សៀមរាប ៖ សេចក្តីរាយការណ៍ពីតំបន់មាត់ទឹកបឹងទន្លេសាបនៃខេត្តសៀមរាបបានឲ្យដឹងថា សកម្មភាព បទល្មើសនេសាទមានដូចជា អ៊ុយ ប័រ អូសអ៊ួនរុញស៊ើបជាដើម កំពុងឆ្មក់ធ្វើនេសាទល្មើសច្បាប់ ជារៀងរាល់ថ្ងៃនៅក្នុងភូមិសាស្ត្រ ស្រុកប្រាសាទបាគងស្រុកពួក ស្រុកក្រឡាញ់ និងក្រុងសៀមរាប នៃខេត្តសៀមរាប ហើយករណីនេះ គេបានដាក់ការសង្ស័យថា លោក ព្រិន្ទ សាវិន នាយខណ្ឌ័រដ្ឋបាលជលផលខេត្តសៀមរាបនិងសមត្ថកិច្ចជំនាញជាអ្នកនៅពីក្រោយខ្នងនៃការបើកឲ្យមានបទល្មើសទាំងនេះកើតឡើង ជាថ្នូរនិងលុយរាប់លានរៀលក្នុងមួយយប់ៗ។
សេចក្តីរាយការណ៍ដដែលបានបន្តថា រដូវបិទនេសាទឈានចូលមកដល់ហើយ តែគេឃើញបទល្មើសនេសាទជាច្រើនប្រភេទនៅតែបន្តកើតមានយ៉ាងច្រើន ដដែលដោយគ្មានខ្លាចញញើតសមត្ថកិច្ចជំនាញណា១សោះឡើយ។ ទាក់ទិនទៅនិងករណីបទល្មើសនេសាទដែលកើតមានពេញបន្ទុកក្នុងខេត្តសៀមរាបនេះដែរ លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ នាពេលកន្លងមកថា ករណីនេះលោកបាននិយាយ ប្រាប់សមត្ថកិច្ចជំនាញទាំងអស់នៅក្នុងអង្គប្រជុំរួចហើយ បើមានរឿងសមត្ថកិច្ចទៅស៊ុំគ្រលំជាមួយបទល្មើសនេសាទពិតយ៉ាងដូច្នេះមែន អាជ្ញាធរនិងចាត់វិធានការទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន។លោកបន្តថា ចំពោះករណីនេសាទខុសច្បាប់នេះផងដែរលោកបានឲ្យខាងសង្កាត់ចុះផ្ទាល់ទៅណែនាំដល់បងប្អូនប្រជាពលរដ្ឋជាញឹកញាប់ទៅតាមការដែលយើងអាចធ្វើទៅបាន។
លោកបន្ថែមថា លោកនឹងបន្តចុះផ្ទាល់ទៅដល់មាត់ទឹកបឹងទន្លេសាបតែម្តង ដើម្បីឲ្យឃើញជាក់ស្តែង ព្រោះជួនកាល មានមន្ត្រីមួយចំនួនរាយការកុហកថ្នាក់លើក៏អាចថាបានដែរ។ ចំណែកលោកស្រីកែវសុភក្តិ នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានឲ្យដឹងថា លោកមិនសូវបានចុះទៅត្រួតពិនិត្យឲ្យបានញឹកញាប់នោះទេ ព្រោះការងារហ្នឹងលោកបានចាត់ឲ្យមន្ត្រីជំនាញរបស់លោកម្នាក់ជាអ្នកឃ្លាំមើលហើយបើមានករណីនេសាទល្មើសច្បាប់នោះគឺកូនចៅរបស់លោកនិងរាយការណ៍មកជាមិនខាន។ លោកបន្តថា មួយរយះនេះលោកមានការជាប់ប្រជុំច្រើន។
ជុំវិញការលើកឡើងខាងលើនេះដែរលោក ព្រិន្ទសាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបមិនអាចទាក់ទងសុំការបំភ្លឺពីលោកបានទេនៅរសៀលថ្ងៃទី២១ ខែ សីហានេះដោយសារហៅទូរស័ព្ទទៅលោកចូលជាច្រើនដងតែគ្មានអ្នកទទួល។
ដោយឡែក លោក សួស ណារិន មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុកប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់កាលពីថ្មីៗនេះថា លោកទទួលបានព័ត៌មាននេះផងដែរពីខាងសមត្ថកិច្ចមួយរូបនៅសង្កាត់ចុងឃ្នៀស ថា បានយកលុយពីបទល្មើសជាថ្នូរនិងការមិនចុះបង្ក្រាប។ លោកបន្តថា ករណីនេះរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ និងបង្កើនការត្រួតពិនិត្យទៅលើករណីនេះចេះតែកើតមានបន្តទៅទៀត។ លោកបន្ថែមថា សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាល ពិនិត្យផ្លូវច្បាប់ឡើងវិញ ដើម្បីកុំឲ្យមានជនខិលខូចប្រព្រឹត្តខុសច្បាប់តទៅទៀត ហើយបើមិនដូច្នោះទេមច្ឆាជាតិនិងរលាយសាបសូន្យនៅពេលខាងមុខនេះ។ពាក់ពន្ធ័ទៅនិងករណីនេះដែរលោក ប៊ុន ថាឬទ្ធិ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថាលោកទទួលស្គាល់ថាមានបទល្មើសនេសាទកើតឡើងពិតប្រាកដមែន ហើយករណីនេះនៅថ្ងៃទី២១សីហានេះអាជ្ញាធរខេត្តនិងចុះបង្ក្រាបផ្ទាល់តែម្តងក្រោមការដឹកនាំរបស់លោក គឹម ឆៃហៀងអភិបាលរងខេត្ត។
សូមរំលឹកផងដែរថា បទល្មើសនេសាទកើតមានច្រើនជាងគេបំផុតនៅក្នុងខេត្តសៀមរាបនោះគឺបន្ទាប់ពីមានការគ្រប់គ្រងផ្ទាល់របស់លោកព្រិន្ទ សាវិន បានឡើងជានាយខណ្ឌរដ្ឋបាលជលផលអស់រយៈពេលជិត១០ឆ្នាំកន្លងមកនេះ ដែលបណ្តែតបណ្តោយឲ្យកូនចៅក្រោមឱវាទមួយចំនួនទៅឃុបឃិតជាមួយបទល្មើស ជាថ្នូរនិងការមិនចុះបង្ក្រាប។
ទន្ទឹមគ្នានេះផងដែរគេសង្ឃឹមថាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងលោកអភិបាលខេត្តសៀមរាប មេត្តាចុះត្រួតពិនិត្យមើលមន្ត្រីមួយចំនួនដែលមានភារកិច្ច ការពារនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាបផងដើម្បីឲ្យផលត្រីកើនឡើងសមស្របទៅ នឹងតម្រូវការហូបចុករបស់បងប្អូនប្រជាពលរដ្ឋ៕ ខេង ឧត្តម