ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ លោក ឌឹន គឹម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះពង្រឹងសង្កាត់ទួលល្វា និងព្រះតេជគុណ សាន់ លី ព្រះមេគណធម្មយុត្តិកនិកាយ ខេត្តប៉ៃលិន និងជាចៅអធិការវត្តសន្តិមារាម(ហៅវត្តអូរច្រារ) ជាប្រធានមូលនិធិសាលាគណធម្មយុត្តិកនិកាយ ព្រមទាំងក្រុមការងារមួយចំនួន បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន០៩ គ្រួសារ នៅភូមិអូរច្រាលើ និងអូរច្រាកើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ព្រះគ្រូ សាន់ លី ចៅអធិការវត្តអូរច្រារ និងជាប្រធានមូលនិធិសាលាគណធម្មយុត្តិកនិកាយបានមានសង្ឃដិកាថា៖ មូលនិធិសាលាគណធម្មយុត្តិកនិកាយ បានសហការជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វានេះ ដោយមានការស្រង់ឈ្មោះពីអាជ្ញាធរភូមិ និងដោយពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋចំនួន០៩គ្រួសារ មានជីវភាពខ្វះខាត ខ្វះលទ្ធភាព ប្រកបរបរទទួលទាន ព្រះអង្គមានគៀរគរមូលនិធិសាលាគណមកចូលរួមចំណែកជាមួយក្រុមការងារគណបក្ស ចុះជួយសង្កាត់ទួលល្វា ដើម្បីចែករំលែក ជូនបងប្អូនកំពុងខ្វះខាតនៅពេលនេះ។
លោក ឌិន គីម ប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វាបានមានប្រសាសន៍ថា៖ គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន សម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទូទាំងប្រទេស ។ លោកបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាកឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដោយជំរុញដល់មន្ត្រីគណបក្សថ្នាក់ក្រោមចុះសាកសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពខ្វះខាតជាបន្ត បន្ទាប់ មិនបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់អត់បាយនោះទេ ។ជាក់ស្តែងពេលនេះគ្រាន់តែទទួលព័ត៌មានពីមូលដ្ឋានភ្លាម ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបានចាត់ឲ្យក្រុមការងារនាំអំណោយចែកជូនបងប្អូនតែម្តង បើទោះបីអំណោយនេះវាមិនអាចដោះស្រាយក្នុងជីវភាពបានយូរក្តី តែអាចដោះស្រាយបានមួយរយៈធំ ដើម្បីផ្តល់ឱកាសបងប្អូនបង្កបង្កើនផលដាំដំណាំផ្សេងៗលក់ដូរចិញ្ចឹមជីវិតបន្តទៀត ។ ឆ្លៀតឱកាសនោះលោក ឌិន គឹម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីឲ្យបានគ្រប់ៗគ្នា ព្រោះថាពេលបោះឆ្នោតខាងមុខគេយកអត្តសញ្ញាណប័ណ្ណធ្វើជាឯកសារផ្លូវការសម្រាប់បោះឆ្នោត។
អំណោយចែកជូនបងប្អូនទាំង ០៩គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម, មី ១កេះ ,ស្ករស ០៥គីឡូក្រាម, ទឹកត្រី ១យួ ,ទឹកស៊ីអ៊ីវ ១យួ និងថវិកា ១០ម៉ឺនរៀល) ៕