ខេត្តសៀមរាប៖ ពាណិជ្ជករ ឧស្សាហករ អាជីវករ សេវាករ និងកសិករ ចំនួនសារុប ៣២៣នាក់ ត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ដើម្បីជ្រើសរើសសមាជិកជ្រើសតាំងថ្មី លើកទី១ អណត្តិទី២ នៃសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ។ ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងនៅក្រុងសៀមរាប អស់រយៈពេលពេញ១ថ្ងៃ ( ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ) ក្រោមវត្តមានរបស់លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានវត្តមានផងដែរ លោកគឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប និងជាប្រធានគណកម្មការបោះឆ្នោត សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ។
គណកម្មការរៀបចំការបោះឆ្នោតនេះ បានឲ្យដឹងនៅពេលរាប់សន្លឹកឆ្នោតនោះថា សន្លឹកឆ្នោតដែលបានចូលរួមបោះឆ្នោតជាក់ស្តែងមានចំនួន ២៧២សន្លឹក សន្លឹកឆ្នោតបានការមានចំនួន ១៧១សន្លឹក និងបន្ថែមដោយការយល់ព្រមឲ្យបោះឆ្នោតតាមទូរស័ព្ទចំនួន ១នាក់ ។ លទ្ធផលនៃការបោះឆ្នោតនេះ ទទួលបានសមាជិកជ្រើសតាំងថ្មីចំនួន១០រូប លើបេក្ខជន បេក្ខនារី ឈរឈ្មោះសរុបចំនួន ១៨រូប ។
តាមនីតិវិធីនៃការបោះឆ្នោតនេះ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សភាពាណិជ្ជកម្មខេត្ត-រាជធានី មានអណត្តិ ៦ឆ្នាំ ។ ១អណត្តិ ត្រូវបានបោះឆ្នោត២ដង គឺ៣ឆ្នាំបោះម្តង ក្នុងនោះរួមមានការបោះឆ្នោតដើមអណត្តិ និងការបោះឆ្នោតពាក់កណ្តាលអណត្តិ ។
ក្រោយពីទទួលបាននូវលទ្ធផលនៃការបោះឆ្នោតលើកទី១ ដើមអណត្តិទី ២ នេះ សមាជិកជ្រើសតាំងថ្មីចំនួន១០រូប រួមបញ្ចូលជាមួយសមាជិកចាស់ចំនួន៥រូបទៀត ត្រូវបានជ្រើសយកអ្នកស្ម័គ្រចិត្ត ដើម្បីឈរឈ្មោះជាបេក្ខជនជ្រើសតាំងប្រធាន១រូប ។ លោក ហ៊ុយ ភៀវ អតីតអនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដែលជាបេក្ខជនស្ម័គ្រចិត្តតែ១រូបគត់ ត្រូវបានសមាជិកជ្រើសតាំងថ្មី និងសមាជិកចាស់សរុបទាំង ១៤រូប ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជាឯកច្ឆ័ន្ធ ឲ្យទទួលតំណែងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ អណត្តិទី២ ។
លោកម៉ៅ ថូរ៉ា បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មខេត្ត-រាជធានី មានតួនាទីសំខាន់ ជាតំណាងឲ្យពាណិជ្ជករ ឧស្សាហករ សេវាករ និងកសិករ លើដំណោះស្រាយបញ្ហាផ្សេងៗ និងការពារផលប្រយោជន៍ឲ្យសមាជិករបស់ខ្លួន ក្រោមកិច្ចសហការជាមួយរដ្ឋអំណាចខេត្ត និងពាំនាំយកនូវស្ថានភាពនៃកិច្ចដំណើរការធ្វើពាណិជ្ជកម្ម ពីខាងក្រៅ ផ្សព្វផ្សាយជូនដល់សមាជិករបស់ខ្លួនផងដែរ ហើយអ្វីដែលស្របតាមនយោបាយអភិវឌ្ឍន៍វិស័យឯកជនរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ សភាពាណិជ្ជកម្មខេត្ត-រាជធានី ក៏ត្រូវបានបំពេញភារកិច្ចជាស្ថាប័នជំនាញមួយផងដែរ សម្របសម្រួលឲ្យវិស័យឯកជន ដែលជាសមាជិករបស់ខ្លួន បានធ្វើដំណើរដោយរលូន លើផ្លូវទំនាក់ទំនងពាណិជ្ជកម្ម សេវាកម្ម ឧស្សាកម្ម និង កសិកម្ម ៕