ខេត្តកំពង់ឆ្នាំង៖ក្តីកង្វល់របស់ប្រជាពលរដ្ឋជាច្រើននាក់ បានលើកឡើងទាក់ទងក្នុងការធ្វើអត្តសញ្ញាណបណ្ណ័សញ្ញាតិខ្មែរ នៅក្នុងវេទិការសាធារណៈមួយរបស់សាលាក្រុងកំពង់ឆ្នាំង ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នៅក្នុងសាលានយោបាយខេត្ត ដោយមានការចូលរួមដោះស្រាយនិងបំភ្លឺ ដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក្រុមការងារជាតិថ្នាក់កណ្តាលនិងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំង។នៅក្នុងវេទិការនេះមានការចូលរួមពីអាជ្ញាធរសង្កាត់ភូមិ ប្រជាការពារភូមិ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សរុបចំនួន៤៩៤នាក់។
នៅក្នុងវេទិកានេះ លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ មកដល់ពេលនេះ ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងបានធ្វើអត្តសញ្ញាណបណ្ណ័ចំនួន៣៥.៥៥៨នាក់ នៅក្នុងចំនួននេះបានផ្តល់អោយអត្តសញ្ញាណបណ្ណ័រួចចំនួន១៥.៣៨៦នាក់ នៅសល់ចំនួន២០.១៧២នាក់។
ដោយឡែកក្នុងវេទិការនេះមានប្រជាពលរដ្ឋ ជាច្រើននាក់បានឡើងសាកសួរនិងទុកកង្វល់ ក្នុងរឿងធ្វើអត្តសញ្ញាណបណ្ណ័ជាច្រើនចំណុចមានដូចជា៖ ការធ្វើអត្តសញ្ញាណប័ណ្ណខុសឈ្មោះ ខុសថ្ងៃខែតើត្រូវធ្វើដូចម្តេច ហើយត្រូវបង់សេវា១ម៉ឺនរៀលទៀតដែរឬទេ?។ពេលសុំធ្វើថ្មី មន្ត្រីនគរបាលសុំសេវាពី១០ម៉ឺន ទៅ២០ម៉ឺនរៀល តើត្រឹមត្រូវឬទេ?។ប្តីសញ្ញាតិខ្មែរ ប្រពន្ធជនជាតិវៀតណាម តើកូនអាចធ្វើសំបុត្រកំណើតខ្មែរបានដែរឬទេ?។ពេលទៅធ្វើអត្តសញ្ញាណប័ណ្ណរួចហើយ តែ៣ទៅ៤ខែក្រោយមកមិនទាន់បាន តើត្រូវធ្វើដូចម្តេច?។ប្រជាពលរដ្ឋខ្លះ ទៅធ្វើអត្តសញ្ញាណប័ណ្ណដូរឈ្មោះថ្មីខុសពីសំបុត្រកំណើត តើត្រឹមត្រូវតាមច្បាប់ដែរឬទេ?។ពេលអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារបាត់ ឬត្រូវភ្លើងឆេះ តើត្រូវធ្វើដូចម្តេច?
ទាក់ទងនឹងសំណួរទាំងអស់ខាងលើនេះ លោកជំទាវ ជូ ប៊ុនអេង និងលោកស្រីឧត្តមសេនីយឯក នៃនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ និងលោក ឡូវ ម៉ាលី ស្នងការរងនគរបាលខេត្ត ទទួលការងារអត្តសញ្ញាណកម្ម បានធ្វើការដោះស្រាយ និងបំភ្លឺជូនប្រជាពលរដ្ឋជាម្ចាស់សំណួរអោយបានដឹងថា៖ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណខុសឈ្មោះ ខុសថ្ងៃខែ ឬខុសអាស័យដ្ឋាន ត្រូវប្តឹងទៅនគរបាលប៉ុស្ត៍នគរបាលរដ្ឋបាលធ្វើរបាយការណ៍ច្បាស់លាស់ រាយការណ៍ជូនអធិការនគរបាលស្រុកក្រុង និងរាយការណ៍ជូនការិយាល័យអត្តសញ្ញាណកម្មនៃស្នងការនគរបាលខេត្តក្រុង ដើម្បីសុំទៅថ្នាក់ក្រសួងធ្វើសារថ្មី។ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណខុសឈ្មោះ ឬថ្ងៃខែ ជាកំហុសរបស់មន្ត្រីនគរបាល គឺមិនត្រូវបង់សេវាអាករជាថ្មីទៀតឡើយ។ការទាមទារប្រាក់ថ្លៃសេវាលើសពី១ម៉ឺនរៀលដែលប្រកាសដោយអន្តរ
ក្រសួង គឺជាទង្វើខុសច្បាប់ បើមានករណីនេះ ប្រជាពលរដ្ឋត្រូវកត់អត្តលេខមន្ត្រីនគរបាលរូបនោះប្តឹងមកថ្នាក់លើ។ចំពោះការធ្វើសំបុត្រកំណើតតាមច្បាប់ស្តីពីសញ្ជាតិ បើប្តីឬប្រពន្ធមួយណាជាសញ្ជាតិខ្មែរ កូនគឺត្រូវតែជាសញ្ជាតិខ្មែរយ៉ាងពិតប្រាកដ។ការធ្វើអត្តសញ្ញាណប័ណ្ណខុសពីសំបុត្រកំណើត គឺខុសច្បាប់ អាចធ្វើទៅបាន គឺត្រូវប្តឹងទៅតុលាការសុំប្តូរឈ្មោះ ហើយត្រូវបានតុលាការចេញសាលក្រមតាមផ្លូវច្បាប់។ការបាត់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬអត្តសញ្ញាណប័ណ្ណគឺត្រូវប្តឹងទៅប៉ុស្តិនគរបាលរដ្ឋបាលរបស់ខ្លួន ដើម្បីសុំធ្វើជាថ្មី ចំណែកសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសំបុត្រសុំចម្លងកំណើតដែលបានបាត់ ត្រូវសុំធ្វើនៅសាលាឃុំសង្កាត់របស់ខ្លួន ប៉ុន្តែមិនអាចធ្វើខុសពីសំបុត្រកំណើតដើមឡើយ។បើចង់ផ្លាស់ប្តូរសំបុត្រកំណើតថ្មី ត្រូវប្តឹងទៅតុលាការ អោយតុលាកាមោគភាពចេញសាលក្រមតាមផ្លូវច្បាប់ ទើបអាចធ្វើអាចសុំធ្វើសំបុត្រកំណើតថ្មីបាន។ការបំភ្លឺ និងការដោះស្រាយខាងលើនេះ ត្រូវបានប្រជាពលរដ្ឋទទួលយកបាន។
នៅចុងកម្មវិធីនេះដែរ លោកជំទាវ ជូ ប៊ុនអេង ក៍បានចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋចំនួន៤៩៤នាក់ និងបានចែកមុងជ្រលក់ថ្នាំដល់ប្រជាការពារចំនួន១៥៥នាក់ផងដែរ៕




































