ខេត្តបន្ទាយមានជ័យ៖ ជនអនាថាម្នាក់ផឹកស្រាឡើងស្រវឹងជោកដើរធ្លាក់ប្រឡាយ
ជម្រៅ៤ម៉ែត្រលង់ទឹកស្លាប់យ៉ាងអាណោចអាធម៍កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅជិតកសិដ្ឋានគាំពារកុមារកំព្រាភូមិរំដួល ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។លោកអធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស្នា ហៅធឿន គ្មានទីលំនៅច្បាស់លាស់ គ្មានសាច់ញាត្តិរាល់ថ្ងៃគេឃើញដើរដេកតាមចិញ្ចើមថ្នល់ និងដើរសុំទានគេតែប៉ុណ្ណោះ។លោកអធិការបានឲ្យដឹងបន្តថាក្រោយពីមានការឆោឡោភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋៗក៏បានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឲ្យមកពិនិត្យ និងធ្វើកោសល្យវិច័យរកឃើញថា ជនរងគ្រោះមិនមានស្លាកស្នាមអ្វីពាក់ពន្ធ នឹងករណីឃាតកម្មនោះឡើយទើបសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារស្រវឹងដើរធ្លាក់ចូលប្រឡាយទឹកចិញ្ចឹមត្រីដែលមានជម្រៅ៤ម៉ែត្រលង់ស្លាប់តែម្តង។សពជនរងគ្រោះត្រូវបានប្រគល់ឲ្យម្ចាស់កសិដ្ឋានរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕