សៀមរាប : ជនសង្ស័យជាមុខសញ្ញាទាំងពីរនាក់នេះជាប់ពាក់ព័ន្ធនិងករណីខាងលើត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំ និង កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបធ្វើការតាមដានស្រាវជ្រាវជិតមួយខែទើបជាក់ស្តែងនៅវេលាម៉ោង២២និង៤៥នាទី ត្រូវនិងថ្ងៃទី២៥ខែមេសាឆ្នាំ២០១៤បន្ទាប់ពីកម្លាំងសមត្ថកិច្ចមូលដ្ឋានបានធ្វើការល្បាតនៅតាមដងផ្លូវក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ក៏បានប្រទះឃើញជនសង្ស័យទាំងពីរនាក់នេះដោយមានការសង្ស័យផងនោះក៏បានធ្វើការចាប់ឃាត់ខ្លួនរួចធ្វើការប្រគល់មកឲ្យការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែម្តងដើម្បីអនុវត្តបន្ត ។
លោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញរបស់លោកបានទទួលនិងបានធ្វើការសួរនាំចំពោះជនសង្ស័យទាំងពីរនាក់នេះនិងបានធ្វើការតាមដានស្រាវជ្រាវបន្តជាលិទ្ធផលសមត្ថកិច្ចបានរកឃើញនូវវត្ថុតាងក៏ដូចជាចម្លើយសារភាពពីជនសង្ស័យទាំងពីរនាក់នេះពិតប្រាកដដោយជនសង្ស័យ ទី១ មានឈ្មោះ លិញ បញ្ញា ហៅ ដូច ភេទ ប្រុស អាយុ១៧ឆ្នាំ ២ ឈ្មោះ ធឿន ទីណា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ។
លោកវរសេនីយ៍ត្រី អ៊ុំ សាអាត បានបន្តឲ្យដឹងទៀតថា ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតគ្រឿងញៀវខុសច្បាប់ប្រភេទម្សៅមេតំហ្វេតាមីន ហៅម៉ាទឹកកបានចំនួន១កញ្ចប់តូចដោយជនសង្ស័យឈ្មោះ លិញ បញ្ញា ហៅ ដូច ភេទ ប្រុស អាយុ១៧ឆ្នាំ ជាអ្នករក្សាទុកនូវសារធាតុញៀនចំណែកឯជនសង្ស័យឈ្មោះ ធឿន ទីណា ភេទប្រុស អាយុ២៨ឆ្នាំនេះជាអ្នកចាត់ចែងឲ្យប្រើប្រាស់នូវសារធាតុញៀវខុសច្បាប់ ។
បច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីព្រឹកថ្ងៃទី២៧នេះដើម្បីចំណាត់ការទៅតាមនិតិវិធីជាបន្ត ៕ អត្ថបទដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ