ភ្នំពេញ ៖ ម៉ូតូកូនទាមួយគ្រឿងដែលជនមិនស្គាល់មុខយកមកផ្ញើទុកចោលនៅក្នុងបរិវេណសណ្ឋាគារហូលីដេយូរថ្ងៃមិនឃើញម្ចាស់មកយកវិញសន្តិសុខរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះមកយករក្សាទុកស្រាប់តែបើកកែបឆែកមើលក្នុងឃ្លុបម៉ូតូឃើញមានគ្រឿងញៀនជាច្រើនប្រភេទដែលជនជួញដូរលាក់ទុកដើម្បីចែកចាយបន្តទៀតនោះ។
នគរបាលខណ្ឌដូនពេញបានអោយដឹងថា នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៤ដោយបានការអនុញ្ញាតពីលោកជេត ខេមរា ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញទើបកម្លាំងចំរុះមានលោកហង្ស សារឿន ក្រឡាបញ្ជីអមសាលាដំបូងរាជធានីភ្នំពេញនិងលោកវីរៈសេនីយ៍ត្រីញ៉ែម សៅណុលអធិការរងខណ្ឌដូនពេញនិងលោកកាន់ វណ្ណៈ
នាយប៉ុស្តិ៍ស្រះចកនិងកម្លាំងជំនាញផ្សេងទៀតបន្ទាប់ពីលោក ហេ សុផា ប្រធានសន្តិសុខក្លឹបហូលលីដេបានរាយការណ៍ថាមានម៉ូតូកូនទាម៉ាកTodayមួយគ្រឿងពណ៌ទឹកសមុទ្រលាយសគ្មានស្លាកលេខដែលជនមិនស្គាល់មុខបានយកមកផ្ញើទុកកាលពីយប់នៅបរិវេណក្លឹបដោយមានការសង្ស័យក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិនិត្យដោយបើក
កែបម៉ូតូនោះមើលក្នុងឃ្លុបឃើញមានគ្រឿងញៀន១កញ្ចប់ធំដូច្នេះហើយសមត្ថកិច្ចក៏ចុះមករង់ចាំក្រែងម្ចាស់ម៉ូតូនោះមកយកម៉ូតូវិញដើម្បីចាប់ឃាត់ខ្លួនរហូតដល់វេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២៣ខែមាសាឆ្នាំ២០១៤នៅតែមិនឃើញជនសង្ស័យមកយកម៉ូតូទៅវិញនោះគណៈកម្មការចំរុះក៏ចុះមកយកម៉ូតូនោះទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដូនពេញដើម្បីឆែកឆេរក្នុងឃ្លុបម៉ូតូកូនទានោះមើល។
នគរបាលបានបញ្ជាក់ទៀតថា បន្ទាប់ពីត្រួតពិនិត្យរួចរាល់ឃើញមានគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់តូចថ្នាំគ្រាប់ពណ៌បៃតងចាស់ចំនួន៦០គ្រាប់ថ្នាំពណ៌ទឹកសមុទ្រចំនួន២០គ្រាប់ថ្នាំគ្រាប់ពណ៌បៃតងខ្ចីចំនួន០៦គ្រាប់ហើយបន្ទាប់ពីផ្នែកជំនាញបានធ្វើតេស្ដពិសោធន៍យ៉ាងច្បាស់ថាវត្ថុសង្ស័យទាំងនោះសុទ្ធតែជាគ្រឿងញៀនទាំងអស់តែម្តង។ បច្ចុប្បន្នវត្ថុតាងទាំងនោះត្រូវបានរក្សាទុកនៅអធិការនគរបាលខណ្ឌដូនពេញដើម្បីស្រាវជ្រាវបន្តទៀត៕