ខេត្តសៀមរាប៖ នគរបាលប្រឆាំងគ្រឿងញៀខេត្តសហការជាមួយកម្លាំងនគរបាលប៉ុស្តិមូលដ្ឋាន ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់និងដកហូតបានវត្ថុតាងមួយចំនួននៅ២កន្លែងផ្សេងគ្នា ខណៈពួកគេកំពុងចែកចាយនៅក្នុងផ្ទះរួចបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។
ហេតុការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅកន្លែងផ្សេងគ្នានេះធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៥ស្ថិតនៅចំនុចក្នុងផ្ទះ ក្នុងសង្កាត់ស្វាយដង្គំនិងសង្កាត់សំបួរ ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានអោយដឹងថា ក្នុងការចុះបង្ក្រាបករណីខាងលើនេះកម្លាំងជំនាញបានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិមូលដ្ឋាន រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់នៅកន្លែងផ្សេងគ្នាក្នុងនោះមានទី១/ឈ្មោះ ទេស ប៉ូរ៉ាត ហៅប៉ោង ភេទប្រុស អាយុ២៤ឆ្នាំមុខរបរគ្មាន(ឃាត់ខ្លួនក្នុងផ្ទះថ្ងៃទី១៤ខែសីហា) (ជួញដូរ)និង ទី២/ឈ្មោះ ទេស ប៉ុនណាក់ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរគ្មាន(ឃាត់ខ្លួននៅក្នុងផ្ទះថ្ងៃទី១៤ខែសីហា)(ចាត់ចែងឱ្យប្រើប្រាស់)អ្នកទាំង២នាក់បងប្អូននេះរស់នៅក្នុងក្រុមទី៧ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបនិងទី៣/ឈ្មោះ ទូច ក្រឹម ភេទប្រុសអាយុ២៩ឆ្នាំមុខរបរកម្មករសំណង់(ឃាត់ខ្លួននៅផ្ទះថ្ងៃទី១៤ខែសីហា)ស្នាក់នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប(ជួញដូរ)និងទី៤/ឈ្មោះ ពៅ ហង្ស ហៅញ៉ាញ់ ភេទប្រុស អាយុ ២៣ឆ្នាំមុខរបរមិនពិត(ឃាត់ខ្លួននៅផ្ទះថ្ងៃទី១៤ខែសីហា)ស្នាក់នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប(ចាត់ចែងឱ្យប្រើប្រាស់)។លោកបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការដកហូតបានវត្ថុតាងរួមមានៈទូរស័ព្ទដៃ២គ្រឿង,ថ្នាំមេតំហ្វេតាមីនចំនួន១៥កញ្ចប់ស្មើនឹងទម្ងន់៦,០ក្រាម ,ដាវដែកចំនួន១ដើមប្រវែង៦០សង់ទីម៉ែត្ត,ព្រមទាំងឧបករណ៏ច្នៃជក់មួយចំនួនធំ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៥ខែសីហាឆ្នាំ២០១៥ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ ខេង ឧត្តម