ខេត្តសៀមរាប៖ ក្រោមការគាំទ្ររបស់អង្គការអភិវឌ្ឍន៍ប្រទេសហូល្លង់ ( SNV ) តាមរយៈនៃជំនួយមូលនិធិរបស់សហភាពអ៊ឺរ៉ុប រយៈពេល៤ឆ្នាំ ( ២០១២-២០១៥ ) ត្រូវបានបញ្ចប់នូវគម្រោងបង្កើត ឡជីវម៉ាស ដុតអង្កាម បម្លែងឲ្យទៅជាឋាមពលអគ្គីសនី សម្រាប់ប្រើប្រាស់នៅ
តាមបណ្តារោងម៉ាស៊ីនកិនស្រូវ និងនៅតាមរោងម៉ាស៊ីនផលិតទឹកកក ជាដើមនោះ ប្រកបដោយជោគជ័យ វិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានចេញនូវសេចក្តីណែនាំ ស្តីពីគោលការណ៍សុខភាព សុវត្ថិភាពការងារ និង បរិស្ថាន សម្រាប់ការប្រើប្រាស់ ឡជីឧស័្មននោះ ។ ការចេញសេចក្តីណែនាំនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈ នៃអង្គសិក្ខាសាលាមួយ ដែលត្រូវបានធ្វើឡើងជាលើកដំបូងនៅខេត្តសៀមរាប ។ អង្គសិក្ខាសាលានេះ មានសិក្ខាកាមមកពីចំនួន៣ខេត្តបានចូលរួម គឺខេត្តកំពង់ចាម កំពង់ធំ និង ខេត្តសៀមរាប ។ សិក្ខាកាមទាំងនេះមកពី មន្ទីរឧស្សាហកម្ម មន្ទីររ៉ែ មន្ទីរបរិស្ថាន មន្ទីរពាណិជ្ជកម្ម សហគ្រាសអគ្គីសនីជនបទ សភាពាណិជ្ជកម្ម ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់រោងម៉ាស៊ីនផលិតទឹកកក ជាដើម ។ កញ្ញា IRA Larasaty ប្រធានគម្រោងបម្លែងកាកសំណល់កសិកម្មឲ្យទៅជាឋាមពលអគ្គីសនី របស់អង្គការអភិវឌ្ឍន៍ប្រទេសហូល្លង់ បានថ្លែងនៅក្នុងអង្គសិក្ខាសាលានោះថា ៖ យើងពិតជាមានមោទនភាពខ្លាំងណាស់ ជាមួយជោគជ័យនៃគម្រោងរបស់យើង ដែលគម្រោងរបស់យើង បានជួយជ្រោមជ្រែងឲ្យ១៤០សហគ្រាស ក្នុង៩ខេត្ត បង្កើតបាន ឡជីវម៉ាសដុតអង្កាម បម្លែងយកឋាមពលអគ្គីសនីមកប្រើប្រាស់ ដែលអាចទាញយកបាននូវលទ្ធភាពប្រើជំនួសប្រេងឥន្ធនៈ បានប្រមាណពី ៧៥% ទៅ ៨០% ។
លោកចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា បានថ្លែងថា យើងពិតជាមានការសោកស្តាយ បើសិនជាយើងមិនមានគម្រោងបំផ្លាញកាកសំណល់កសិកម្ម បម្លែងឲ្យទៅជាឋាមពលអគ្គីសនី ត្រូវបានអនុវត្តទេនោះ អង្កាមជាច្រើន រយ-ពាន់តោន នឹងត្រូវដុតកំទេចចោល ឬក៏នាំចេញទៅបរទេស ឲ្យគេបានទទួលផលជំនួសយើង ។ ឯកឧត្តម បានបញ្ជាក់ថា ៖ កម្ពុជាបានប្រើបច្ចេកវិទ្យានេះ ក្នុងការបម្លែងអង្កាមឲ្យទៅជាឋាមពលសម្រាប់បំរើឲ្យវិស័យរោងម៉ាស៊ីនកិនស្រូវ រួមចំណែកក្នុងការធ្វើពាណិជ្ជកម្មប្រកួតប្រជែងផ្នែកម៉ាស៊ីនកិនស្រូវ តាមរយៈការប្រើប្រាស់កាកសំណល់ បម្លែងជាឋាមពល ដែលអាចកាត់បន្ថយតម្លៃដើម ។ លោកបានលើកឡើងបន្ថែមទៀតថា បើទោះបីវាបានផ្តល់នូវគុណប្រយោជន៍ ក៏ប៉ុន្តែបើយោងលើលទ្ធផលនៃការវិភាគឧបស័គ្គ របាយការណ៍ចុងក្រោយរបស់ NEXUS បានបង្ហាញថា វាអាចបង្ករគ្រោះថ្នាក់ចំពោះសុខភាព សុវត្ថិភាពរបស់មនុស្ស និងបរិស្ថាន ដែលបណ្តាលមកពីការចាក់ចោលកាកសំណល់បន្ទាប់បន្សំ និងការបញ្ចេញឧស័្មនពុលនៅក្នុងបរិស្ថានការងារ តាមរយៈនៃការលេចធ្លាយ និងការធ្វើប្រតិបត្តិការមិនបានត្រឹមត្រូវ ។ ឯកឧត្តមបានបញ្ជាក់ថា ដោយសារតែមូលហេតុទាំងអស់នេះ ទើបវិទ្យាស្ថានស្តង់ដារកម្ពុជា បានចេញ និងផ្សព្វផ្សាយនូវគោលការណ៍ណែនាំ ស្តីអំពីសុខភាព សុវត្ថិភាពការងារ និងបរិស្ថាន សម្រាប់ការប្រើ ឡជីវឧស័្មន នៅកម្ពុជាដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងឲ្យការប្រតិបត្តិ ឡជីវឧស័្មន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕




































