ខេត្តកំពង់ឆ្នាំង៖ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីនៅក្នុងភូមិកោះក្អែក ចំនួន២៣២នាក់បានទទួលការពិនិត្យនិងព្យាបាលជម្ងឺពីក្រុមការងារគ្រូពេទ្យខេត្ត និងនៅតាមពាងដាក់ទឹកក្នុងផ្ទះមួយចំនួនត្រូវបានគ្រូពេទ្យដាក់សម្លាប់ដង្កូវទឹក និងបាញ់ថ្នាំសម្លាប់មូសតាមផ្ទះ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីមានកាសែតក្នុងស្រុកផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែសីហា ថាអ្នកស្រុកភូមិកោះក្អែកមានជម្ងឺរាប់រយនាក់។
លោក ម៉ម ម៉ាល័យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមព័ត៌មានប្រតិកម្មរហ័សបានអោយដឹងថា៖ក្រោយពីទទួលបានព័ត៌មានដូចខាងលើ៖នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ លោកប្រាក់ វុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំគ្រូពេទ្យមួយក្រុម នាំយកថ្នាំពេទ្យចុះទៅជួយពិនិត្យព្យាបាលជម្ងឺបានចំនួន២៣២នាក់ ដែលក្នុងនោះគ្រូពេទ្យបានរកឃើញអ្នកមានជម្ងឺគ្រុនឈាមតែម្នាក់ប៉ុណ្ណោះដោយជម្ងឺនេះអ្នកឈឺបានជាសះស្បើយជាបន្តបន្ទាប់អស់ហើយ ក្រៅពីនោះមានជម្ងឺគ្រុនក្តៅ គ្រុនពោះវៀន និងរាករូសធម្មតា។
លោក ប្រាក់វុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងដែរថា៖ ក្រៅពីជួយពិនិត្យព្យាបាលជូនប្រជាពលរដ្ឋទាំង២៣២នាក់រួចមក លោកក៏បានអោយគ្រូពេទ្យខេត្ត និងស្រុកសហការគ្នាបាញ់ថ្នាំសម្លាប់មូសតាមលំនៅដ្ឋាន និងដាក់ថ្នាំសម្លាប់ដង្កូវទឹកតាមពាង តាមផ្ទះប្រជាពលរដ្ឋក្នុងក្នុងភូមិកោះក្អែក ឃុំពាមឆ្កោក ស្រុកជលគីរីផងដែរ ដើម្បីកំចាត់ដង្កូវទឹក និងមូសខ្លា ដែលជាប្រភពនៃជម្ងឺ។ទន្ទឹមនោះដែរលោក ក៏បានណែនាំអោយគ្រូពេទ្យក្នុងមណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់ចុះមកពិនិត្យ និងព្យាបាលជម្ងឺជូនអ្នកភូមិកោះក្អែក អោយបានញឹកញាប់ និងជាប្រចាំនៅពេលអ្នកភូមិកើតជម្ងឺច្រើន។
លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏សុំអំពាវនាវផងដែរដល់ប្រជាពលរដ្ឋួយើងទាំងអស់ត្រូវតែអោយកូនចៅដេកក្នុងមុង ហូបទឹកឆ្អិន ត្រូវកាប់ព្រៃជុំវិញផ្ទះ និងជិកអន្លុងកប់សំបកកំប៉ុងដបអោយអស់កុំអោយមូសខ្លារស់នៅ ដែលជាប្រភពនៃជម្ងឺគ្រុនឈាម។បើមានជម្ងឺផ្សេងៗកើតមានច្រើនក្នុងភូមិត្រូវរាយការណ៍ជាបន្ទាន់មកមណ្ឌលសុខភាព ឬមន្ទីរពេទ្យ និងខេត្ត ដើម្បីក្រុមគ្រូពេទ្យចុះមកជួយពិនិត្យព្យាបានអោយបនាទាន់ពេលវេលា៕