សៀមរាប៖ម្ចាស់តូបលក់កាសែតមួយកន្លែង ដែលមានទីតាំងនៅមុខផ្សារកណ្តាល ជាប់របងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទូចសុំឲ្យអាជ្ញាធរក្រុង ផ្តល់ទីតាំងលក់កាសែតអោយគាត់វិញ បន្ទាប់ពីបានរុះរើមួយរយៈដើម្បីឲ្យមន្ទីរសាធារណៈការដាក់ប្រពន្ធ័លូរំដោះទឹក។ លោក ស្រី សំប៊ន ម្ចាស់តូបលក់កាសែតខាងលើ បានឲ្យដឹងថាតូបលក់កាសែតរបស់គាត់កាលពីដើមឡើយនៅជាប់របងពេទ្យផ្នែកខាងលិច ហើយមានច្បាប់អនុញ្ញាតតាំងពីឆ្នាំ២០០២មកម្លេះ គឺតាំងពីជំនាន់លោកអ៊ុង អឿនធ្វើជាចៅហ្វាយខេត្តសៀមរាប។លុះដល់លោកស៊ូ ភិរិន្ទ ធ្វើជាចៅហ្វាយខេត្ត តូបនោះក៏បានរំកិលមកជាប់របងពេទ្យផ្នែកខាងជើង គឺនាពេលបច្ចុប្បន្ន។
ម្ចាស់តូបដដែលបន្តថានៅពាក់កណ្តាលខែកក្កដាឆ្នាំ២០១៥នេះ មន្ទីរសាធារណៈការខេត្ត បានរៀបចំដាក់ប្រពន្ធ័លូរំដោះទឹក ហើយតម្រូវឲ្យរុះរើ បណ្តោះអាសន្ន។ ប៉ុន្តែក្រោយពេលរៀបចំប្រពន្ធ័លូទឹករួចរាល់ អាជ្ញាធរក្រុង បែជាមិនអនុញ្ញាតឲ្យដាក់តូបកាសែតលក់នៅកន្លែងដើមវិញ ដោយបញ្ជាក់ថា អាជ្ញាធរគ្រោងរៀបចំសណ្តាប់ធ្នាប់ក្រុង ក្នុងពេលខាងមុខនេះ។
លោក ស្រី សំប៊ន បានឲ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី១២ខែសីហា រូបលោកបានទៅជួបអ្នកស្រី កុយ វិសាល អភិបាលក្រុងស្តីទី ដើម្បីលើកតូបកាសែតទៅដាក់លក់នៅទីតាំងចាស់នោះវិញ តែជាលទ្ធផល លោកស្រីអភិបាលក្រុងស្តីទី មិនអនុញ្ញាតឲ្យឡើយ។ ថែមទាំងនិយាយថា តូបលក់កាសែតក៏អាចចូលទៅលក់ក្នុងផ្សារបានដែរ ហើយប្រសិនបើអាជ្ញាធរអនុញ្ញាតិ ឲ្យតូបកាសែតមួយលក់លើចិញ្ចើមផ្លូវក្បែររបងពេទ្យនោះ ចឹងអ្នកដទៃគេក៏អាចមកសុំលក់បានដូចគ្នា។
ក្រោយពេលអាជ្ញាធរក្រុងបញ្ជាក់យ៉ាងដូច្នេះ ម្ចាស់តូបលក់កាសែតបានសម្តែងការសោក ស្តាយ ដោយលោក សំប៊ន បញ្ជាក់ថា តូបកាសែតមិនអាចចូលទៅលក់ក្នុងផ្សារបានទេ ពីព្រោះកាសែតគឺតម្រូវការមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមនុស្សគ្រប់មជ្ឍដ្ឋាន។ លោកសំ ប៊ន នៅតែអំពាវនាវទទូចសុំអាជ្ញាធរផ្តល់ទីតាំងលក់កាសែតមកវិញ ព្រោះតូបមួយនេះធ្លាប់បានលក់តាំងពីឆ្នាំ២០០២មកហើយ។
ជុំវិញករណីនេះលោកស្រី កុយ វិសាល អភិបាលក្រុងស្តីទី បានថ្លែងតាមទូរសព្ទ័ថា លោកស្រីសុំមិនធ្វើអធិប្បាយទេ ពីព្រោះលោកស្រីត្រឹមតែស្តីទី ចឹងទេសុំរងចាំលោកអភិបាលក្រុង វិលមកពីបរទេសវិញទើបសម្រេច។ ប៉ុន្តែរឿងអនុញ្ញាត ប្រហែលមិនអាចទេ៕ ដោយ ខេង ឧត្តម