ខេត្តបន្ទាយមានជ័យ៖ជន សង្ស័យជាមន្ត្រីមគបាលម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅខេត្តបន្ទាយមានជ័យត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងខេត្ត និងនគរបាលក្រុងសិរិសោភ័ណ សហការគ្នាស្ទាក់ចាប់បាននៅម៉ោង២ល្ងាច ថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៥នៅចំណុចក្រោយសណ្ឋាគាររុងរឿងលើផ្លូវគ្រួសក្រហមមួយកន្លែង ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដកហូតបានថ្នាំខេទឹកកជាច្រើនថង់។លោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជនសង្ស័យដែលត្រូវនគរបាលចាប់ខ្លួនមានឈ្មោះ អ៊ុង មុន្នីភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមន្ត្រីប៉ូលីសនៃស្នងការខេត្តបន្ទាយមានជ័យជាអនុសេនីយ៍ឯកនៅក្នុងការិយាល័យកំរិតធ្ងន់។ ក្រៅពីនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទខេទឹកកក៤កញ្ចប់ធំ មានទម្ងន់៦០.៩ក្រាម រថយន្ត១គ្រឿង និងទូរសព្ទ័១គ្រឿង។លោក ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យ អ៊ុង មុន្នីគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ក្រោយស្រាវជ្រាវក៏ឈានដល់ការចាប់ខ្លួនកាលពីវេលាម៉ោង៤ល្ងាចថ្ងៃច័ន្ទ កន្លងទៅ ក្រោយសួរនាំនៅថ្ងៃ១ខែកញ្ញានេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការច្បាប់។ប្រភពពីមន្ត្រីរាជការក្នុងខេត្ត បានបង្ហើយឲ្យដឹងថា ជនសង្ស័យ អ៊ុង មុន្នីគឺជាកូនប្រុសបង្កើតរបស់មន្ត្រីសមាជិកក្រុមប្រឹក្សាម្នាក់ខេត្តបន្ទាយមានជ័យផងដែរ៕