សៀមរាប៖ ប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើអ្នកម៉ៅការភាស៊ីផ្សារពួក ដែលតំឡើងសរសៃករ ដាក់អជីវករស្លូតត្រង់រកព្រឹកខ្វះល្ងាច កណ្តៀតកញ្ជ្រែងលក់បន្លែ ត្រូវបានអ្នកយកភាស៊ីផថា លើគ្រវែងកញ្ជ្រែងបន្លែរចោល និងគំរាមគំហែងតាមទំនើងចិត្ត និងមិនខ្វល់ពីសៀវភៅបន្ទុកនោះឡើយ គឺធ្វើយ៉ាងណា ឲ្យតែគ្រេបជញ្ជក់ឈាមរាស្ត្រ ក្រីក្រឲ្យបានតាមបំណង។
អាជីវករផ្សារពួកម្នាក់ឈ្មោះ យែម ជាអ្នកលក់បន្លែ បានឲ្យដឹងថា ជីវភាពគាត់ទីទាល់ក្រ ខ្លាំងណាស់ សព្វថ្ងៃលក់បន្លែបន្តិចបន្តួច គ្រាន់ទំនុកបំរ៉ុងឲ្យកូនរៀន ចំនួន៣នាក់ ពេលខ្លះដាក់កញ្ច្រែងមិនទាន់ដល់ដីផង ស្រាប់តែអ្នកទាភាស៊ីមកដល់ទារភា្លម ទោះជាអង្វរឲ្យរងចាំបន្តិច ក្រែងលក់បាន តែត្រូវបាន អ្នកទារភាស៊ីផ្សារគំរាម និងលើកយកបន្លែរបស់គាត់គ្រវែងចោល ទាំងព្រលឹម ចំណែកការយកភាស៊ីពុំមានបង្កាន់ដៃទៀតផង។ ចំណែកអាជីវករអ្នកលក់បន្លែម្នាក់ទៀតឈ្មោះ មីង ទូច បានឲ្យដឹងថា ខ្ញុំខំដកព្រលឹត ម្អម ក្រសាំង យកមកលក់ នៅក្នុងផ្សារនេះ តែមិនទាន់លក់បានលុយផង ស្រាប់តែអ្នកទារភាស៊ីមកយកលុយពីគាត់ ដោយគាត់បានប្រាប់ទៅវិញថា លក់មិនទាន់ដាច់ បានលុយចាំបន្តិចទៀត ចាំមកយក ពេលនោះអ្នកយកភាស៊ីមិនព្រមក៏ លើកកញ្ច្រែងចាក់បន្លែរបស់គាត់ គ្រវែង ចោល ទង្វើរបែបនេះ ធ្វើដូចពួកគាត់មិនមែនជាមនុស្សអញ្ចឹង។លោកស្រីបានបន្តទៀតថា ចំពោះការយកភាស៊ីនោះដោយមិនមានក្រដាសស្នាម និងយកតម្លៃភាស៊ីតាមតែ អំពើចិត្តរបស់ពួកគេ។ ដោយ កន្លែងខ្លះ យកពី១០០០រៀលរហូតដល់៣០០០រៀល ក្នុង១កន្លែង តាមបន្លែ តិច ឬច្រើន ។
លោក សន នី អ្នកគ្រប់គ្រោងភាស៊ីផ្សារពួកបានប្រាប់អ្នកសារពត័មាន តាមទូស័ព្ទថា លោកសារភាពកំហុសដែលលោកបានបញ្ជាអោយសន្ដិសុខរបស់គាត់លើកបន្លែបង្ការបស់ប្រជាពលរដ្នដែលលក់នៅតាមដងផ្លូវនៅព្រឹកថ្ងៃទី២២ខែសីហានេះ ដោយសារលោកចង់ដឹងថាប្រតិកម្មចេញមកពីណា លោកបានឱ្យសន្តិសុខយកក្នុង១កញ្ចែង២០០រៀល ក្នុង១ម្ចាស់មានរហូតដល់៥ ទៅ៦កញ្ចែង អញ្ចឹងគាត់ត្រូវយក១០០០រៀល សំរាប់បង់ឱ្យអ្នកយកសំរាម ដឹកចេញផង និងម្យ៉ាងទៀតចង់ឱ្យអាជីវករទាំងនោះចូលទៅលក់ក្នុងផ្សារវិញ ដើម្បីកុំឱ្យប៉ះពាល់សណ្តាប់ធ្នាប់និងកកស្ទះចរាចរ ។
លោក ម៉ៅ វិសុទ្ធ អភិបាលស្រុកពួក បានឱ្យដឹងថា បើតាមគោលការណ៍របស់រដ្នក្នុងសៀវភៅបន្ទុក គឺរដ្នបានកំណត់ក្នុង៤ម៉ែត្រការ៉េ យក៤០០រៀល ៥ម៉ែត្រការ៉េ៥០០រៀល ហើយគោលការណ៍នេះលោកបានផ្សព្វផ្សាយ និងដាក់អោយប្រើប្រាស់រួចហើយ បើសិនជាការអនុវត្តន៍ខុសសៀវភៅបន្ទុកសុំឱ្យធ្វើការណ៍តវ៉ា និងចាត់វិធានការណ៍ ត្រូវប្ដឹងតវ៉ាតាមគណះកម្មការផ្សារ កុំតែប្រទូសសារ៉ាយប្រើហឹង្សាដាក់គ្នា។ លោកបន្ដថាលោកនិងចាត់វិធានការណ៍ក្នុងរឿងនេះ ទៅតាមគោលការណ៍នៃសៀវភៅបន្ទុក ដើម្បីកុំឱ្យមានបញ្ហាបែបនេះទៀត ។
ជុំវិញករណីខាងលើនេះដែរ ក្រុមអាជីវករ ទទូចដល់លោក ឃឹម ប៊ុន អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក ឧកញ៉ា សៀងណាំ មេត្តាជួយអន្តរាគមន៍ ឱ្យម្ចាស់ភាស៊ីផ្សារពួក យកភាស៊ីតាមសៀវភៅបន្ទុកនិងកុំឱ្យប្រើអំពើហឹង្សាបន្តទៀតទៅលើពួកគាត់ ព្រោះពួកគាត់គឺសុទ្ធតែប្រជាពលរដ្ឋក្រីក្រ រកព្រឹកខ្វះល្ងាច គ្មានលុយកាក់ សម្រាប់ទិញតូប ឬទីតាំងលក់ដូរពិតប្រាកដនោះទេ ហើយពួកគាត់បានដើរបេះបន្លែតាមព្រៃ ដូចជាផ្សិត និងស្លឹកព្រៃ ជួនពេលខ្លះលើកបន្លែពីគេយកមកលក់គ្រាន់បានកម្រៃខ្លះចិញ្ចឹមកូន និងដោះស្រាយទិញសំលៀកបំពាក់ឱ្យកូនបានទៅរៀនព្រមទាំង ជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ៕ ខេង ឧត្តម