រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិកូរ៉េម្នាក់ជាតំណាងរោងចក្រកាត់ដេរGawon Apparel co,Ltd (រោងចក្រហ្គាវ័ន្ដ) ដែលមានទីតាំង ស្ថិតនៅក្នុងភូមិព្រែកសំរោងសង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២៥ ខែមេសា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ឋការចេញសែកអត់សាច់ប្រាក់ ជាង១ម៉ឺនដុល្លារ ទៅឲ្យដៃគូរកស៊ីជាមួយគ្នា ។
ស្ត្រីជាប់ចោទនេះឈ្មោះ ឆា ឃីយុងហ៊ី អាយុ៤៥ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជ អាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយ លោកវរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យព័ត៌មានទូទៅនៃស្នងការដ្ឋាន ព័ត៌មាននិងសន្ដិសុខកងរាជអាវុធហត្ថ លើផ្ទៃប្រទេសសហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ដកណ្ដាលនិងក្រុង តាខ្មៅ ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅចំណុចខាងមុខផ្ទះជួលស្នាក់នៅរបស់ស្ដ្រីជនជាតិកូរ៉េរូបនេះស្ថិតក្នុងភូមិថ្មីសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ខណៈកំពុងជិះក្នុងរថយន្ដម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G-7653 ត្រឡប់មកពីរោងចក្រវិញ ។
ការឃាត់ខ្លួនស្ត្រីជាប់ចោទខាងលើនេះ គឺធ្វើឡើងតាម ដីកាបង្គាប់ឲ្យនាំខ្លួនរបស់ លោក កោ វណ្ឌី អនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរក្នុង សំណុំរឿងនេះ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាននៅពេលដល់ឥណប្រតិទានដោយមានបំណងនិងដោយមាន ចេតនាធ្វើឱ្យខូចប្រយោជន៍អ្នកដទៃដែលបានប្រព្រឹត្ដកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ ។
ប្រភពពីមន្ត្រីតុលាការបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួននេះ គឺដោយសារស្ត្រីជាប់ចោទ បានជួលក្រុមហ៊ុន ដឹកជញ្ជូន យីហោ តេង ឡាយឲ្យដឹកសម្ភារៈរោងចក្រ ។ ប៉ុន្តែក្រោយការទូទាត់ប្រាក់ ស្ត្រីកូរ៉េ បានចេញសែកមួយសន្លឹកទៅឲ្យភាគី ក្រុមហ៊ុនតេង ឡាយ យកទៅបើកប្រាក់នៅធនាគា តែពេល តំណាង ក្រុមហ៊ុន តេង ឡាយ យកសែកទៅបើកប្រាក់ គឺពុំមានសាច់ប្រាក់ នោះទេ ។
ផ្តើមចេញពីបញ្ហានេះ ភាគីក្រុមហ៊ុន តេង ឡាយ ក៏បានដាក់ពាក្យបណ្តឹងចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តែម្តង ។ នៅដំណាក់កាលនេះ ដោយសារ ស្ត្រីជាប់ចោទមិនព្រមចូលបំភ្លឺតាមដីកាកោះរបស់ចៅក្រមសើុបចំនួន ២លើក ទើបចៅក្រមចេញដីកាបង្គាប់ឲ្យកម្លាំងសាធារណៈ ឃាត់ខ្លួនស្ត្រីជាប់ចោទតែម្តង ៕