បុគ្គលជាមួយខ្សែប៉ូលីស។
ហេតុការណ៏រឹបអូសឈើខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០១៥ នៅក្នុងផ្ទះពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ម្ចាស់ផ្ទះនិងម្ចាស់ឈើខាងលើ មានឈ្មោះយ៉ុង សុខះ ប្រុសអាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល កន្លែងកើតហេតុខាងលើ។
លោកយឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគង បានឲ្យដឹងថា ការរឹបអូសឈើខាងលើនេះ ធ្វើឡើងតាមបញ្ជាតំណាងអយ្យការអមសាលាដំបូងខេត្ត។ លោកបន្តថា ឈើដែលរឹបអូស ជាប្រភេទផ្ចឹក មានចំនួន២៨ដុំ ស្មើ១,៣៦៥ម៉ែត្រគូប បានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីឲ្យម្ចាស់ចូលទៅបង់ពិន័យ តាមច្បាប់ព្រៃឈើ។
ក្នុងពេលសមត្ថកិច្ចរឹបអូសឈើ ម្ចាស់ផ្ទះឈ្មោះយ៉ុង សុខះ បានរៀបរាប់ថា រូបគាត់ពុំមែនអ្នកជំនួញឈើនោះទេ ហើយក៏ពុំមែនម្ចាស់អាជីវកម្មសិប្បកម្មឈើអីនោះដែរ។ តាមពិតរឿងសមត្ថកិច្ចមករឹបអូសឈើរបស់គាត់គឺផ្តើមចេញពីរឿងទំនាស់ ដែលរូបគាត់ឈ្លោះជាមួយមនុស្សខ្សែប៉ូលិស។ កាលពីប៉ុន្មានថ្ងៃមុន ឈ្មោះ ចយ ជាកូនជាងរបស់គាត់បានឈប់ពីការងារ ហើយចូលផ្ទះគាត់យកសម្ភារៈ ដោយមិនមានម្ចាស់នៅ ទើបរូបគាត់ហៅឲ្យឈប់ដោះស្រាយគ្នា ពីរឿងលុយកាក់ដែលជាប់ពាក់ពន្ធ័គ្នា។ តែត្រូវឈ្មោះ ចយ អតីតជាងបានប្តឹងដោយចោទប្រកាន់ថារូបគាត់វាយដំលើរូបគេ ហើយប្តឹងទៅប៉ូលិសសេដ្ឋកិច្ចឲ្យមកឡោមពទ្ធ័ផ្ទះ ដោយអះអាងថា មានស្តុកឈើច្រើនម៉ែត្រគូប។ ប្រភព បន្តថា ក្នុងពេលប៉ូលិសនិងមេព្រៃមកឆែកផ្ទះ ឃើញឈើតិចតួចពេក ខាងមេព្រៃបានត្រឡប់ទៅវិញ ដោយយល់ថា ពុំមែនជាអ្នកជំនួញ ម្យ៉ាងវាតិចតួចពេកផង។ ប៉ុន្តែខាងប៉ូលិសមិនព្រម រហូតដេកយាមផ្ទះរបស់គាត់មួយយប់ លុះព្រឹកឡើង ក៏បានរឹបអូសឈើរបស់គាត់តែម្តង។
សុខៈ បានបន្តថា ប្រសិនបើរូបគាត់ជាអ្នកជំនួញឈើ ហើយសមត្ថកិច្ចចុះបង្ក្រាបដោយរឹបអូសបែបនេះ គាត់មិនថាអីដែរ តែនេះជាឈើគាត់ទិញសន្សំម្តង១ដុំ រយៈពេល៦ឆ្នាំមកហើយទើបបានឈើជាង២០ដុំ។ ចឹងទេគ្រប់យ៉ាងបង្ហាញថា ទង្វើនេះគឺផ្តើមចេញពីការទំនាស់ ដែលរូបគាត់បានឈ្លោះប៉ះចំក្មួយប៉ូលិសសក្ត័ធំម្នាក់។
អ្នកឃើញហេតុការណ៏ និយាយថា បើសមត្ថកិច្ចចាប់ឈើត្រឹមមួយផ្ទះ១ម៉ែត្រគូប ចឹងនៅតាមបណ្តាលក់សិប្បកម្មឈើក្នុងខេត្តសៀមរាបរាប់រយកន្លែង សមត្ថកិច្ចអាចចុះចាប់ពេញមួយឆ្នាំ(៣៦៥ថ្ងៃ)ជាប់គ្នាក៏នៅមិនទាន់អស់ផង។
ជុំវិញការអះអាងថា ការចាប់ឈើគឺផ្តើមចេញពីជម្លោះចំខ្សែប៉ូលិស របស់ម្ចាស់ផ្ទះ លោកវរសេនីយ៏ទោសឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានបកស្រាយតាមទូរសព្ទ័ ពីប្រទេសថៃថា ការដេកយាមឈើរបស់សមត្ថកិច្ចលោក គឺធ្វើតាមបញ្ជារបស់តំណាងអយ្យការ។ ម្យ៉ាងទៀត ក្រោយពេលឆែកឃើញឈើ គឺវាផុតម៉ោងរដ្ឋបាល ចឹងហើយទើបនៅព្រឹកថ្ងៃបន្ទាប់ សម្រេចអនុវត្តតាមច្បាប់។ លោកបន្តថាតាមពិតរឿងនឹងវាផ្តើមចេញពីរឿងជម្លោះ ក្រោយមានរឿងជម្លោះភាគីម្ខាងប្តឹងទៅប៉ុស្តិ៏ រឿងហឹង្សា ហើយប្តឹងថាមានស្តុកឈើខុសច្បាប់ ទើបមានការឆែកឆេរ៕ដោយ ខេង ឧត្តម