សៀមរាប៖ ប្រជាពលរដ្ឋចំនួន៣គ្រួសារ ទទួលបានការបំពាក់មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។ ពិធីប្រគល់នេះ ធ្វើឡើងនៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
ការប្រគល់ជូនមេដាយនៅពេលនេះ ធ្វើឡើងដើម្បីសម្តែងនូវការដឹងគុណចំពោះគ្រួសារទាំង៣ ដែលបានស្ម័គ្រចិត្តបរិច្ចាគដីរបស់ខ្លួនជូនរដ្ឋ ដើម្បីស្ថាបនាឡើងវិញនូវទំនប់បុរាណ ក្នុងគម្រោងគ្រប់គ្រងស្ទឹងសៀមរាប និងបញ្ជៀសទឹកជំនន់ក្នុងរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបទាំងមូល។ ប្រជាពលរដ្ឋទាំង៣គ្រួសារនេះមាន លោក តាំង គ្រុយ និងអ្នកស្រី ដួង មៀវហួរ លោក អ៊ុត ប៉េងយ៉ុង និងអ្នកស្រី សុខ ជូ លោក តាំង សេងហេង និងអ្នកស្រី សុង វី។
ដីដែលប្រជាពលរដ្ឋទាំង៣គ្រួសារស្ម័គ្រចិត្តប្រគល់ឲ្យអាជ្ញាធរជាតិអប្សរានេះ ជាប្រភេទដីចម្ការ និងដំណាំហូបផ្លែ មានទំហំជាង ៤០០០០ ម៉ែត្រក្រឡា នៅលើខ្នងទំនប់ និងពោះប្រឡាយបុរាណផ្នែកខាងជើងរមណីយដ្ឋានអង្គរ ក្នុងភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលពួកគាត់ធ្លាប់បានកាន់កាប់និងអាស្រ័យផលជាង១០ឆ្នាំកន្លងមកហើយ។
លោក តាំង គ្រុយ តំណាងឲ្យប្រជាពលរដ្ឋទាំង៣គ្រួសារបានឲ្យដឹងថា មូលហេតុដែលគ្រួសារលោកសម្រេចចិត្តបរិច្ចាគដីជូនរដ្ឋកន្លងមកនេះ ដោយសារលោកបានមើលឃើញនូវផលប្រយោជន៍ដ៏មហាសាល នៃគម្រោងគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា ដែលបានធ្វើការស្តារឡើងវិញនូវទំនប់ប្រឡាយបុរាណ បានបញ្ជៀសទឹកជំនន់ចេញពីរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបយ៉ាងមានប្រសិទ្ធភាពកន្លងមក ឲ្យផុតពីការប៉ះពាល់ដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងធានាដល់កិច្ចការពារប្រាង្គប្រាសាទដែលជាមរតកវប្បធម៌ដ៏មានតម្លៃ។
ក្នុងពិធីប្រគល់មេដាយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន លើកឡើងថា រាជរដ្ឋាភិបាល សូមសរសើរដោយស្មោះចំពោះទឹកចិត្តប្រជាពលរដ្ឋទាំង៣គ្រួសារនេះ ដែលមានមនសិការខ្ពស់ បានបរិច្ចាគដីជូនរដ្ឋ ក្នុងបុព្វហេតុចូលរួមចំណែកលើការងារថែរក្សារមណីយដ្ឋានអង្គរ។
នេះគឺជាគំរូដ៏ល្អមួយ ដែលប្រជាពលរដ្ឋបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការថែរក្សាការពារបេតិកភណ្ឌអង្គរ ជាមួយអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងកិច្ចកាអភិរក្ស និងលើកតម្លៃរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក៕ ខេងឧត្តម