ខេត្តឧត្តរមានជ័យ៖ កិច្ចប្រជុំបានធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី៤ខែ កញ្ញា ឆ្នាំ២០១៥នេះ នៅទីបញ្ជាការជួរមុខ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ គន់ គីម ។ នាយឧត្តម សេនីយ៍ ជា តារា នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ដែលជាអគ្គមេបញ្ជាការរង និង មេបញ្ជាការប្រចាំទិស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាមបណ្តាខេត្តជាប់ព្រំដែនមួយចំនួន ក៏មានវត្តមាននាឱកាសនោះដែរ។
តាមសេចក្តីរាយការណ៏របស់គណៈបញ្ជាការឯកភាពទិសទី២បានឲ្យដឹងថា៖ ក្នុងរយៈពេល១ឆ្នាំមកនេះ សភាពការណ៏សន្តិសុខតាមបណ្តាយព្រំដែន រវាងកម្ពុជា នឹងថៃ ជាមូលដ្ឋានគឺស្ថិតក្នុងសភាពមានលំនឹងល្អ។ តែទោះជាយ៉ាងនេះក្តីក៏កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តយកចិត្តទុកដាក់ដល់ពង្រឹងប្រៀប ការពារជាតិជាប់ជាប្រចាំ ដោយធ្វើការតាមដានគ្រប់គ្រងសភាពការណ៏ ការចេញល្បាតត្រួតពិនិត្យភូមិសាស្ត្រ និង ការរក្សាទំនាក់ទំនងល្អជាមួយកម្លាំងប្រទេសជិតខាង។ សេចក្តីរាយការណ៏បានឲ្យដឹងទៀតថា៖ក្រៅពីកិច្ចការងារស្នូល បណ្តាកងឯកភាពនៃទិសទី២ក៏នៅ បានយកចិត្តទុកដាក់ក្នុងកិច្ចការងារបង្កបង្កើនផល ការដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ ។
មានប្រសាសន៏នោះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងកោតសរសើរដល់កងកម្លាំងឈរជើងតាមបណ្តោយព្រំដែនទិសទី២ទាំងអស់ ព្រមទាំងបានរលឹកពីភារកិច្ចការពារបូរ ណភាពដែនដី រក្សាស្ថិរភាពព្រំដែន តាមបទបញ្ជា និងអនុសាសន៍១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដែលដាក់ចេញគោលដៅជាយុទ្ធសាស្ត្រក្នុងការប្រែក្លាយតំបន់ព្រំដែនជាតំបន់មិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕