រតនគីរី៖ លោក ជួប វណ្ណារ័ក្ស អធិការរងស្រុកកូនមុំ បានដឹកនាំកម្លាំង តាមស្ទាក់រថយន្តដឹកឈើប្រណិត ពុំបានសម្រេច ត្រូវក្រុមពួកជនល្មើសបើករត់គេចបាត់ ។ នៅវរលាម៉ោង៣.៣០នាទី រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ លោក ជួប វណ្ណារ័ក្ស អធិការរងស្រុកកូនមុំ បានដឹកនាំកម្លាំងមួយក្រុម ចុះតាមស្ទាក់ រថយន្តដឹកឈើធ្នង់១គ្រឿង ម៉ាកសាំយុងកែច្នៃ ព៌ណទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ២F.៦២៧៧ ដោយអកុសល រថយន្តរបស់សមត្ថកិច្ច មិនទំនើប ដូចរថយន្តជនល្មើស ជនប្រព្រិត្តបទល្មើសមាន២គ្រឿងទៀត ១ម៉ាកថុនត្រា ២ម៉ាកលុចស៊ីស៣០០ តាមស្ទាក់ បង្អាក់ដំណើរ កៀររថយន្តក្រុមសមត្ថកិច្ចស្ទើរធ្លាក់ពីលើថ្នល់ ទុកពេលឲ្យរថយន្តដឹកឈើធ្នង់នោះរត់គេចបាត់ ។
លោក ជួប វណ្ណារ័ក្ស អធិការរងស្រុកកូនមុំបានឲ្យដឹងថា ក្រោយពីបានសេចក្តីរាយការណ៍ មកថាមានរថយន្តមួយគ្រឿងកំពុង រៀបឈើធ្នង់ដាក់រថយន្ត រៀបនិងចេញដំណើរ លោកក៏ដឹកនាំកម្លាំងចុះទៅជាបន្ទាន់ ក៏ស្រាប់តែជួបរថយន្តនោះចេញដំណើរ ពីភូមិវាលឆ្កែហត់៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ដែលមានទិសដៅ ពីលិចទៅកើត រថយន្តសមត្ថកិច្ចធ្វើដំណើរពីកើតទៅលិច ខណៈពេលជួបប្រទះនឹងរថយន្ត ដឹកឈើប្រណិតដែលបានសេចក្ដីរាយការណ៍មក នោះ លោកអធិការរង ព្រមទាំងកូនចៅ បានយករថយន្តរបស់លោកដាក់ទទឹងផ្លូវ ស្រាប់តែ ជនល្មើសបើកបររថយន្តបន្ត គេចចូលព្រៃវៀងរថយន្តសមត្ថកិច្ច រត់បន្តទៅទៀត ។
លោក ជួប វណ្ណារ័ក្ស បានបន្តទៀតថា ក្រុមជនល្មើស ដែលហ៊ានដឹកឈើកក្លើនទាំងថ្ងៃមិនខ្លាចអ្នកណានោះ គឺវាអាងខ្សែ អាងខ្នងហើយ លោកនិងតាមស្រាវជ្រាវ និងតាមប្រម៉ាញបន្ត រថយន្តខាងលើនេះ ឲ្យខានតែបាន ក្នុងវេលាដ៏ខ្លីខាងមុខនេះ។ តាមប្រភពព៌ត័មានពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា រថយន្តដែលដឹកឈើមិនដែលខ្លាចអ្នកណានោះ គឺជារថយន្តដឹកឈើឲ្យលោក ឧកញ្ញ៉ា វ័យក្មេងឈ្មោះ ពិសី ដែលជាឧកញ្ញ៉ា រកស៊ីដឹកឈើប្រណិតល្មើសនិងច្បាប់ មិនដែលខ្លាចអ្នកណា
មិនដែលកោតញញើតនិងច្បាប់បន្តិចនោះទេ ប្រភពដដែលបានបញ្ជាក់ទៀតថា គេជាឧកញ្ញ៉ា ជាអ្នកមានអំណាច បើសិនជាប្រជាពលរដ្ឋយើងវិញ ច្បាស់ជាគេចាប់ផាកវិន័យ ជាទឹកប្រាក់ អស់ផ្ទះអស់សំបែង ត្រូវរត់ចោលស្រុក ឬ ក៏ត្រូវជាប់ពន្ធនាគារជាក់ជាមិនខាន ។ ជាប់ពាក់ពិននិងករណីខាងនេះ អ្នកយកព័ត៌មានយើង ពុំអាចសុំការបំភ្លឺ ពីលោកឧកញ្ញ៉ ពីសី បានទេ ៕