ខេត្តកំពង់ឆ្នាំង ៖នៅពេលទឹកទន្លេឡើងលិចខ្នងចំការ ប្រជាកសិករបានសម្រុកកាច់ពោតយកមកលក់ទីផ្សារ ដែលធ្វើអោយតម្លៃផ្លែពោតក្នុងផ្សារក្រោម ខេត្តកំពង់ឆ្នាំង មួយផ្លូន( ៤៤ផ្លែ )បានធ្លាក់ចុះដល់៦ទៅ៨ពាន់រៀល ដែលកាលពីដើមសប្តាហ៍កន្លងទៅ មានតម្លៃ មួយផ្លូន ពី១ម៉ឺន ទៅ១២.០០០រៀល។ លោក ពៅ សុភាព ជាអ្នកទិញកសិផលពីប្រជាពលរដ្ឋដែលដឹកតាមទូកយកមកលក់ ហើយគាត់បានលក់បន្តទៅអោយម៉ូយដឹកតាមរថយន្តទៅលក់នៅភ្នំពេញ បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងដូចនេះនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នៅកំពង់ផែផ្សាក្រោម ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។លោក ពៅ សុភាព បាននិយាយអោយដឹងទៀតថា៖ សព្វថ្ងៃគាត់ទិញបន្លែគ្រប់ប្រភេទមាន ត្រឡាច ឪឡឹក ម្ទេស ត្រសក់ ល្ពៅ ជាដើម តែសម្រាប់ផ្លែពោត ក្នុងពេលទឹកទន្លេឡើងកាលពីប៉ុន្មានថ្ងៃមុន ប្រជាកសិករបានសម្រុកកាច់មកលក់គ្រប់ៗ ព្រោះខ្លាចទឹកលិច ធ្វើអោយផ្លែពោតបានធ្លាក់ចុះពី ៦ទៅ ៨ពាន់រៀលក្នុងមួយផ្លូន ប៉ុន្តែទឹកទន្លេស្រាប់តែស្រកទៅវិញជាងកន្លះម៉ែត្រ ប្រជាកសិករបានបង្អង់ដៃកាច់ពោតមកលក់ ពោតបានឡើងថ្លៃវិញ១ម៉ឺនទៅ១ម៉ឺន២ពាន់រៀល ក្នុងមួយផ្លូន ។គាត់បញ្ជាក់ថាៈគាត់ប្រមូលទិញពីកសិករគ្រប់ទីកន្លែង ហើយបានលក់អោយម៉ូយដែលចាំទិញដឹកទៅភ្នំពេញ និងតាមខេត្តផ្សេងៗ ដោយមួយផ្លូនចំណេញ១ទៅ២ពាន់រៀលប៉ុណ្ណោះ នៅកាត់ថ្លៃកម្មករលើកដាក់ទៀតមិនចំណេញច្រើននោះទេ ។បងស្រី សាន សាវី ជាកសិករនៅភូមិព្រែកឆ្តោរ ឃុំព្រៃគ្រី ស្រុកជលគិរី បាននិយាយអោយដឹងថាៈ ឆ្នាំនេះពោតរបស់គាត់បានទទួលផលយឺតជាឆ្នាំមុន ដែលតាមគម្រោងការរបស់គាត់ ត្រូវទុកពោតអោយទុំទើបកាច់មកប្រឡេះយកគ្រាប់លក់ទើបបានថ្លៃជាង ប៉ុន្តែមិនអាចទុកបានព្រោះទឹកបានឡើងលិចចំការពោតគាត់ទៅហើយ ទើបគាត់ប្រញាប់ប្រញាល់កាច់មកលក់ បានមួយផ្លូនតែ១ម៉ឺនរៀលប៉ុណ្ណោះ គឹតទៅមួយផ្លែបានប្រមាណតែ២០០រៀលប៉ុណ្ណោះ។ការធ្វើចំការបើប្រៀបធៀបគិតគូរក្នុងការចំណាយ ភ្ជួររាស់ដី ដាក់ជី ថែទាំវិញ មិនរួចខ្លួននោះឡើយ តែធ្វើម៉េចទេព្រោះគាត់ជាកសិករនៅជនបទគ្មានមុខរបរអ្វីក្រៅពីធ្វើចំការនោះឡើយ។ ក្រៅពីដាំពោត នៅមានបន្លែ ដូចជាត្រឡាច ល្ពៅ ត្រប់ និងម្ទេសជាដើម ចេះតែដាំដុះផ្សំគ្នាទៅ ប៉ុន្តែដល់ខែទឹកទន្លេឡើងគឺប្រជាកសិករទាំងអស់ទាំងគេ ទាំងគាត់ នាំគ្នាសម្រុកប្រមូលផលយកមកលក់នៅទីផ្សារទោះបីមានតម្លៃថោកឬថ្ងៃក៏ដោយ ព្រោះតែខ្លាចទឹកទន្លេលិចចូលខូចខាតអស់ ៕