រាជធានីភ្នំពេញ ៖ ពីរគ្រួសារ ដោយសារតែជម្លោះរុំារៃ នឹងគ្នាយូរមកហើយនោះ លុះដល់សត្វឆ្កែភាគីសងខាង ខាំ គ្នា ម្ចាស់យកលេស រករឿងគ្នារហូតតឹងមាត់ តឹងករ ប្រតាយប្រតប់គ្នា រហូតបណ្តាលឲ្យដាច់មុខដាច់ មាត់ រាងខ្លួនៗ ហើយភាគីម្ខាង មកដាក់ពាក្យបណ្តឹង ប្តឹងទារថ្លៃជំងឺចិត្តចំនួន ១ ពាន់ដុល្លារ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ។
បើតាមប្រភពព័តមានបានឲ្យដឹងថា៖ ភាគីដើមបណ្តឹង ២នាក់ ម្តាយ និងកូនស្រី ទី១ឈ្មោះ សាន់ សារ៉ុន ភេទស្រី អាយុ ៣៩ឆ្នាំ រងរបួសដាច់មុខដាច់មាត់ ដោយស្នាម ក្រញ៉ៅ និងទី២ ឈ្មោះ ដ៉ាលី វិច្ឆិកា ភេទស្រី អាយុ១៨ឆ្នាំ មានមុខរបរ ជាសិស្សត្រូវជាកូន ។ រីឯភាគីចុងបណ្តឹងមានគ្នា៥នាក់ គ្រាន់តែស្គាល់ទី១ ឈ្មោះ ផាត ស្រី ទី២ ឈ្មោះ មុំ ស្រី ទី៣ ឈ្មោះ អូន ស្រី ទី៤ ឈ្មោះ ហន ប្រុស ទី៥ ឈ្មោះ ទូច ប្រុស អ្នកទាំងអស់គ្នា រស់ នៅផ្ទះទល់មុខគ្នា ក្នុងភូមិកើតហេតុ ជាមួយគ្នា ។
បើតាមប្រភពព័តមាន បានឲ្យដឹងទៀតថា ៖ ក្រុមគ្រួសារគាត់ និងក្រុមគ្រួសារ សាន់ សារ៉ុន នោះ មាន ជម្លោះពាក្យសំដីនឹងគ្នា បន្តិចបន្តួចយូរ យារណាស់មកហើយ ប៉ុន្តែកាលពីមុន ពេលកើតហេតុនោះ ពួក គាត់បានបើករថយន្តចេញពីផ្ទះ ស្រាប់តែឈ្មោះ សាន់ សារ៉ុន បានឈរមុខផ្ទះ ហើយ ស្តោះទឹកមាត់ឌឺ ដាក់ លុះត្រឡប់មកវិញ ឃើញសត្វឆ្កែរបស់ឈ្មោះ សាន់ សារ៉ុន និងសត្វឆ្កែគាត់ខាំគ្នា ក៏ចាប់បំបែករហូត ធ្វើឲ្យ សាន់ សារ៉ុន ខឹងនឹង បានស្ទុះមកវាយគាត់ទាំងកំរោលតែម្តង និងបានប្រតាយប្រតប់គ្នា ទៅវិញទៅមក បណ្តាលឲ្យគាត់រងរបួស លើដងខ្លួនជាច្រើនកន្លែងផងដែរ ហើយបែរ ជាដាក់ពាក្យបណ្តឹង ប្តឹងគាត់ទារថ្លៃ ជំងឺចិត្ត រហូតដល់
១ពាន់ដុល្លារ នេះជាទង្វើមួយ ដែលពួកគាត់មិនអាចទទួលយកបានឡើយ ។ បើយោងតាម ឈ្មោះ សាន់ សារ៉ុន បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ខណៈ រូបគាត់ បានបើករថយន្តចេញទៅក្រៅផ្ទះ ភាគីម្ខាងទៀត បានឈរមើលរថយន្តរបស់គាត់ ពេលនោះគាត់ក៏មិន បានចាប់អារម្មណ៍អ្វីដែរ លុះពេលត្រឡប់មកវិញ ស្រាប់តែកូនរបស់គាត់ប្រាប់ថា អ្នកផ្ទះទល់មុខដែល ជា មនុស្សមិនត្រូវគ្នានោះ ស្តោះទឹកមាត់ឌឺដាក់ ពេលនោះគាត់បម្រុង សួរនាំភ្លាមៗ ប៉ុន្តែដោយយប់នោះរង់ ចាំព្រឹកឡើង ។
លុះដល់ព្រឹកឡើង គាត់បើកទ្វារ បម្រុងទៅសួរនាំ ស្រាប់តែសត្វឆ្កែរបស់គាត់ រត់ទៅមុន ហើយខាំគ្នាជាសត្វឆ្កែរបស់អ្នកនោះ ពេលនោះភាគីម្ខាងទៀត បានទាត់សត្វឆ្កែរបស់គាត់ ហើយគាត់ ក៏ស្ទុះទៅទាត់សត្វឆ្កែរបស់គេវិញ រហូតឈានដល់តឹងមាត់តឹងករដាក់គ្នា ហើយឈានទៅប្រតាយប្រតប់គ្នា ដោយសារតែភាគីខាងមានគ្នាច្រើន បានចាប់ គាត់ជាប់ក្រញ៉ៅរហូតដល់ដាច់មុខគាត់ ជាច្រើនកន្លែងមិន តែប៉ុណ្ណោះ កូនស្រីរបស់គាត់ស្ទុះមកជួយគាត់ ក៏ត្រូវគេវាយបណ្តាល ឲ្យរងរបួសដាច់មុខ បន្តិចផងដែរ ៕