សៀមរាប៖ មន្ត្រីរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថាសមាជិកអាស៊ាន មកពីប្រទេសទាំង១០ កំពុងជំរុញឱ្យមជ្ឈមណ្ឌលសកម្មភាពមីនសម្រាប់តំបន់ អាចនឹងបង្កើតឡើងយ៉ាងឆាប់រហ័ស នៅមុនពេលដែលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន បានចូលមកដល់ នៅចុងឆ្នាំ២០១៥នេះអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា គឺលោក ព្រំ សុភមង្គល លោកមានប្រសាសន៍បន្ទាប់ពីថ្លែងបើកសិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្ដីពីការបង្កើតមជ្ឈមណ្ឌលសកម្មភាពមីន សម្រាប់តំបន់អាស៊ាន កាលពីព្រឹកថ្ងៃសុក្រទី១៤ខែសីហា នៅឯខេត្តសៀមរាបថាជាមោទនភាពរបស់ប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលបណ្ដាប្រទេសជាសមាជិកសមាគមអាស៊ាន បានជ្រើសយកទីក្រុងភ្នំពេញ ធ្វើជាមជ្ឈមណ្ឌលសកម្មភាពមីន សម្រាប់តំបន់អាស៊ាន។ លោកព្រំ សុភមង្គល មានប្រសាសន៍ទៀតថាប្រទេសអាស៊ានទាំង១០ កំពុងជំរុញឱ្យមជ្ឈមណ្ឌលសកម្មភាពមីន សម្រាប់តំបន់នេះ បានកើតឡើងយ៉ាងឆាប់រហ័ស។
((យើងព្យាយាមធ្វើឱ្យបានមុនហើយ ដូចលោកជំទាវរដ្ឋលេខាធិការមានប្រសាសន៍អីចឹង ។អត់ចាំអាគារហ្នឹងជួសជុលហើយទេ អាគារជួសជុលដាច់ឆ្នាំនេះរួចហើយ តែយើងអត់ចាំទេ ប្រសិនបើប្រជុំនេះនឹងមានស្អីវិជ្ជមាន ប្រហែលជា១អាទិត្យក្រោយឬក៏១ខែក្រោយយើងនិងហៅកោះប្រជុំ))។
អគ្គលេខាធិការរងអាជ្ញាធរមីនកម្ពុជា លោកច័ន្ទ រដ្ឋា បញ្ជាក់ថាមជ្ឈមណ្ឌលសកម្មភាពមីនសម្រាប់តំបន់អាស៊ាន ដែលនឹងបង្កើតឡើងនេះ មិនមែនសម្រាប់ផ្ដល់សេវាកម្មបោសសំអាតគ្រាប់មីនទេ ប៉ុន្តែគឺជាផ្នែកសម្រាប់ជួយបណ្ដុះបណ្ដាលខាងបច្ចេកទេស ខាងថវិកា និងធនធានមនុស្សសម្រាប់សកម្មភាពបោសសំអាតមីន នៅតាមអង្គភាពនានា។
((មជ្ឈមណ្ឌលនេះ មានតួនាទីសំខាន់៣ គឺទី១សម្របសម្រួល ទី២ជ្រោមជ្រែង ទី៣លើកកំពស់ ឱ្យគេបានដឹង ឱ្យគេបានឮថាក្នុងតំបន់នេះ កាលណាយើងចងក្រងគ្នាទៅ ការបោសសំអាតមីនហ្នឹងគឺមិនអន់ខ្សោយជាង នៅតំបន់អឺរ៉ុបទេ))។
មន្ត្រីស្ថានទូតកូរ៉េខាងត្បូង លោក ក្វ័ក បុមស៊ូ(Kwak Bum Soo)បានថ្លែងថានៅក្នុងចំណោមប្រទេសទាំង១០នៃសមាជិកអាស៊ាន គឺប្រទេសចំនួន៦ នៅតែរងគ្រោះ ដោយសារគ្រាប់មីននិងគ្រាប់បែកទម្លាក់ពីលើយន្តហោះ ដែលសេសសល់ពីសម័យសង្គ្រាមតាំងតែពីជាង៣០ឆ្នាំមុន។
លោក លោក ក្វ័ក បុមស៊ូ បញ្ជាក់ថារដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ពេញចិត្តសហការជាមួយកម្ពុជា និងប្រទេសសមាជិកអាស៊ាន ទាំងអស់ ក្នុងការបង្កើតមជ្ឈមណ្ឌលសកម្មភាពមីន សម្រាប់តំបន់នេះឡើង ដើម្បីឱ្យក្មេងជំនាន់ក្រោយ បានគេចផុតពីការឈឺចាប់ ហើយរស់នៅដោយសន្តិភាព និងដើរទៅសាលារៀនដោយមិនភ័យខ្លាច រឿងគ្រោះថ្នាក់ដោយសារគ្រាប់មីនតទៅទៀត ។
លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងនូវអំណរសាទរដឹងគុណ ចំពោះការគាំទ្រ និងការជួយឧបត្ថម្ភយ៉ាងពេញទំហឹងរបស់ភាគីសាធារណរដ្ឋកូរ៉េ ក្នុងការបង្កើតឡើង មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន នោះ ។ លោកជំទាវបានថ្លែងឲ្យដឹងទៀតថា កម្ពុជាពិតជាមានមោទនភាព ដែលបានទទួលធ្វើជាម្ចាស់ទីតាំងនៃមជ្ឈមណ្ឌលដ៏មានឧត្តមប្រយោជន៍ ព្រមជាមួយនឹងកត្តិយសជាប្រទេសដែលមានបទពិសោធន៍ លើសកម្មភាពមីនផងដែរ ៕ ដោយ ខេង ឧត្តម