សៀមរាប : ហាងម៉ាស្សាដែលមានយីហោឈ្មោះ ប៉ីប៉ី ១៦៨ បង្កប់បំរើសេវាផ្លូវភេទស្ថិតនៅតាមបណ្តោយផ្លូវខាងត្បូងភ្លើងស្តុបទន្លេសាប ឆ្ពោះទៅផ្សារញ៉ែរក្រុងសៀមរាប ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចុះប្រតិបត្តិការណ៍ធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការបង្ក្រាបកាលពីយប់ថ្ងៃទី២៤ខែមេសាឆ្នាំ២០១៤នេះតែម្តង ។
លោកវរសេនីយ៌ឯក ស្រី យូរ៉ា មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបនិងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌នៅនិងកន្លែងកើតហេតុបានឲ្យដឹងថាដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ ឯ.ឩ ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនិងជាប្រធានគណះបញ្ជាការឯកភាពខេត្ត និង ឯ.ឩ ឧត្តមសេនីយ៌ត្រី ម៉ន សាម៉ុន
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបក្នុងកិច្ចចុះប្រតិបត្តិការណ៍បង្ក្រាបហាងម៉ាស្សាដែលមានយីហោឈ្មោះ ប៉ីប៉ី ១៦៨ បង្កប់បំរើសេវាផ្លូវភេទនេះក្រោមការបញ្ជាដឹកនាំកម្លាំងពីសំណាក់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបនិងលោក ស្រ៊ាង រតន: ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបផងដែរនោះ ។ ជាក់ស្តែងហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបធ្វើការបង្ក្រាបបានបន្ទាប់ពីហាងនេះបានបើកបំរើភ្ញៀវបានរយះ២០ថ្ងៃ ។
លោកវរសេនីយ៌ឯក ស្រី យូរ៉ា មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបនិងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌បានបន្តឲ្យដឹងទៀតថាចំពោះករណីបង្ក្រាបហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននារីជាជនជាតិវៀតណាមចំនួន ១៥ នាក់ ប្រុសចំនួន៦នាក់ ក្នុងនោះមានភ្ញៀវដែលចូលទៅរកសេវាផ្លូវភេទចំនួន ២ នាក់ ។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍នោះបុរសជាម្ចាស់ហាងជាជនជាតិវៀតណាមដែលមានអាយុ១៩ឆ្នាំមានភាពភ័យខ្លាចក៏បានព្យាយាមរត់គេចពីសមត្ថកិច្ចដោយបានបើកបង្អូចជាន់ទី៣នៃហាងម៉ាស្សានោះដោយលត់ទំលាក់មកខាងក្រោមហាងផ្នែកចំហៀងហាងខាងស្តាំដើម្បីរត់គេចតែសំណាងមិនល្អម្ចាស់ហាងម៉ាស្សាដែលមានយីហោឈ្មោះ ប៉ីប៉ី ១៦៨ បង្កប់បំរើសេវាផ្លូវភេទនេះត្រូវទទួលរងរបួសធ្ងន់ដោយបាក់ភ្លៅខាងស្តាំត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីសម្រាកព្យាបាលឯកជនភ្លាមៗតែម្តង ។
បច្ចុប្បន្ននារីជាជនជាតិវៀតណាមចំនួន ១៥ នាក់ ដោយឡែកបុគ្គលិកជាជនជាតិវៀតណាមប្រុសចំនួន៦នាក់ ក្នុងនោះមានភ្ញៀវដែលចូលទៅរកសេវាផ្លូវភេទចំនួន ២ នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបយកមកកាន់មន្ទីរជំនាញដើម្បីធ្វើការសួនាំនិងចំណាត់ការទៅតាមនិតិវិធីជាបន្ត ៕ ដោយ លោក ខេង ខេមរា