ខេត្តសៀមរាប៖ លោកប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា ត្រូវបានផ្លាស់ប្តូរហើយ កាលពីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ក្រោមវត្តមានលោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី។លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា បានកាន់កាប់តំណែងដ៏រសើប និងមានការរិះគន់ពីប្រជាជន អស់រយៈពេល ១៤ ឆ្នាំ មកហើយ ប៉ុន្តែពេលនេះ លោកបានត្រូវផ្លាស់ចេញជាផ្លូវការហើយ ដែលអ្នកចូលជំនួសតំណែងជា អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្មីគឺលោក ស៊ុំ ម៉ាប់ ដែលគេស្គាល់ថា អតីតអគ្គនាយក សាលាភូមិន្ទរដ្ឋបាល និងជាមន្ត្រីមួយរូប ធ្វើការនៅទីស្តីការគណៈរដ្ឋមន្ត្រី បច្ចុប្បន្ន ផងដែរ។
ប្រធាននាយក ដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានប្រាប់អោយដឹងនៅព្រឹកនេះថា អតីតនាយក សាលាភូមិន្ទរដ្ឋបាល លោក ស៊ុំ ម៉ាប់ នឹងត្រូវ ប្រកាសឲ្យ បន្តតំណែង អគ្គនាយកអាជ្ញាធរ ជាតិអប្សរានេះ នៅក្នុងពិធីដែល នឹងប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោកឧបនាយករដ្ឋ មន្ត្រី សុខ អាន រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី។
ទោះបីជាមានការផ្លាស់ប្តូរតំណែង អគ្គនាយកអាជ្ញាធរអប្សរានេះ មិនត្រូវបានប្រភពណា អះអាងថា បណ្តាលមកពីកំហុសអ្វីឡើយ ប៉ុន្តែមន្ត្រីនៅអប្សរាមួយរូប ប្រាប់ថា គឺជាការផ្លាស់ប្តូរ ជាធម្មតាប៉ុណ្ណោះ ដែលថ្នាក់លើតែងតែធ្វើឡើង។
លោក ប៊ុន ណារិទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានអាជ្ញាធរអប្សរា ឪ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី បានទៅកាន់តំណែងថ្មី ជាសមាជិក ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការ គណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី ៕ ខេង ឧត្តម