ភ្នំពេញ ៖ វាជារឿងហួសចិត្តមួយខណៈពេលដែលក្រុមអ្នកយកព័ត៌មានចុះយកផ្ដិតយករូបភាពករណីគ្រោះថ្នាក់ចរាចរមួយបង្កឡើងរវាង រថយន្តស្ទូចមួយគ្រឿងបើកទៅបុកជាមួយរថយន្តដឹកប្រេងបណ្តាលឱ្យរថយន្តស្ទូចដាច់ដងសន្ទូចទៅប៉ះនិងរថយន្តដឹកទឹកកកមួយគ្រឿងធ្លាយ
ចេញសុទ្ធតែឈើគ្រញូងដែលបង្កឱ្យមានការភ្ញាក់ផ្អើល ហើយត្រូវក្រុមមន្ត្រីរដ្ឋបាលព្រៃឈើនិងក្រុមឈ្មួញរកស៊ីឈើគ្រញូងបានមកជេរប្រមាថនិងរកវាយក្រុមអ្នកសារព័ត៌មាន ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃ២៨ខែមេសាឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស្ទូចដឹកដែក ពាក់ស្លាកលេខភ្នំពេញ 3A-7188 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាពេញទំហឹងជាមួយរថយន្តដឹកប្រេងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3A-9892 ធ្វើឱ្យដងស្ទូចរបស់រថយន្តដឹកដែកទៅបោកផ្ទប់ រថយន្តដឹកទឹកកកមួយគ្រឿង ពាក់ស្លាកលេខ 2M-4918 បណ្ដាលអោយធ្លាយឃ្លុបរថយន្តចេញសុទ្ធតែឈើគ្រញូង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងមេព្រៃរដ្ឋបាលព្រៃឈើចុះមកអន្តរាគមន៍។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរអ្នកសារព័ត៌មានមួយក្រុមបាននាំគ្នាចុះមកយកព័ត៌មាននិងថតយករូបភាពស្រាប់ តែត្រូវមន្ត្រីរដ្ឋបាលព្រៃឈើមួយក្រុមនិងក្រុមឈ្មួញរកស៊ីឈើគ្រញូងបានចេញមកអន្តរាគមន៍ដើម្បីធ្វើការរំដោះយករថយន្តដឹកទឹកកកដែលផ្ទុកដោយឈើគ្រញូងពេញរថយន្ត ហើយថែមទាំងបានជេរប្រមាថនិងរកវាយនិងរកចាប់បោកម៉ាស៊ីនកាមេរ៉ារបស់ក្រុមអ្នកសារព័ត៌មានរួចថែមទាំងទាញផ្ដាច់យកកាតសំគាល់ខ្លួនរបស់អ្នកយកព័ត៌មានម្នាក់ថែមទៀតផង ប៉ុន្តែបានត្រូវសមត្ថកិច្ចជួយសម្រួលនិងយកកាតសំគាល់ខ្លួនមកឱ្យអ្នកសារព័ត៌មានវិញ។ ការចុះអន្តរាគមន៍ របស់មន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវបានគេមើលឃើញថា ហាក់ដូចជាពុំមានវិធានការចាប់ឃាត់ខ្លួនអ្នកបើករថយន្តដឹកឈើគ្រញូងនោះទេបែរជាបណ្ដែតបណ្ដោយអោយបុរសជាអ្នកបើករថយន្តដឹកទឹកកកដែលផ្ទុកដោយឈើគ្រញូងពេញរថយន្តនោះឈរទូរស័ព្ទហៅបក្ខពួកនិងបណ្ដោយអោយអ្នកបើកបររូបនោះរត់គេចខ្លួនបាត់ដោយសុវត្តិភាព ឃើញដូចនោះក្រុមអ្នកសារព័ត៌មានបាននាំគ្នាទៅសួរដេញដោលមន្ត្រីរដ្ឋបាលព្រៃឈើមួយក្រុមនោះ ថាតើឈើគ្រញូងក្នុងរថយន្តដឹកទឹកកកនោះមានចំនួនប្រហែលប៉ុន្មាន?ប៉ុន្តែ ត្រូវបានក្រុមមន្ត្រីរដ្ឋបាលព្រៃឈើទាំងនោះឆ្លើយយ៉ាងគំរុះគំរើយដាក់អ្នកសារព័ត៌មានថាមិនដឹងថាមានចំនួនប៉ុន្មានទេ ឮដូចនោះក្រុមអ្នកសារព័ត៌មានបានបន្តសួរទៀតថាតើរថយន្តដឹកទឹកកកដែលផ្ទុកដោយឈើគ្រញូងនោះត្រូវយករក្សាទុកនៅកន្លែងណា តែត្រូវមន្ត្រីរដ្ឋបាលព្រៃឈើរូបនោះឆ្លើយថាមិនដឹងទៀតទើបធ្វើអោយក្រុមអ្នកសារព័ត៌មានកាន់តែឆ្ងល់ក៏សួរបន្តថា ចុះហេតុអ្វីបានជាក្រុមមន្ត្រីរដ្ឋបាលព្រៃឈើរបស់លោកដោះលែងអ្នកបើករថយន្តដឹកឈើគ្រញូងនោះទើបធ្វើអោយក្រុមមន្ត្រីរដ្ឋបាលព្រៃឈើទាំងនោះជាមួយក្រុមឈ្មួញរកស៊ីឈើគ្រញូងដែលមកកាងនិងចង់រំដោះយករថយន្តដឹកឈើគ្រញូងខាងលើនោះខឹងសម្បារមកលើក្រុមអ្នកសារព័ត៌មានហើយថែមទាំងជេរប្រមាថយ៉ាងចាស់ដៃនិងរកវាយក្រុមអ្នកសារព័ត៌មាន។
ខណៈពេលនោះក៏មានបុរសម្នាក់ដែលអមដោយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ចេញមុខកាងឱ្យរថយន្តដឹកឈើគ្រញូងខាងលើនេះក៏បានជេរប្រមាថហើយ រកបោកម៉ាស៊ីនកាមេរ៉ារបស់របស់ក្រុមអ្នកសារព័ត៌មានថែមទៀតផង។
គួរបញ្ជាក់ផងដែរថារថយន្តដឹកទឹកកកបង្គប់ឈើគ្រញូងពេញរថយន្តនោះ យើងមិនទាន់ដឹងនៅឡើយថាត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើយកទៅរក្សាទុកឬត្រូវឈ្មួញរកស៊ីឈើគ្រញូងដែលមកកាងនោះរំដោះយកទៅបាត់ឬយ៉ាងណាទេ៕