ព្យុះ​កន្ត្រាក់​នាំមក​ជាមួយ​ភ្លៀង​នៅ​ស្រុក​ម៉ាឡៃ​បង្កអោយមាន​របួស​ម្នាក់ ​និង​ប៉ះពាល់​ផ្ទះ ៣១ ខ្នង​

0

​បន្ទាយមានជ័យ​: ភ្លៀង​កក់ខែ​ដើមឆ្នាំ នាំមក​ជាមួយ​ព្យុះ​ខ្យល់​កន្ត្រាក់ កាលពី​រសៀល​ម៉ោង ៣:៣០ ទៅ ៤:២០​នាទី ថ្ងៃទី ២៣ ខែមេសា ឆ្នាំ​២០១៤ កន្លងទៅនេះ បាន​បង្ក​របួសធ្ងន់​ដល់​ពលរដ្ឋ​ម្នាក់ និង​ខូចខាត​ផ្ទះ ចំនួន​៣១ ខ្នង នៅ​ឃុំ​អូរ​ស្រឡៅ , អូរ​សំព័រ និង​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ​លោក សៅ ប៊ុន អធិការនគរបាល​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៤ មេសា​នេះ​ថា​: គ្រោះមហន្តរាយធម្មជាតិ​នោះ បង្ក​របួសធ្ងន់​ដល់​ស្ត្រី​ម្នាក់ ដោយ​ផ្ទះ​សង្កត់ពីលើ នៅ​ភូមិ​បន្ទាយ​ទី​២ ឃុំ​អូរ​សំព័រ ហើយ​ស្ត្រី​នោះ បាន​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្ត ។ ​

លោក​បាន​បន្តថា​: ព្យុះ​ខ្យល់​កន្ត្រាក់ បង្ក​ប៉ះពាល់​ផ្ទះ​ឈើ ប្រក់​ស័ង្កសី និង​ប្រក់​ស្បូវ របស់​ពលរដ្ឋ នៅ​ឃុំ​អូរ​ស្រឡៅ ចំនួន ៨ ខ្នង ក្នុងនោះ រលំ​បាក់​រាប​ដល់​ដី ៣ ខ្នង ខ្ទាត​ពី​ជើង​តម្កល់ ១ ខ្នង និង ៤ ខ្នង ផ្សេងទៀត របើក​ដំបូល ។ ឯ​នៅ​ឃុំ​អូរ​សំព័រ ប៉ះពាល់​ផ្ទះ ១១ ខ្នង ក្នុងនោះ ១ ខ្នង បាក់​រាប​ដល់​ដី និង ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់ របួស​បាក់​ចង្កេះ ។ រីឯ​នៅ​ឃុំ​ទួល​ពង្រ ក៏​ប៉ះពាល់​របើក​ដំបូលផ្ទះ​ពលរដ្ឋ ២ ខ្នង​ផងដែរ ។

​ដោយឡែក នៅ​ឃុំ​អូរ​សំព័រ វេលា​ម៉ោង ១ រសៀល ថ្ងៃទី​២៣ មេសា​ដ៏ ដែល​នេះ​ក៏មាន​ករណី​ទុស្សេ​ខ្សែភ្លើង ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ពលរដ្ឋ ១ ខ្នង បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អស់​ផងដែរ ។​ ​លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹង​ដែរ​ថា​: ពេល​មាន​គ្រោះធម្មជាតិ នៅតាម​ផ្ទះ ច្រើនតែ​កូនក្មេង នៅចាំ​ផ្ទះ ព្រោះ​ម៉ែឪ​ពួកគេ ទៅធ្វើ​ការ​នៅ​ថៃ វា​ពិត​ជាមាន​ហានិភ័យ​ខ្ពស់​ដល់​សុ​វត្តិភាព​របស់​ពួកគេ​។ នេះ​ជា​គ្រោះថ្នាក់ ដោយ​ខ្យល់ព្យុះ​កន្ត្រាក់ លើក​ទី​២ នៅ​រដូវប្រាំង​ដើមឆ្នាំ​នេះ នៅ​ស្រុក​ម៉ាឡៃ​ផងដែរ​៕ ​ដោយ​លោក ឃិន គ​ន្ធា​photo3 photo6 photo2