​កាត់ទោស​អតីត​ចាងហ្វាង​កាសែត​ពីបទ ឆបោក​និង​ចេញ​សែក​ស្អុយ​

0

​រាជធានី​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​បាន​បើកសវនាការ​ជំនុំជម្រះ​និង​កាត់ទោស​លោក ហុង ណា​រ៉ា អាយុ​៤៦ ឆ្នាំ​ជា​ថៅកែ​ទិញ​-​លក់​រថយន្ត​យីហោ​« CAR 52 STATE» និង ជា​អតីត​ចាងហ្វាង​កាសែត​កម្ពុជា​ថ្ងៃនេះ ដែល​បាន​ក្ស័យធន ចំនួន​២០​បណ្តឹង ក្រោម​ការចោទប្រកាន់​ចំនួន ៣​បទល្មើស​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​និង​ចេញ​សែក​ឥត​លុយ ប្រព្រឹត្ត​កាលពី ឆ្នាំ ២០១២ និង ២០១៣​។​ ​លោក អ៊ី ឋា​វរៈ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ឈ្មោះ ហុង ណា​រ៉ា ត្រូវបាន​កាត់ទោស​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ប្រាក់​និង​ចេញ​សែក​ឥត​លុយ​។

នៅក្នុង​សំណុំ​រឿងនេះ​ឈ្មោះ ហុង ណា​រ៉ា ត្រូវបាន​ដើមបណ្តឹង ចំនួន​២០​នាក់​ដែល​ដាក់ពាក្យ​ប្តឹង​គាត់​ពីបទ​« ឆបោក និង ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​»​។​ ​លោក​ចៅក្រម​បាន​បញ្ជាក់ថា ឈ្មោះ ហុង ណា​រ៉ា ត្រូវបាន​ចោទប្រកាន់​ពី​តំណាង​អយ្យការ​ចំនួន​៣ បទល្មើសៈ «​ឆបោក​, រំលោភ​លើ​សេចក្តី​អ​ទុកចិត្ត និង ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​» ប្រព្រឹត្ត​នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​ចន្លោះ​ឆ្នាំ ២០១២ និង ២០១៣ និង​ត្រូវបាន​ឃាត់ខ្លួន​ដោយ​សមត្ថកិច្ច​អាវុធហត្ថ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កង​រាជ​អា​រុធ​ហត្ថ​លើ​ផ្ទៃ កាលពី​ថ្ងៃ ទី ១ ខែ មិថុនា ២០១៣​។​ ​

តំណាង​អយ្យកា​រលោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថាៈ ជនជាប់ចោទ​ឈ្មោះ ហុង ណា​រ៉ា មានគំនិត​ទុច្ចរិត​ដើម្បី​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ​ខាងលើ តាម​រូបភាព​ឲ្យ​ជនរងគ្រោះ​កក់​លុយ​ជាមួយ​គាត់ ដើម្បី​កុំម៉ង់​ទិញ​រថយន្ត ពី​សហរដ្ឋអាមេរិក ក្នុង​តម្លៃថោក​។ ប៉ុន្តែ​ក្រោយពី​ទទួលបាន​ប្រាក់​កក់​ពី​ពួកគេ​ហើយ​នោះ​ឈ្មោះ ហុង ណា​រ៉ា មិន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​និង​គោរព​តាម​កិច្ចសន្យា​ឡើយ​។ ទន្ទឹមនឹងនេះ គាត់​បានចេញ​សែក​ដែល​ឥតមាន​សាច់ប្រាក់​ឲ្យ​ជនរងគ្រោះ​ដើម្បី​ទូរ​ទាត់​ប្រាក់​ជំពាក់​របស់គាត់​ទៀតផង​។​ ​

លោក គង់ សំ​សារ៉េត បាន​ថ្លែងថាៈ​«​តំណាង​អយ្យការ​យល់ឃើញថា ទង្វើ​របស់​ជនជាប់ចោទ​ឈ្មោះ ហុង ណា​រា់​នេះ គឺជា​អំពើ​ឆបោក រំលោភ​លើ​សេចក្តី​អ​ទុកចិត្ត និង ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ និង​បាន​រំលោភ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ច្បាប់​។ ហេតុនេះ​តំណាង​អយ្យការ សូម​រក្សា​បទចោទប្រកាន់​ចំពោះ​រូបគាត់ ទុកជាបានការ​ដដែល​និង​សូម​ឲ្យ​ផ្ត​ន្តា​ទោស​ទៅតាម​ច្បាប់​ជា​ធរមាន​»​។​ ​

លោក សុខ ដា​រ៉ា មេធាវី​ការពារ​ក្តី​ឲ្យ​ឈ្មោះ​អ្នកស្រី លី ហួរ (​ជនរងគ្រោះ​) បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ២២ ខែ ធ្នូ ២០១២ កូនក្តី​របស់លោក​បាន​ចុះកិច្ចសន្យា​និង​កំ​ម៉​ង់​ទិញ​រថយន្ត​ម៉ាក់​Toyota Highlander ស៊ើ​រី ២០១០ ពី​ប្រទេស​អាមេរិក​ក្នុងតម្លៃ ៤១០០០ ដុល្លារ ។ អ្នកស្រី លី ហួរ បានក​ក់លុយ​ចំនួន​២៥០០ ដុល្លារ​អាមេរិក​ឲ្យ ហុង ណា​រ៉ា ហើយ​ហុង ណា​រ៉ា សន្យា​ប្រគល់​រថយន្ត​ក្នុង​រយៈពេល ២២ ថ្ងៃ​បន្ទាប់ពី​ចុះកិច្ចសន្យា​។​ ​

លោក​មេធាវី​បាន​បន្តថា ប៉ុន្តែ នៅពេល​ដល់​ថ្ងៃ​សន្យា និង​នៅពេល​កូនក្តី ទៅ​ទទួល​រថយន្ត​ពី​ហុង ណា​រ៉ា ស្រាប់តែ​ពុំមាន​រថយន្ត ហើយ​នៅពេលដែល​កូនក្តី​ទាមទារ​ប្រាក់​កក់​មកវិញ ហុង ណា​រ៉ា បានចេញ សែក​ចំនួន​សន្លឹក ដែលមាន​ទឹកប្រាក់​ចំនួន ២៤៥០០ ដុល្លារ​អាមេរិក​ដើម្បី​យកទៅ​បើក​ពី​គណនី​របស់គាត់ នៅ​ធនាគារ​វឌ្ឍនៈ​។ តែ​នៅពេល​កូនក្តី បាន​យក​សែក​ទៅ​បើក​លុយ​នោះ​គឺ​សែក​នោះ ពុំមាន​សាច់ប្រាក់​ឡើយ​។​ ​លោក​បាន​បន្ថែមថា នៅ​ក្នង​ករណីនេះ កូនក្តី​របស់លោក​ទាម​ទារ​ឲ្យ​ឈ្មោះ ហុង ណា​រ៉ា សង​ប្រាក់ ជំពាក់​ចំនួន ២៤៥០០ ដុល្លារ និង​ទាមទារ​ជម្ងឺ​ចិត្ត ៥០០០ ដុល្លារ​អាមេរិក​។​ ​

ចំណែកឯ ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ លឹម សែ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​បាន​និយាយថាៈ កាលពី​ថ្ងៃទី ២៦ ធ្នូ ២០១២ គាត់​បាន​ចុះកិច្ចសន្យា​និង​កំ​ម៉​ង់​ទិញ​រថយន្ត​ម៉ាក់ Lexus ពី​ប្រទេស​អាមេរិក​ក្នុងតម្លៃ ៦៣០០០ ដុល្លារ ។ គាត់​បានក​ក់លុយ​ចំនួន​៣០០០០ ដុល្លារ​អាមេរិក​ឲ្យ ហុង ណា​រ៉ា ហើយ​ហុង ណា​រ៉ា សន្យា​ប្រគល់​រថយន្ត ក្នុង​រយៈពេល ៦០ ថ្ងៃ​បន្ទាប់ពី​ចុះកិច្ចសន្យា​។

ប៉ុន្តែ នៅពេល​ដល់​ថ្ងៃ​សន្យា និង​នៅពេល​គាត់​ទៅ​ទទួល​រថយន្ត​ពី​ហុង ណា​រ៉ា​នោះ​គឺ​ពុំមាន​រថយន្ត​ឡើយ​។ ហើយ​នៅពេលដែល​គាត់ ទាមទារ​ប្រាក់​កក់​មក​វិញ ហុង ណា​រ៉ា បានចេញ​សែក​ដែលមាន​ទឹកប្រាក់​ចំនួន ២៥០០០ ដុល្លារ​អាមេរិក​។ តែ​នៅ​បើក​នោះ គឺ​សែក​នោះ​ពុំមាន​សាច់ប្រាក់​ទេ​។​ ​នាពេល​សវនាការ​កាល​ពី​ម្សិលមិញ លោក ហុង បានទទួល​ស្គា​ល់ពី​កិច្ចសន្យា​និង​ការចេញ​សែក គ្មាន​សាច់ប្រាក់​ខាងលើ ប៉ុន្តែ​បាន​អះអាងថាៈ លោក​គ្មាន​ចេតនា ឆបោក​ប្រាក់​ជនរងគ្រោះ​ទាំង​នោះទេ​។

លោក​បញ្ជាក់ថា មូល​ហេតុដែល​រថយន្ត​កំ​ម៉​ង់​ទាំងនោះ​ពុំបាន​មកដល់ ដូច​កិច្ចសន្យា គឺ​ដោយសារតែ មាន​បញ្ហា​រាំងស្ទះ ក្នុងការ​កាត់ឈ្មោះ​រថយន្ត​ទាំងនោះ​ពី​ម្ចាស់​ដើម​មក​ក្រុមហ៊ុន​របស់លោក​។ លោក​បាន​បន្ថែមថា ឥឡូវនេះ ទោះបីជា​លោក​ជាប់​ឃុំឃាំង​ក៍ដោយ ក៏​លោក​នៅតែមាន​ចេតនា បន្ត​ការដោះស្រាយ ជូន​ជនរងគ្រោះ​ជានិច្ច​៕ 2