សៀមរាប ៖ សេចក្តីរាយការណ៍ច្បាស់ការបានទម្លាយឲ្យដឹងថា ល្បែងភ្នាល់ស៊ីសងប្រភេទហ្គេមត្រីត្រូវបានគេនិយមលែងយ៉ាងរលូន និងដោយចំហ ជាច្រើនខែឆ្នាំមកហើយ ក្រោមការមើលថែរក្សារបស់សមត្ថកិច្ចមួយចំនួន ទើបគ្មានសមត្ថកិច្ចណាមួយហ៊ានអើពើសោះឡើយ បើទោះបីកន្លែងនោះ លោកអភិបាលខេត្តបានបញ្ជាឲ្យបិទ តែការនោះធ្វើបានតែមួយដង្ហើមចង្រិតប៉ុណ្ណោះ។សេចក្ដីរាយការណ៍ដដែលបន្តថា ទីតាំងហ្គេមត្រីនោះ ស្ថិតនៅផ្លូវចូលទៅអតីតបាក់ខែង ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងមួយកន្លែងទៀតក្នុងក្លិបស្នូកឃឺ ប៊ី អេស ស៊ី ក្បែរទីតាំងខាងលើ។ជាងនេះទៅទៀតក៏មានកន្លែងហ្គេមប្រភេទនេះកំពុងកើតមានដូចកណ្ដៀរនៅក្នុងក្រុងទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាបអង្គរនេះ ដោយគ្មានឃើញសមត្ថកិច្ចខាងណាបង្ក្រាបបានឡើយ សូម្បីតែលោកចៅហ្វាយខេត្តក៏មិនអាចទប់ទល់ជាមួយបនល្បែងទាំងនោះបានឡើយ ដោយឃើញតែបើកលេងជាធម្មតា។ លោកនាយប៉ុស្តិ៏នគរបាលសង្កាត់ស្វាយដង្គំបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា នេះថាអោយតែដឹងថាមានលួចលេងយើងនិងសហការជាមួយព្រហ្មទណ្ឌ័កម្រិតស្រាលធ្វើការចុះបង្ក្រាបតែម្តង។ជុំវិញករណីខាងលើនេះដែរគេនៅទន្ទឹងរង់ចាំមើលថាតើលោកស្នងការនគរបាលខេត្ត និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាពិសេសលោក អភិបាលខេត្តអាចចុះបង្ក្រាបទីតាំងខាងលើនេះបានដែរឬយ៉ាងណា?លេងល្បែងហ្គេមត្រីទាំងនោះគឺជាដើមចមធ្វើឲ្យមានអំពើចោរកម្ម លួចឆក់ប្លន់ គ្រប់ប្រភេទកើតមានជាហែហូរក្នុងក្រុងសៀមរាប ជាងនោះទៅទៀតក៏ល្បីថាជា កន្លែងប្រព្រឹត្តគ្រឿងញៀនដ៏សកម្មផងដែរ។
គួរបញ្ជាក់ផងដែរល្បែងហ្គាមបាញ់ត្រីនៅតាមបណ្តាលខេត្តមួយចំនួនជាពិសេសនៅទីក្រុងភ្នំពេញត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងវាយកម្ទេចចោល តែដោយឡែកនៅខេត្តសៀមរានជាទីក្រុងទេសចរណ៍នោះមិនត្រូវបានសមត្ថកិច្ចគ្មានវិធានការបង្ក្រាប៕ ដោយ វេ ហា