សៀមរាប៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ឯម្នាក់ទៀតបានស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យបង្អែកខេត្ត ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ ជិះម៉ូតូបុកគូថរថយន្តចតស្ងៀម។ ហេតុការណ៏នោះ បានកើតឡើងនៅម៉ោងជាង៨យប់ នាថ្ងៃទី២៣ខែសីហា នៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ។
លោកវរសេនីយ៏ត្រីប៉ោះ ចន្ថា អធិការងទទួលបន្ទុកចរាចរណ៏ នៃអធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា សពជនរងគ្រោះទាំងពីរទី១ឈ្មោះផាត ធា ប្រុសអាយុ១៧ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកវី វ៉ា ពណ៏ខ្មៅពាក់ស្លាកលេខប៉ៃលិន១អា ០៩៧៣ ក្នុងដំណើរពីកើតទៅលិច ស្លាប់នៅនឹងកន្លែង។ ទី២ឈ្មោះឃឿន ពុំនិត ប្រុសអាយុ១៦ឆ្នាំ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ អ្នកទាំងពីរ នៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។ ចំណែករថយន្តដែលចតស្ងៀមម៉ាកហ៊ី ណូ ពណ៏បៃតង ពាក់ស្លាកលេខកំពង់ធំ៣អា ០៣៥៦ ចតនៅស្តាំដៃដោយគ្មានដាក់ភ្លើងបំភ្លឺឬសញ្ញាអ្វីទេ ប៉ូលិសមិនបានស្គាល់ឈ្មោះតៃកុងឡើយ ព្រោះក្នុងពេលកើតហេតុ តៃកុងរត់គេចខ្លួនបាត់។
លោកអធិការង ឲ្យដឹងទៀតថា ក្រោយពេលប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ ម៉ូតូនិងរថយន្ត បានយកទៅរក្សាទុកនៅអធិការ រងចាំដោះស្រាយតាមផ្លូវច្បាប់៕ ឧត្តម