ខេត្តកំពង់ឆ្នាំង៖ព្រះសង្ឃជាកូននេនព្រះជន្ម១១វស្សាមួយអង្គបានរងរបួសពេញខ្នង ដោយសារលោកសង្ឃជាគ្រូបង្រៀនក្នុងវត្តមួយអង្គ បានយកខ្សែភ្លើងវាយប្រដៅលោកក្នុងពេលប្រជុំសង្ឃក្នុងវត្តនិងមុខម្តាយរបស់លោកនេន ដោយដឹងថាលោកនេនអង្គនោះបានលួចលុយក្នុងវត្តមានភ័ស្តុតាងគ្រប់គ្រាន់មិនព្រមសារភាព។ករណីនេះបានកើតឡើងនៅលម៉ោង៣ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅក្នុងវត្តធម្មវ័ន ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ប៉ុន្តែនៅល្ងាចថ្ងៃទី១៤ ខែសីហានេះ ក្រុមការងារថ្នាក់ខេត្តបានចុះស្រាវ ជ្រាវរឿងនេះ ចំណែកអង្គប្រជុំមន្ត្រីសង្ឃនិងព្រះវិន័យធរគណខេត្ត បានសម្រេចផ្សឹកសាមណេរ វាន់ វរះ តាមព្រះវិន័យព្រះពុទ្ធសាសនា។
លោក វាន់ នុត អាយុ៤៥ឆ្នាំ និងលោកស្រី សួស ថា អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ ជាពោម (ឪពុកម្តាយ) កូននេនរងគ្រោះបាននិយាយអោយដឹងនៅក្នុងមន្ទីរពេទ្យខេត្ត នៅព្រឹកថ្ងៃទី១៤ ខែសីហា នេះថា៖លោកនេនជាកូនរបស់គាត់ ព្រះនាម វាន់ វរៈ ព្រះជន្ម១១វស្សា បានមកបួសរៀនក្នុងវត្តធម្មវ័នរយះពេល២ព្រះវស្សាហើយ។ រឿងហេតុខាងលើនេះលោកមិបានដឹងច្បាស់ថាកើតឡើងដោយសារអ្វីនោះទេ ប៉ុន្តែគ្រាន់តែដឹងថា កូនរបស់លោក រងបួសពេញខ្លួន ដោយសារព្រះសង្ឃព្រះនាម ឌិត ប៉ែន ជាគ្រូបង្ហាត់បង្រៀនអក្សរក្នុងវត្តធម្មវ័ន ជាអ្នកវាយដំមកលើព្រះកាយរបស់កូនលោក ដែលបង្កអោយមានរបួសបែកឈាមពេញខ្លួនគឺជារឿងធ្វើទារុណកម្ម។
លោក វាន់ នុត បានបញ្ជាក់អោយដឹងថា៖រឿងនេះពួកលោកជាឪពុកម្តាយ កើតទុកមិសុខចិត្តឡើយ ពួកលោកនឹងប្តឹងទៅមន្ទីរធម្មការនិងសាសនាខេត្ត សុំអោយផ្សឹកលោកបណ្ឌិតោ ឌិត ប៉ែន និងប្តឹងទៅលោកនគរបាលខេត្តនៅល្ងាចថ្ងៃទី១៤ ខែសីហានេះ ទាមទារជម្ងឺចិត្ត១០លានរៀល។ដោយឡែកកូននេន រងគ្រោះបានមានសង្ឃដីកាអោយអ្នកយកព័ត៌មានយើងដឹងនៅក្នុងមន្ទីរពេទ្យខេត្តថា៖ មុនពេលកើហេតុលោកបានយកសៀវភៅរបស់លោកគ្រូ បំណងយកមកសរសេរអក្សរ តែមិនទាន់បានសរសេរផង ក៏ត្រូវលោកចាប់លោក យកមកវាយវាត់តែម្តង គឺយកខ្សែភ្លើងប៉ុនម្រាមដៃបត់ជា២កំណាត់ វាយវាត់ធ្វើអោយព្រះអង្គឈឺចុកចាប់ខ្លាំងណាស់គឺវាយនៅចំពោះមុខព្រះសង្ឃជាង២០អង្គនៅក្នុងវត្ត ប៉ុន្តែគ្មាន ព្រះសង្ឃអង្គណាហ៊ានចូលជួយលោកឡើយ។
ទាក់តងក្នុងរឿងនេះ នៅល្ងាចថ្ងៃទី១៤ ខែសីហា ក្រុមការងារចំរុះថ្នាក់ដឹកនាំដោយ លោកស្រី ប៉ាល់ យឿន អភិបាលរងខេត្ត បានចុះទៅស្រាវជ្រាវរឿងនេះជាមួយមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ក្នុងខេត្តនៅក្នុងវត្តធម្មវ័ន ដែលជាកន្លែងកើតហេតុ។
ព្រះគ្រូចៅអធិការវត្តធម្មវ័ន ព្រះនាម យឹម ទូច បានមានសង្ឃដិកាថា៖កន្លងមកក្នុងវត្ត និងក្នុងកុដិលោកត្រូវបានចោរលួចគាស់ទ្វារចូលលួចលុយជាច្រើនលើក និងបាត់លុយជាច្រើនលានរៀល។ក្រោយមកទើបដឹងថាសាមណេរ វាន់ វរះ ជាអ្នកលួចលុយក្នុងកុដិ មានភស្ត័តាងនិងសាក្សីគ្រប់គ្រាន់ ដោយបានរកឃើញលុយលាក់នៅក្នុងព្រៃក្បែរវត្តចំនួន១៤០ម៉ឺនរៀល និងដកបានពិលឆក់មួយពីសាមណេរ វាន់ វរះ តែពេលសួរលោកៗមិនសារភាពឡើយ។
នៅល្ងាចថ្ងៃទី១៣ ខែសីហា លោកគ្រូចៅអធិការវត្តបានប្រគល់តួនាទីនេះ អោយលោកគ្រូបណ្ឌិតោ ឌិតប៉ែន ជាអ្នកប្រជុំសង្ឃក្នុងវត្តទាំង២៤អអ្គ ដេញដោយសួរនាំរឿងនេះ ជាមួយសាមណេរ វាន់ វរះ។នៅពេលលោកគ្រូ ឌិត ប៉ែន សួរនាំសាមណេរអង្គនេះ លោកបានប្រកែកដោះសាររហូតក៏ត្រូលោកគ្រូវាយនិងខ្សែភ្លើងតូចមួយនិងក៏បានសុំការអនុញ្ញាតពីញោមស្រីលោកផងដែរ តែក្រោយមកក៏បានសារភាព។
នៅក្នុងអង្គប្រជុំមន្ត្រីសង្ឃ ព្រះវិន័យធរគណខេត្ត ព្រះនាម ខុន ថុន បានមានសង្ឃដិកាថា៖ តាមព្រះវិន័យព្រះពុទ្ធសានា ព្រះសង្ឃដែលលួចគរុភណ្ឌ័ក្នុងវត្តត្រូវបរាជិក គឺត្រូវផ្សឹក ហើយត្រូវប្រគល់លោក វាន់ វរះ ជូនសមត្ថកិច្ចផ្នែកអាណាចក្រចាត់ការតាមផ្លូវច្បាប់ទៅចុះ។ចំណែកលោកគ្រូបណ្ឌិតោ ឌិតប៉ែន មិនមានកំហុ សត្រូវផ្សឹកនោះទេ តែត្រូវសម្តែងអាបត្តិតាមព្រះវិន័យព្រះពុទ្ធសាសនា។
ដោយឡែកលោកជំទាវ ប៉ាល់ យឿន ប្រធានក្រុមការងារចំរុះខេត្ត បាននិយាយអោយដឹងថា ករណីនេះក្រុមការងារត្រូវធ្វើកំណត់ហេតុនៃរឿងរ៉ាវជាក់ស្តែង រាយការណ៍ជូនលោកអភិបាលខេត្ត។
មតិសាធារណៈក្នុងខេត្តបានលើកឡើងថា ចោរលួចទ្រព្យសម្បត្តិក្នុងវត្តបើចាប់បានគួរតែត្រូវប្រគល់ជូនសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ មិនគួរព្រះសង្ឃធ្វើទារុណកម្មអោយរបួសពេញខ្កួនបែបនេះឡើយ ប៉ុន្តែមតិមួយចំនួនបានលើកឡើងថា បើលោកនេនមិនលួចលុយក្នុងវត្តក៏មិនត្រូលោកគ្រូវាយប្រដៅបែបនេះដែរ៕