រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានចូលស្ដីដណ្ដឹងកូនក្រមុំគេនៅឯខេត្តតាកែវ ហើយត្រូវក្រុមគ្រួសារខាងស្រីបង្គាប់ថ្លៃបណ្ណាការជាទឹកប្រាក់ចំនួន១.៣០០ដុល្លារ ។ ដោយហេតុតែស្រឡាញ់ខ្លាំងពេក ទោះបីជាខ្លួនគ្មានប្រាក់ក៏ដោយក៏បានយល់ព្រមក្នុងតម្លៃនេះដែរ មិនតែប៉ុណ្ណោះអាណាព្យាបាលទាំងសងខាងបានសម្រេចជ្រើសរើសយកថ្ងៃមួយក្នុងចន្លោះខែវិចិ្ឆកា និងខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃរៀបការពួកគេនិងបានទុកពេលឱ្យយុវជនរូបនេះខំប្រឹងធ្វើការសន្សំប្រាក់សិន ព្រោះនៅពេលចូលស្ដីយុវជននេះមិនមានប្រាក់ឡើយ ។
បន្ទាប់មក គេបានខំធ្វើការងារផ្សេងៗផងនិងរៀនធ្វើជាងចម្លាក់ផងរហូតសន្សំប្រាក់បានចំនួន១.០០០ដុល្លារ នៅខ្វះតែ៣០០ដុល្លារទៀតគឺគ្រប់ថ្លៃបណ្ណាការតែរកមិនបានទាល់តែសោះហើយជិតដល់ថ្ងៃរៀបការទៅហើយ ។ ដោយរកលុយឱ្យថ្លៃបណ្ណាការមិនគ្រប់ចំនួន ម្យ៉ាងឪពុកម្ដាយទីទ័លក្រគ្មានលទ្ធភាពជួយទៀតនោះ ក៏ត្រូវក្រុមគ្រួសារខាងស្រីផ្ដាច់ពាក្យវិញ ជាហេតុធ្វើឱ្យរូបគេខូចចិត្តយ៉ាងខ្លាំងនិងចេះតែដើរប្រាប់គេឯងថាខ្លួនមិនចង់រស់នៅនាំធ្ងន់ផែនដីឡើយ ហើយរហូតដល់ពេលនេះស្រាប់តែគេបានធ្វើអត្តឃាតដោយជ្រមុជទឹកជម្រៅត្រឹមក្បាលជង្គង់សម្លាប់ខ្លួន ។
សពយុវជនរូបនេះត្រូវបានគេប្រទះឃើញនិងបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២៤ មេសា ក្នុងស្រះទឹកមួយកន្លែងស្ថិតនៅខាងត្បូងភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌពោធិ៍សែនជ័យ ។ យុវជនរូបនេះឈ្មោះ វ៉ាត ដាវី អាយុុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
បើតាមប្រភពព័តមានបានអោយដឹងថា៖ ជនរងគ្រោះស្លាប់ដោយសារឈ្លក់ទឹក ហើយពេលនេះក្រុមគ្រួសារបានយកសពទៅធ្វើបុណ្យតាមប្រពៃណីហើយ ។ នៅមុនពេលកើតហេតុ យុវជនរូបនេះ បានឱ្យឪពុកមាជូនពីកន្លែងធ្វើការនៅម្តុំតោពីរ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ត្រឡប់ទៅផ្ទះ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ មេសា ។ បន្ទាប់ពីចូលផ្ទះបានបន្តិច គេក៏ដើរចាកចេញទៅបាត់រហូតតែម្តង ដោយមិនដឹងថាទៅណាទេ ហើយក្រុមគ្រួសារបានទៅតាមរកគ្រប់កន្លែងអស់មួយយប់ទល់ភ្លឺ ប៉ុន្តែមិនបានប្រទះឃើញឡើយ ។
ប្រភពដដែលបានបន្តទៀតថា ៖ លុះព្រឹកឡើងថ្ងៃទី២៤ មេសា ដោយសង្ស័យថា យុវជននេះដើរទៅស្រះទឹកខាងលើ ទើបស្ត្រីជាម្តាយនិងកូនប្រុសតូចម្នាក់នាំគ្នាទៅរកនៅទីនោះ ក៏ប្រទះឃើញស្បែកជើងនៅមាត់ស្រះ បន្ទាប់មកឃើញយុវជននេះស្លាប់ផ្កាប់មុខនៅក្នុងទឹកស្រះជម្រៅត្រឹមជង្គង់បាត់ទៅហើយ ។ ក្រោយពេលប្រទះឃើញសព សមត្ថកិច្ចប៉ូលិសមូលដ្ឋានចុះទៅធ្វើការពិនិត្យកោសល្យវិច័យ និងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឈ្លក់ទឹក ព្រោះតែការធ្វើអត្តឃាតដោយជ្រមុជទឹកដោយសារតែវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ៕