ភ្នំពេញ ៖ យ៉ាងហោចណាស់នារី០២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដែលបង្កឡើងដោយរថយន្តកុងតឺន័របុកនិងកាន់ម៉ូតូម៉ូតូ កាលពីវេលាម៉ោង ១២និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃ ទី ២៥ មេសា ២០១៤ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនះតេលា តាមផ្លូវជាតិលេខ៤កែងនិងផ្លូវទំនប់កប់ស្រូវ ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារី០៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកអាយខុន ពណ៌ទឹកសលាយទឹកក្រូច ជិះគ្នា០៣នាក់ តាមផ្លូវជាតិលេខ ៤ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រ ពណ៌ក្រហមបើកតាមផ្លូវជាតិលេខ៤ ទិសដៅស្របគ្នាហើយរថយន្តកុងតឺន័រ បត់ឆ្លងទៅផ្លូវទំនប់កប់ស្រូវ ក៏បុកនិងកិនម៉ូតូជនរងគ្រោះ បណ្តាលឱ្យនារី០២នាក់ស្លាប់នៅនិងកន្លែង និងនារីម្នាក់ទៀតរងរបួសធ្ងន់ ។
នៅកន្លែងកើតហេតុសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ ក្រោយពេលកើតហេតុ រថយន្តកុងតឺន័របើកគេចបាត់ដោយសុវត្តិភាព ចំណែកឯជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពនារីរងគ្រោះទាំង០២នាក់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីទាក់ទងទៅក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕