កំពង់ឆ្នាំង៖ ក្រុមយុវជនសាខាកាកបាទក្រហមខេត្ត ក្រោយពីបានផ្តួចផ្តើមគំនិតរ៉ៃអង្គាសប្រាក់នៅក្នុងសាខារួចមក នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥នេះ បាននាំគ្នាយកអំណោយនូវគ្រឿងឧបភោគបរិភោគមួយចំនួន ទៅផ្តល់ជូនលោកយាយជរាគ្មានទីពឹងចំនួន៣នាក់ នៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ
លោក ប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានថ្លែងអោយដឹងថា៖យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានផ្តួចផ្តើមគំនិតរៃអង្គាសប្រាក់នៅក្នុងក្រុមរបស់ពួកគេ ដើម្បីយកទៅជួយដល់ជនចាស់ជរាក្នុងពេលនេះគឺមានយុវជន មកពីវិទ្យាល័យ ហ៊ុន សែនរលាប្អៀរ, វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ និងវិទ្យាល័យក្រុងកំពង់ឆ្នាំង សរុបប្រមាណជាង៣០នាក់។ពួកគេបានស្ម័គចិត្តផ្តួចផ្តើមគំនិតរៃអង្គាសប្រាក់របស់ពួកគេ និងមិត្តភ័ក្រ យកទៅទិញជាស្បៀងអាហារ ជូនដល់លោកយាយចាស់ជរាគ្មានទីពឹងចំនួន៣នាក់ ដែលក្នុងម្នាក់ៗទទួលបានអង្ក៣០គីឡូក្រាម,មី២កេះ,ត្រីខ២០កំប៉ុង, មុង១,ក្រមា១,សារុង១ និងថវិការ៤ម៉ឺនរៀល។
លោកយាយទាំង៣នាក់រួមមាន៖លោកយាយ ស៊ឹម ធឿន អាយុ៦៣ឆ្នាំ ជាជនជរាពិការ,ទី២លោកយាយ ទា នឹម ជរាគ្មានទីពឹង, និងទី៣គឺលោកយាយ ពៅ សាធ អាយុ៩៥ឆ្នាំ ជរាគ្មានទីពឹង ដែលលោកយាយទាំង៣នាក់ រស់នៅក្នុងភូមិអាឡែង និងភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តំណាងយុវជនសាខាកាកបាទក្រហមកម្ពុជាម្នាក់បានថ្លែងអោយដឹងថា៖ដោយបានមើលឃើញនូវទឹកចិត្តសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលមកពី៣វិទ្យាល័យបានផ្តួចផ្តើមគំនិតរៃអង្គាសប្រាក់ពីមិត្តភ័ក្រ យកទៅជួយលោកយាយទាំង៣ដែលកំពុងខ្វះខាតគ្មានទីពឹង គឺក្នុងបំណងដើរតាមគន្លងសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកកម្ពូជា ដែលជានិច្ចជាកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែផ្តល់នូវភាពកក់ក្តៅ ផ្តល់នូវទឹកចិត្តសប្បុរសធម៌ ដល់ប្រជាពលរដ្ឋគ្រប់ទិសទីក្នុងពេលមានទុក្ខលំបាក គ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ដោយមិនរើសអើង និងប្រកាន់និន្នាការនយោបាយអ្វីឡើយ៕