CAMBUILD’15 បានរៀបចំការតាំងពិព័រណ៏វិស័យអចលនទ្រព្យ និងវិនិយោគខ្នាតអន្តរជាតិលំដាប់ថ្នាក់លេខ១នៅកម្ពុជា នឹងប្រារព្ធធ្វើឡើងរយះពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៏កោះពេជ្រ។នៅក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥បានឲ្យដឹងថា ការតាំងពិព័រណ៏វិស័យអចលនទ្រព្យ និងវិនិយោគខ្នាតអន្តរជាតិឆ្នាំ២០១៥ នេះជាព្រឹត្តការណ៍ដ៏សំខាន់សម្រាប់អ្នកវិនិយោគវិស័យអចលនទ្រព្យ ក្រុមហ៊ុន និងភ្នាក់ងារអចលនវត្ថុ ធនាគារ ក្រុមហុនធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួបអ្នកទិញដែលមានសក្តានុពលរាប់ពាន់នាក់ដែលបានចំណាយពេលត្រឹមតែ៣ថ្ងៃ។អ្វីដែលសំខាន់វាគឺជាទីកន្លែងដែលអ្នកទិញអាចធ្វើការសម្រេចចិត្តជាវអចលនវត្ថុ ហើយជួបជាមួយអ្នកជំនាញផ្នែកអចលនទ្រព្យល្បីៗមកពីក្រុមហ៊ុននៅក្នុងស្រុក និងក្រៅស្រុក ជាពិសេសទៅទៀតអ្នកចូលរួមនឹងចេះពីរបៀបមើលក្បួនហុងស៊ុយក្នុងការទិញអចលនទ្រព្យ និងការតុបតែងលំនៅដ្ឋាន ជាមួយអ្នកជំនាញផ្នែកអចលនទ្រព្យល្បីៗ។
ការតាំងពិព័រណ៍វិស័យអចលនវត្ថុនៅកម្ពុជានេះត្រូវបានគេទទួលស្គាល់ថា ជាព្រឹត្តការណ៍លំដាប់ថ្នាក់អន្តរជាតិជាមួយការនាំមកនូវលទ្ធផល និងជោគជ័យដល់ក្រុមហ៊ុនដែលបានដាក់តាំងបង្ហាញ។
បើតាមការបញ្ជាក់របស់លោកនាយមក្រុមហ៊ុន CAMBUILD’15 បានឲ្យដឹងថា ទីផ្សារអចលនទ្រព្យកម្ពុជាបានមានសន្ទុះកើនឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៥ ដូចដែលបានឃើញគម្រោងអគារឧស្សាហកម្ម អគារពាណិជកម្ម និងគម្រោងសំណង់លំនៅដ្ឋានជាច្រើនកំពុងដំណើរការ ជាមួយវិស័យសំណង់ដែលកំពុងកើនឡើងក្នុងអត្រាទ្វេរដងគួរឲ្យកត់សម្គាល់។
ព្រឹត្តការណ៍ដ៏សំខាន់ខាងលើនេះមានជាង២៥គម្រោងអចលនទ្រព្យធំៗនៅក្នុងស្រុក ហើយបន្ថែមពីលើនេះក៏មានការចូលរួមពីបណ្តាលប្រទេសមួយចំនួនដូចជា ប្រទេសម៉ាឡេស៊ី ចិន សឹង្ហបុរី ឥណ្ឌា តៃវ៉ាន់ និងប្រទេសថៃផងដែរ។
គួបញ្ជាក់ថា ការតាំងពិពរណ៍វិស័យអចលនទ្រព្យ ត្រូវបានប្រារព្ធធ្វើឡើងចំនួន៣លើកមកហើយនៅក្នុងប្រទេសកម្ពុជា នេះបើគិតចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៥នេះ៕