តាកែវៈ លោកវរៈសេនីទោ អ៊ុំ ច័ន្ទណារិទ្ទ នាយការិយាល័យរបៀបទំនាក់ទំនងសាធារណៈនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានអ្នកបើករថយន្តរបស់លោកបើកថយក្រោយបុកស្លាប់ភ្លាមៗមួយរំពេចនៅនិងមុខផ្ទះជួលរបស់លោកមួយកន្លែង។ ហេតុការដែលគួរឲ្យរន្ធត់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នៅចំនុចមុខផ្ទះជួលខាងកើតសាលាដំបូងខេត្ត ស្ថិតក្នុងភូមិ២ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះទំនងជាមកពីហូបចុកជាមួយមិត្តភក្តិរបស់គាត់នៅខាងក្រៅ លុះ
មកដល់មុខផ្ទះជួល គាត់បានចុះពីលើឡាន ទុកឲ្យអ្នកបើកបររបស់គាត់ថយរថយន្តចូលផ្ទះដោយគាត់ជាអ្នកឲ្យសញ្ញាពីខាងក្រោយ ពេលនោះអ្នកបើកបរបានជាន់រថយន្តថយក្រោយយ៉ាងគំហុកធ្វើឲ្យបុកគាត់ផ្ទាប់ទៅនិងរបងផ្ទះស្លាប់ភ្លាមតែម្តងទៅ ក្រោយពេលដឹងថាមានគ្រោះថ្នាក់នេះកើតឡើងអ្នកបើករថយន្តបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ ចំណែកឯសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី។


































