ខេត្តកំពង់ឆ្នាំង៖ អ្នកបើកបររថយន្ត និងអ្នកបើកបររ៉ឺម៉កម៉ូតូ ជាង១០០នាក់ ដែលបានដឹកកម្មករកម្មការនី ជាង២ម៉ឺននាក់ជារៀងរាល់ថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ បានចូលរួមស្តាប់ការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដើម្បីទប់ស្កាត់ហានិភ័យនៃគ្រោះថ្នាក់
ចរាចរណ៍ ដែលច្បាប់ថ្មីនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ។ការផ្សព្វផ្សាយនេះ បានរៀបចំឡើងដោយនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត នៅក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ នៅក្នុងការផ្សព្វផ្សាយនេះ លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានថ្លែងទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ កម្មការនីទាំងអស់ថា៖ ដោយគោរពតាមគោលការណ៍របស់ឯឧត្តមអគ្គស្នងការនគរបាលជាតិ ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវចំពោះអ្នកបើកបរដឹកកម្មករ កម្មការីរបស់យើង។ កន្លងមកក្នុងរយះពេល២ខែនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានចំនួន៤កន្លែងហើយៗនឹងបន្តធ្វើការផ្សព្វផ្សាយច្បាប់នេះជាបន្តបន្ទាប់ទៀត ដើម្បីអោយអ្នកប្រើប្រាស់ផ្លូវទាំងអស់បានយល់ជ្រួតជ្រាបពីច្បាប់ចរាចរណ៍ និងបើកបរអោយបានត្រឹមត្រូវ ផ្តល់នូវសុវត្ថិភាពជូនបងប្អូនកម្មករ កម្មការនី ដែលពួកគាត់បានផ្ញើអាយុជីវិតនៅលើអ្នកបើកបរតែម្នាក់គត់ ជារៀងរាល់ថ្ងៃនោះ។ លោក ឈឹម សារុន បានពន្យល់ពីតារាងកំណត់តម្លៃប្រាក់ផាកពិន័យក្នុងអនុក្រឹតស្តីពីការពិន័យអន្តរការណ៍អោយបានយល់ច្បាស់ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៨៥អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ដល់អ្នកបើកបររថយន្តដឹកកម្មករ កម្មការនី ចំនួន១០៩នាក់ និងអ្នកបើកបររ៉ឺម៉កចំនួន៣៩នាក់ ដែលសព្វថ្ងៃ
ពួកគាត់បាននិងកំពុងដឹកដឹកកម្មករកម្មការនី រោងចក្រទៅមកមានប្រមាណជាង២ម៉ឺននាក់នៅក្នុងរោងចក្រចំនួន៥ ស្ថិតក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ។លោក ឈឹម សារុន បានសំណូមពរដល់អ្នកបើកបររថយន្ត និងរ៉ឺម៉កម៉ូតូទាំងអស់ថា៖សូមកុំដឹកកម្មករ កម្មការី លើសចំណុះយានយន្ត និងត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ដោយត្រូវចេះយោគយល់អធ្យាស្រ័យអោយគ្នាក្នុងពេលបើកបរ ដោយត្រូវគោរពសិទ្ធអាទិភាព កុំបើកបរជែងគែដោយប្រថុយប្រថានក្នុងស្ថានភាពមានគ្រោះថ្នាក់ ត្រូវគោរពគំនូសសញ្ញា ផ្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ ទើបយើងជាអ្នកបើកបរ និងអ្នករួមដំណើរជាមួយយើងទាំងអស់ជៀសផុតបានពីគ្រោះថ្នាក់ចរាចរណ៍។ ក្នុងឱកាសនោះអ្នកបើកបររថយន្តបានសំណូមពរដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជួយសំរួលក្នុងការធ្វើវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឈៀក)ដល់ពួកគាត់ អោយបានធ្វើនៅក្នុងខេត្តផង ព្រោះពួកគាត់មានការលំបាកថា កាលណាគាត់យករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅទីក្រុងភ្នំពេញ គាត់ត្រូវយករថយន្តទៅរង់ចាំធ្វើពី១ថ្ងៃទៅ២ថ្ងៃទើបអាចត្រួតពិនិត្យរួច នឹងពុំមានអ្នករថយន្តដឹកកម្មករ កម្មការនីនៅក្នុងមូលដ្ឋាននោះទេ ម្យ៉ាងទៀតបើគាត់ទៅថ្ងៃសៅរ៍និងអាទិត្យ អ្នកត្រួតពិនិត្យបច្ចេកទេសយានយន្ត ក៏គេឈប់សំរាកថ្ងៃសៅរ៍ និងអាទិត្យដែរ មិនអាចធ្វើឈៀកបាននោះឡើយ។បញ្ហានេះលោក ឈឹម សារុន ឆ្លើយតបថា លោកនិងយកទៅរាយការណ៍ជូនប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្ត
ស្នើសុំទៅថ្នាក់លើជួយដោះស្រាយ៕



































