ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារត្រូវជនពុំស្គាល់មុខលួចកាប់ប្រហារ ត្រូវចំកញ្ចឹងករបួសដល់ឆ្អឹង ឈាមហូរស្រោចពេញខ្លួន ហើយត្រូវបានមិត្តភក្រ័ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង។ ករណីនេះនេះបានកើតឡើងចន្លោះម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅតាមផ្លូវជាតិលេខ៥ នៅទល់មុខហាងលក់ម៉ូតូហុងដា ស្ថិតនៅក្នុងភូមិឍ្លាំងប្រាក់ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខណៈជនរងគ្រោះជិៈម៉ូតូម្នាក់ឯងត្រឡប់មកផ្ទះវិញ។
លោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថា ជនរងគ្រោះ មានឈ្មោះ លី មាន ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានរងរបួសត្រង់កញ្ចឹងកដល់ឆ្អឹង ដែលមានស្ថានភាពធ្ងន់ធ្ងរ ។
មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៤នាក់ បានផឹកស៊ី នៅហាងឈ្មោះ « ជាយក្រុងកំពង់ឆ្នាំងត្រជាក់ចិត្ត »លុះម៉ោងជាង១០យប់បានត្រឡប់មកវិញ ប៉ុន្តែនៅ ម៉ោងជាង១រំលងអាធ្រាតុ បានត្រឡប់ទៅហាងនោះម្តងទៀត២នាក់មិត្តភ័ក្រ ឈ្មោះ យ៉ា នៅភូមិប្អេរ ប៉ុន្តែពេលទៅដល់ម្ចាស់ហាងប្រាប់ថាៈ ហាងបិទហើយ ពេលនោះ ជនរងគ្រោះបានត្រឡប់ មកវិញ
ហើយ បានជូនមិត្តភក្រ័ឈ្មោះយ៉ា ទៅដាក់ នៅផ្ទះ រួចក៏ជិៈម៉ូតូម្នាក់ឯងមកផ្ទះ តែពេលមកដល់កន្លែងកើតហេតុស្រាប់តែមានជនពុំស្គាល់មុខបានស្ទុះមកកាប់ពីក្រោយត្រូវកញ្ចឹងក បណ្តាលអោយរងរបួសធ្ងន់តែម្តង។ ក្នុងពេលនោះជនរងគ្រោះបានព្យាយាមទូរស័ព្ទហៅមិត្តភ័ក្រ ឈ្មោះយ៉ា អោយត្រឡប់មកយកខ្លួនទៅមន្ទីរពេទ្យខេត្ត។ពេលទៅដល់មន្ទីរពេទ្យខេត្ត ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះត្រូវបានគ្រូពេទ្យខេត្ត បញ្ជូនយកទៅសង្គ្រោះ បន្តនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
លោក ម៉ា យន្ត បានបន្តថាៈ ពេលនេះក្នុងការស្រាវជ្រាវនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនោះឡើយ ព្រោះជនរងគ្រោះរបួសអ្ងន់មិន អាចនិយាយបាននៅឡើយ ទើបមិនទាន់កំណត់មុខសញ្ញបាន៕



































