ខេត្តព្រះវិហារ៖តាមសេចក្ដីរាយការណ៍បានអោយដឹងថាចោរកម្ម,គ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទកំពុងញ៉ាំញីខេត្តព្រះវិហារជារៀងរាល់ថ្ងៃរីឯស្ថាប័នសមត្ថកិច្ចសំខាន់ៗរវល់តែជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួននិងសាមីអង្គភាពនាំគ្នាគិតតែរកស៊ីជួញដូរឈើជាមួយក្រុមឈ្មួញនិងបើកសិប្បកម្មកែច្នៃឈើថែមទៀត។សកម្មភាពដើរល្បាតការពារសន្ដិសុខក្នុងមូលដ្ឋានចុះខ្សោយប្រសិទ្ធភាពដោយសារខ្វះកម្លាំងសមត្ថកិច្ចសហការគ្នាចុះពង្រឹងសន្តិសុខ។
ប្រភពព័ត៌មានរាយការណ៍ពីតំបន់ព្រំដែនប្រាសាទព្រះវិហារបានអោយដឹងថាបនល្បែងស៊ីសងខុសច្បាប់រួមមានសង្វៀនបញ្ជល់មាន់វង់បៀរអាប៉ោងនិងល្បែងយូគីស្ថិតនៅតំបន់មុំ៣ក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារកំពុងមានមនុស្សទៅលេងគគ្រឹកគគ្រេងមានទាំងពលរដ្ឋ,ក្រុមឈ្មួញឈើនិងសមត្ថកិច្ចដែលជាពួកអភិជនញៀនល្បែងស៊ីសង។អ្នកលេងល្បែងនៅទីនោះមកពីខេត្តរនគិរី,ក្រចេះ,ស្ទឹងត្រែង,កំពង់ធំនិងសៀមរាប។
ភ្នាក់ងាររាយការណ៍អោយដឹងនៅព្រឹកថ្ងៃទី០១កញ្ញា២០១៥ថាទីតាំងបើកអោយលេងល្បែងស៊ីសងយ៉ាងកក់ក្ដៅនិងមានសុវត្ថិភាពនោះស្ថិតក្នុងបរិវេណផ្ទៃដី១០ហិកតាដែលគេដឹងច្បាស់ថាជាដីរបស់មន្ដ្រីយោធាជាន់ខ្ពស់ម្នាក់ប្រចាំតំបន់ព្រំដែនប្រាសាទព្រះវិហារឈ្មោះដួងពេជ្រហើយបនល្បែងទ្រង់ទ្រាយធំនេះលេងជ្រកកោននៅពីក្រោយភូមិគ្រឹះរបស់លោកដួងពេជ្រតែម្តង។
ភ្នាក់ងារស៊ើបដឹងថារាល់ការចំណាយលុយបង់ថ្លៃការពារទៅអោយអាជ្ញាធរមានសមត្ថកិច្ចពីថ្នាក់ស្រុកដល់ថ្នាក់ខេត្តគឺលោកដួងពេជ្រជាអ្នកគ្រប់គ្រងហិរញ្ញវត្ដុចំណូលចំណាយផ្ទាល់ដោយដឹងថាចំណូលលុយតុងបានមកពីវង់ល្បែងស៊ីសងទាំងនោះសរុបប្រមាណជិត១ម៉ឺនដុល្លារអាមេរិកក្នុង១ខែៗ។
អ្នកសារព័ត៌មានព្យាយាមជួបទំនាក់ទំនងទៅកាន់លោកដួងពេជ្រជាច្រើនដងប៉ុន្តែមិនទទួលបានការឆ្លើយបំភ្លឺណាមួយនោះទេដើម្បីអោយគាត់ជួយបំភ្លឺទៅនឹងប្រភពព័ត៌មានខាងលើថាតើលោកពិតជាមានភាគហ៊ុនបើកបនល្បែងស៊ីសងដូចការចោទប្រកាន់យ៉ាងណាដែរ?ដោយហៅទូរស័ព្ទចូលចំនួន៥ដងមិនមានអ្នកលើកទទួល។គួរបញ្ចាក់ថាបច្ចុប្បន្ននេះល្បែងស៊ីសងគ្រប់ប្រភេទកំពុងរីកដុះដាលខ្លាំងចាប់ពីក្រុងរហូតដល់តំបន់ព្រំដែនដាច់ស្រយាលបង្កក្ដីព្រួយបារម្ភចំពោះប្រជាជនអំពីចោរកម្មលួចឆក់ប្លន់និងអំពើហិង្សាក្នុងគ្រួសារមានការកើនទ្បើងគួរអោយព្រួយបារម្ភបំផុតនៅក្នុងសង្គមរស់នៅ៕