​នគរបាល​ស្រុក​កណ្តាលស្ទឹង​ចុះ​ពិនិត្យ​សាកសព​បុរស​ម្នាក់​នៅ​ឃុំ​ទ្រា​

0

​ខេត្តកណ្តាល​៖ សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ស្រុក​កណ្តាលស្ទឹង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទ្រា និង​គ្រូពេទ្យ​ជំនាញ​នៃ​មណ្ឌល​សុខភាព​ឃុំ​ទ្រា ចុះទៅ​ត្រួតពិនិត្យ​សាកសព​បុរស​ម្នាក់​ដែល​បាន​ដេកស្លាប់​នៅ​ចំណុចកណ្តាល​វាលស្រែ​ប្រាំង​ស្ថិតក្នុង​ភូមិ​រោង​គោ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​ ​

មន្ត្រីនគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស្រ៊ុន សុខុម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​មុខរ​បរជាកសិករ មាន​ប្រពន្ធ​និង​កូន បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​រោង​គោ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ត្រូវបាន​ស្ត្រី​ជា​ប្រពន្ធ និង​កូន​ប្រទះឃើញ​ស្លាប់​នៅ​កណ្តាលវាល​ស្រែប្រាំង កាលពី​វេលា​ម៉ោង​១៦ និង​៣០​នាទី ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៤ ។​ ​

សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស និង វិទ្យាសាស្ត្រ​ស្រុក​កណ្តាលស្ទឹង និង​គ្រូពេទ្យ​ជំនាញ​នៃ​មណ្ឌល​សុខភាព​ឃុំ​ទ្រា​បាន​បញ្ជាក់ថា នៅលើ​ខ្លួនប្រាណ​សាកសព​ពុំមាន​ស្លាកស្នាម​របួស​អ្វី ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់​នោះទេ គឺ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ ។​ ​

មន្ត្រីនគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​បន្តថា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៤ ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ចូលរួម​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ រហូត​ថ្ងៃរសៀល​ដោយ​ពុំបាន​ហូបបាយ​ចូល​ពោះ​នោះទេ រហូត​ស្រវឹង​ជោកជាំ ។ ក្រោយមក​ជនរងគ្រោះ​ក៍បាន​ដើរ​តែម្នាក់ឯង​ទាំង​សភាព​ផ្លូវ​មួយ​ដើរ​តែឯង​ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ ខណៈ​ដើរ​ដល់​ចំណុចកើតហេតុ​ខាងលើ ជនរងគ្រោះ​ក៍​បានកើត​ខ្យល់គ​ស្លាប់​ដោយ​ពុំមាន​ន​ណា​ម្នាក់​បានដឹង​នោះទេ រហូតដល់​វេលា​ម៉ោង​១៦ និង​៣០​នាទី​ថ្ងៃ​ដដែល​ទើប​ស្ត្រី​ជា​ប្រពន្ធ និង​កូនៗ​ដើរ​តាម​រកឃើញ​ដេកស្លាប់​បាត់ទៅហើយ ។​

​ ​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​New Picture