បុរស​ញៀន​ថ្នាំ២នាក់ ​ត្រូវ​នគរបាល​ឃាត់ខ្លួន​ពីបទ​គំរាម​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងយប់​

0

រាជធានីភ្នំពេញ ៖ ជន​សង្ស័យញៀន​ថ្នាំ​២នាក់ ត្រូវ​កម្លាំង​នគរ​បាល​ផ្សារ​ដើមគរ សហការជាមួយ​នគរ​បាល​ខណ្ឌ​ទួលគោក ធ្វើការ​ឃាត់​ខ្លួន​​ កាលពីវេលាម៉ោង​១១ និង​៥៥​នាទី​យប់​ថ្ងៃទី​២៥ មេសា ២០១៤ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​២៩១A, ផ្លូវ​ម៉ៅ​សេទុង, សង្កាត់​ផ្សារ​​ដើម​គរ ខណ្ឌ​ទូលគោក បន្ទាប់ពី​បាន​​យក​ដប​សាំង​គំរាម​ដុត​ផ្ទះ​របស់ប្រជាពលរដ្ឋ ។

ប្រភព​ព័តមានបានឱ្យ​ដឹងថា៖ ជន​សង្ស័យ​ទាំង២នាក់ ១-​ឈ្មោះ​ទូច ប្រុស អាយុ​២៩​ឆ្នាំ មានទីលំ​ផ្ទះលេខ​២១Z, ផ្លូវ​២៣០, សង្កាត់បឹង​សាឡាង ខណ្ឌ​ទូលគោក និង​២-​ឈ្មោះ​កែ សុចិន អាយុ​២០​ឆ្នាំ ស្នាក់​នៅ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ ។ ចំណែក​ជនរងគ្រោះ​ដែល​​ជន​សង្ស័យ​គំរាម​ដុតផ្ទះ ១-​ឈ្មោះ​ឡោ សុខហុង ភេទស្រី អាយុ​២៥​ឆ្នាំ ជា​អ្នក​លក់​កុំ​ព្យូទ័រ ២-​ឈ្មោះគឹម ពកឃីម អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​នគរ​បាល​ក្រសួង​មហា​ផ្ទៃ ។

វត្ថុតាង​ដែលដកហូត​បានពី​ជន​សង្ស័យ​​មាន​ដប​សាំង​៣ដប ។បើតាមប្រភព​ព័តមានបានបន្ត៖ មូល​ហេតុ​ដែល​ជន​សង្ស័យ​គំរាម​ដុត​ផ្ទះ គឺបណ្តាល​មកពី​ឈ្មោះ​ទូច​ ប្រុស បានទៅរកជួប​​អតីត​ប្រពន្ធ (អត់​រៀប​ការ) ហើយ​ឪពុក​ម្តាយ​ក្មេក​អត់​ឱ្យ​ជួប ព្រោះ​​ជន​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ​ ។ ​

ហើយ​ជន​សង្ស័យ​បាន​ហៅ​​​ផ្ទះ​អ្នកជិត​ខាង ក៏​​អត់មាន​អ្នក​ឆ្លើយតប​ ធ្វើ​ឱ្យ​ជននោះស្រែក​ប្រាប់គេឯង​ថា យប់នេះអញ​នឹង​មក​ដុត​ផ្ទះ​ឯង​ជាមិនខាន ។ លុះពេល​យប់​កើតហេតុ ជននេះបាន​យក​សាំង​មកគំរាម​​ដុតផ្ទះ​មែន តែត្រូវបានប្រជាពលរដ្ឋ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ធ្វើការ​ឃាត់​ខ្លួន​តែម្តង ៕image image (1)