ខេត្តកំពង់ឆ្នាំង៖នៅក្នុងឆ្នាំ២០១៥ដោយមានការកែទម្រង់បានល្អលើវិស័យសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវបានប្រជាពលរដ្ឋមានទំនុកចិត្តនាំគ្នាមកព្យាបាលជម្ងឺទូទៅក្នុងមួយថ្ងៃមិនក្រោម១៥០នាក់ឡើយ ដែលបញ្ហានេះត្រូវបានប្រជាពលរដ្ឋលើកឡើងថា មកពីសេវាព្យាបាលមានតម្លៃសមរម្យមន្ទីរពេទ្យខេត្តមានឧបករណ៍និងសម្ភារៈព្យាបាលគ្រប់គ្រាន់ និងក្រុមគ្រូពេទ្យខេត្តមានសីលធម៌ត្រឹមត្រូវ។ លោក សូរិន្ទទី រ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះថា៖នៅក្នុង
មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មានមានគ្រូពេទ្យនិងបុគ្គលិកសរុបចំនួន១៣៦នាក់ ក្នុងនោះមានគ្រូពេទ្យព្យាបាលចំនួន១៨នាក់។នៅក្នុងមន្ទីពេទ្យចែកចេញជាបន្ទប់ទទួលអ្នកជម្ងឺដំបូង អាគារសង្គ្រោះបឋម អាគារសង្គ្រោះបន្ទាន់ អាគារវះកាត់ អាគាររបួស អាគារសម្ភព អាគាររបេង អាគារពេទ្យកុមារ អាគារពិសោធន៍ និងផ្តល់ឈាម បន្ទប់វិទ្យុសាស្ត្រ បន្ទប់សមធម៌ជួយចេញប្រាក់អ្នកជម្ងឺមានបណ្ណ័ក្រីក្រពីមូលដ្ឋាន។ដោយឡែកគ្រែសំរាប់អ្នកជម្ងឺសំរាកមានសរុបចំនួន១២៥គ្រែ ហើយនៅក្នុងថ្ងៃទី៣១ ខែសីហា អ្នកជម្ងឺកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តមានចំនួន២០៧នាក់ ក្នុងនោះមានអ្នកជម្ងឺជាកុមារចំនួន៥៩នាក់។
លោក សូរិន្ទទី រ៉ាវុឌ្ឍី បានបន្តទៀតថា៖នៅរៀងរាល់ព្រឹកម៉ោង៧ក្នុងថ្ងៃធ្វើការបានប្រជុំគ្រូពេទ្យទទួលខុសត្រូវតាមអាគារទាំងអស់ ត្រូវមករាយការណ៍អំពីសភាពអ្នកជម្ងឺទូទៅ ដូចជាជម្ងឺកំពុងសម្រាកក្នុងមន្ទីរពេទ្យ ជម្ងឺចេញចូល ជម្ងឺកុមារ ជម្ងឺដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ និងជម្ងឺត្រូវវះកាត់ប្រចាំថ្ងៃ។ក្នុងករណីមានអ្នកជម្ងឺស្លាប់នៅក្នុងមន្ទីរពេទ្យខេត្ត គណៈកម្មការមន្ទីរពេទ្យខេត្តក៍ត្រូវធ្វើការត្រួតពិនិត្យការព្យាបាលពីសំណាក់គ្រូពេទ្យ ដែលទទួលខុសត្រូវតាមអាគារនីមួយៗអោយបានច្បាស់លាស់ ថាតើមានការព្យាបាលត្រឹមត្រូវតាមវិធីសាស្ត្រនៃលក្ខណៈបច្ចេកទេសដែរឬទេ ដោយមិនត្រូវអោយអ្នកជម្ងឺស្លាប់គ្មានមូលហេតុត្រឹមត្រូវនោះឡើយ។
ដោយឡែកសេវាព្យាបាលអ្នកជម្ងឺវិញ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តបានអោយដឹងថា៖ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ទៅប្រកាសរបស់ក្រសួងសុខាភិបាល និងដាក់តាំងចំហរជូនអ្នកជម្ងឺបានឃើញ ក្នុងនោះចំពោះមនុស្សចាស់មកពិនិត្យព្យាបាលនិងចាក់ថ្នាំមួយពេលមិនសំរាកពេទ្យតម្លៃ៤ម៉ឺនរៀល អ្នកមកសំរាកព្យាបាលជម្ងឺទូទៅមួយជាតម្លៃ១៥ម៉ឺនរៀល ការពិនិត្យនិងពិគ្រោះជម្ងឺមិនប្រើថ្នាំតម្លៃ១ម៉ឺនរៀល ជម្ងឺទឹកនោមផ្អែមនិងផ្លូវចិត្តមួយខែមកពិនិត្យព្យាបាលម្តងតម្លៃ៣ម៉ឺនរៀល ជម្ងឺចក្ខុរោគពិនិត្យព្យាបាលម្តង១ម៉ឺនរៀល ចំណែកកុមារមកសំរាកព្យាបាលជម្ងឺទូទៅមួយជាតម្លៃ៦ម៉ឺនរៀល ដោយឡែកជម្ងឺគ្រុនឈាមព្យាបាលមិនយកប្រាក់ឡើយ។ចំពោះសេវាវះកាត់វិញ វះកាត់ម្តងតម្លៃ៤០ម៉ឺនរៀល ដែលតម្លៃវះកាត់នេះមានសេវាថោកជាងមន្ទីរពេទ្យខេត្តមួយចំនួន បានធ្វើអោយអ្នកជម្ងឺមកពីខេត្តមួយចំនួន ក៍មកសុំទទួលការវះកាត់នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងផងដែរ។ សេវាដែលប្រមូលបានពីអ្នកជម្ងឺត្រូវបានបង់ចូលហិរញ្ញទានមន្ទីរពេទ្យខេត្ត ដែលថវិការនោះចំនួន៦០%ត្រូវបានបើកឧបត្ថម្ភលើកទឹកចិត្តអោយគ្រូពេទ្យខេត្ត ៣៩%ត្រូវយកទៅទិញថ្នាំនិងសម្ភារៈសំរាប់ព្យាបាលចូលពេទ្យវិញ និង១%ត្រូវបង់ចូលថវិការជាតិ។
កន្លងមកក្រោយពីមានបាតុភាពខ្លះៗពីអត្តចរឹកបុគ្គលឹកពេទ្យដែលមានសំដីមិនសមរម្យចំពោះអ្នកជម្ងឺ ត្រូវបានគណៈកម្មការមន្ទីរពេទ្យធ្វើការអប់រំ និងធ្វើកិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ ធ្វើអោយបុគ្គលឹកនិងក្រុមគ្រូពេទ្យបច្ចុប្បន្ននេះយល់បានអំពីតួនាទីភារកិច្ច និងមានអត្តចរឹក សីលធម៌ល្អក្នុងការព្យាបាលថែទាំជម្ងឺ។
ក្នុងពេលនេះទន្ទឹមនឹងមានប្រជាពលរដ្ឋចូលមកព្យាបាលជាច្រើននាក់រៀងរាល់ថ្ងៃនោះ មន្ទីរពេទ្យខេត្តបាននឹងកំពុងកសាងអាគារថ្មជាកន្លែងទទួលអ្នកជម្ងឺដំបូង១ល្វែងទៀត ដើម្បីសំរួលអោយអ្នកជម្ងឺមានកន្លែងអង្គុយរង់ចាំពិនិត្យព្យាបាលបានត្រឹមត្រូវ ដែលថវិការកសាងនេះមួយចំនួនគឺជាថវិការជាតិ និងមួយចំនួនគឺជាថវិការហិរញ្ញទានរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕



































