ខេត្តសៀមរាប៖ ព្រែកល្វា ដែលជាព្រែកបុរាណនិងជាផ្លូវទឹកសេដ្ឋកិច្ចយ៉ាងសម្ខាន់សម្រាប់ពលរដ្ឋទូទាំងឃុំកំពង់ឃ្លាំង ត្រូវបានលោក ហូវ សាវី ប្រធានសហគមន៍ទេសចរណ៍កំពង់ឃ្លាំងចាក់ដី លើកទំនប់បិទព្រែកល្វា ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន និងបក្សពួក បង្កការលំបាកដល់ពលរដ្ឋទូទៅ នឹងប៉ះពាល់សេដ្ឋកិច្ចប្រចាំថ្ងៃដល់ពលរដ្ឋ។
ព្រែកល្វា ដែលប្រធានសហគមន៍ទេសចរណ៍គឺលោក ហូវ សាវី បានចាក់ដីធ្វើទំនប់បិទផ្លូវទឹកនេះ ស្ថិតនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។
ពលរដ្ឋនៅឃុំកំពង់ឃ្លាំងបានប្រាប់ឱ្យដឹងថា តាំងពីដូនតាមកពួកគាត់មិនដែលឃើញនរណាថ្លើមធំ ហានចាក់ដីបិទព្រែក ដើម្បីអភិវឌ្ឍន៍បែបនេះទេ ដោយមិនគិតពីផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពលរដ្ឋ។ម្យ៉ាងទៀត ការអភិវឌ្ឍន៍របស់ពួកគេពុំមានការជូនដំណឹងដល់ពលរដ្ឋនោះឡើយ គឺពួក
គេធ្វើឡើងតាមតែនឹកឃើញ នឹងដើម្បីតែប្រយោជន៍បុគ្គលនិងបក្សពួកគេ មួយចំនួនតូចតែប៉ុណ្ណោះ។
ពលរដ្ឋបានបន្តថា ការចាក់ដីលើកទំនប់បិទព្រែកដែលជាផ្លូវទឹកគឺបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋទូទាំងឃុំកំពង់ឃ្លាំង ក្នុងការធ្វើចរាចរណ៍ផ្លូវទឹកនិងធ្វើកសិកម្មគ្មានទឹកប្រើប្រាស់ បណ្តាលឱ្យដំណាំកសិកម្មផ្សេងៗមិនសូវទទួលបាននូវទន្និផលខ្ពស់ ម្យ៉ាងទៀតការដឹកជញ្ជូនត្រូវចំណាយថវិការអស់ច្រើនក្នុងការដឹកជញ្ជូនផល អនុផលកសិកម្មយកមកលក់និងទំនិញជូញដូរផ្សេងៗផងដែរ។
ពលរដ្ឋបានបន្តទៀតថា ក្រោយពីប្រធានសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ចាក់ដីលើកទំនប់បិទព្រែក ធ្វើឱ្យពលរដ្ឋទូទាំងឃុំកំពង់ឃ្លាំង មានការក្តៅក្រហាយ ដោយធ្វើចរាចរណ៍ផ្លូវទឹកមិនកើត ពួកគាត់បានប្រមូលគ្នាតវ៉ា សុំរំលាយទំនប់នេះចោលទាំងស្រុង ប៉ុន្តែបន្ទាប់មកទៀត ប្រធានសហគមន៍ទេសចរណ៍ បានយល់ព្រមបើកទំលាយទំនប់ ផ្លូវទឹកប្រមាណពី២ទៅ៣ម៉ែត្រប៉ុណ្ណោះ។
ជុំវិញករណីខាងលើនេះដែរ លោក ហូវ សាវី ប្រធានសហគមន៍ ទេសចរណ៍កំពង់ឃ្លាំង ពុំអាចសុំការបំភ្លឺពីលោកបានទេនៅរសៀលថ្ងៃទី២២ខែសីហានេះ ជុំវិញការចាក់ដីធ្វើទំនប់បិទផ្លូវទឹកនេះ ដោយទូរស័ព្ទហៅចូលជាច្រើនដងពុំមានអ្នកទទួល។ ចំណែកលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគមន៍បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២១ខែសីហា ឆ្នាំ២០១៥នេះថា ការចាក់ដីលើកទំនប់បិទព្រែកល្វានេះ គ្មានច្បាប់ទម្លាប់នេះទេ គឺមានការព្រមព្រៀងគ្នារវាងសហគមន៍និង ពលរដ្ឋតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ការចាក់ដីលើកទំនប់ទប់ទឹកនេះ ដើម្បីរក្សាតំបន់នោះឱ្យមានទឹកខួបប្រាំងខួបវស្សា និងប្រែក្លាយតំបន់នោះឱ្យទៅជាតំបន់ទេសចរណ៍ សម្រាប់មើលត្រី ជិះទូក ជិះកាណូត គឺវាមិនបណ្តាលឱ្យប៉ះពាល់ដល់ពលរដ្ឋជាច្រើននោះទេ គឺអាចប៉ះពាល់ដល់ពលរដ្ឋតែ២ទៅ៣គ្រួសារដែលបានដាក់លប នៅក្នុងតំបន់នោះតែប៉ុណ្ណោះ សម្រាប់ខែវស្សា ចំពោះខែប្រាំង ព្រែកនេះ គោកទឹកអស់ហើយ ហេតុដូច្នេះ ទើបខាងសហគមន៍ទេសចរណ៍ លើកទំនប់បិទព្រែក ដើម្បីឱ្យមានទឹក ទាំងខែប្រាំងនិងខែវស្សា ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ទេសចរណ៍។លោកបន្ថែមទៀតថា ដោយមានការតវ៉ាពីពលរដ្ឋ ខាងសហគមន៍បានទម្លាយទំនប់ឱ្យពលរដ្ឋធ្វើចរាចរណ៍ហើយនាពេលនេះ។
ទោះជាយ៉ាងណាពលរដ្ឋនៅឃុំកំពង់ឃ្លាំងបានអះអាងផ្លូវថា ការលើកទំនប់បិទផ្លូវទឹកគឺធ្វើឡើងតែសម្រាប់បុគ្គលនិងបក្សពួកគេតែប៉ុណ្ណោះ ចំណែកពលរដ្ឋ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សម្រាប់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ម្យ៉ាងទៀតការបើកផ្លូវទឹកមួយប្រលោះតូចនេះ វាមិនគ្រប់គ្រាន់សម្រាប់ពួកគាត់នោះទេ ពីព្រោះច្រកចេញចូលវាតូចចង្អៀត បើកបរកាណូតនៅពេលយប់អាចបណ្តាលឱ្យមានគ្រោះថ្នាក់ និងទំនប់ដែលនៅសល់ អាចបាក់ធ្វើឱ្យគោកព្រែកផងដែរ។
ជុំវិញការលើកឡើងខាងលើ ពលរដ្ឋឃុំកំពង់ឃ្លាំងបានសំណូមពរឱ្យប្រធានសហគមន៍ទេសចរកំពង់ឃ្លាំង គឺលោក ហូវ សាវី ទំនប់នេះទាំងស្រុង ដោយយកអាចម៍ចេញពីព្រែកឱ្យអស់ ដើម្បីរក្សាជំរៅព្រែក ងាយស្រួលក្នុងការធ្វើចរាចរណ៍ផ្លូវទឹកដឹកជញ្ជូនផលដំណាំកសិកម្មផ្សេងៗ ត្រី សាច់ និងដោះដូរទំនិញ សម្រាប់ជីវភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទូទាំងឃុំកំពង់ឃ្លាំង៕ ដោយ ខេង ឧត្តម