បន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកម៉ាឡៃ នៅរសៀលថ្ងៃទី១៥ខែសីហានេះ បានធ្វើការឃាត់ខ្លួនបួននាក់ដែលសង្ស័យថាបានប្រើប្រាស់គ្រឿងញៀននិងលេងល្បែងស៊ីសង។ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងតាមអំណាចដីកាព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យលោក សុខ កែវបណ្ឌិត។
លោក អ៊ាម រីម អធិការនគរបាលស្រុក ម៉ាឡៃ បានប្រាប់ថាដោយអនវត្តតាមបទបញ្ជាលោកស្នងការខេត្តក្នុងការចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំសុវត្ថិភាពកម្លាំងអធិការបានចុះបង្ក្រាបទីតាំងសេពគ្រឿងញៀនមួយកន្លែងដែលស្ថិតក្នុងភូមិវាលរហាតឃុំ-ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ក្នុងប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចបានឃាត់មនុស្ស៤នាក់រួមនឹងវត្ថុតាងសេពថ្នាំញៀនមួយចំនួនព្រមទាំងសន្លឹកបៀរសំរាប់លេងប្រមាណជិត400សន្លឹក។
លោកអធិការរូបនេះបានបញ្ជាក់ថាជនសង្ស័យទាំងបួននាក់មានឈ្មោះ ១-សែម ឃីម ភេទប្រុសអាយុ២៧ឆ្នាំ ២- ហួ ហ៊ីម ភេទប្រុសអាយុ២៨ឆ្នាំ ៣- ស៊ី ថា ភេទប្រុស អាយុ ៣០ឆ្នាំ អ្នកទាំងបីរស់នៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃនិងទី៤ឈ្នោះ យ៉េង ខឹម ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅក្នុងភូមិ-ឃុំ បឹងខ្នាឆ្នាំស្រុកបាកានខេត្តសៀមរាប។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការពិនិត្យលើទឹកនោមជនសង្ស័យឃើញថាអ្នកទាំងបួនមានជាប់សារធាតុញៀនក្នុងខ្លួនទើបត្រូវបានបញ្ជូនមកកាន់តុលាការដើម្បីធ្វើកាវិនិច្ឆ័យទោស៕