បន្ទាយមានជ័យ: ជនបង្កគ្រោះថ្នាក់វរាចរណ៍បង្កនាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុកភ្នំស្រុក ម្នាក់ ស្លាប់ កាលពីពេលកន្លងមកត្រូវបានប៉ូលិសចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ សហការនឹងប៉ូលិសស្រុកភ្នំស្រុក និងស្រុកពាក់ព័ន្ធ ឈានដល់រកឃើញវត្ថុតាងម៉ូតូ និងអ្នកបើកបរភាគីម្ខាងទៀតកាលងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥។លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានអោយដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ថា សមត្ថកិច្ចប៉ូលិសស្រុកភ្នំស្រុក និងស្រុកពាក់ព័ន្ធ បានរកឃើញ និងរឹបអូសវត្ថុតាងនៃភាគីម្ខាងទៀត ដែលបើកម៉ូតូបុកគ្នា ជាមួយម៉ូតូប៉ូលិសកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង ៣កន្លះ
នៅលើកំណាត់ផ្លូវខេត្តលេខ 268A (ផ្លូវពីព្រៃមាន់ទៅស្រុកភ្នំស្រុក) ជាង ២គម ខាងជើងភូមិព្រៃមាន់ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ បានបណ្តាលឲ្យជនរងគ្រោះឈ្មោះ ម៉ាក់ កូឡាប ភេទប្រុស អាយុ ៥១ឆ្នាំ ជានាយផ្នែកព្រហ្មទណ្ឌអធិកាដ្ឋាននគរបាលស្រុកភ្នំស្រុក មានទីលំនៅក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ បានបើកម៉ូតូពីស្រុកភ្នំស្រុក សំដៅមកប្រជុំនៅស្នងការដ្ឋាននគរបាលខេត្ត។
ជនបង្កឈ្មោះ អែម រ៉ាវី ភេទប្រុស អាយុ ២២ ឆ្នាំ ជាកម្មករ មានលំនៅដើម នៅក្នុងភូមិសំរោង ឃុំគោកព្រេច ស្រុកគិរីរង់ ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្ននៅទំនប់អាងត្រពាំងថ្ម។ យុវជននេះ ជាអ្នកបើកបរ បានរងរបួសធ្ងន់បាក់ជើងម្ខាង និងអ្នករួមដំណើរឈ្មោះ កៅ ស៊ីម ភេទប្រុស អាយុ ២២ ឆ្នាំ មានលំនៅជាមួយគ្នា បានរងរបួសស្រាល។
ក្រោយបង្កហេតុបានរងរបួសបាក់ជើងម្ខាង សម្រាកព្យបាលនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។ ឯម៉ូតូបង្ក និងរថយន្តតូច ដែលមកដឹកទាំងម៉ូតូ និងអ្នកបើកបរបង្ក រត់គេច ក៏ស្រាវជ្រាវឃើញនៅភូមិស្រមោចឃុំ/ស្រុកព្រះនេត្រព្រះ។
សូមបញ្ជក់ថាកាលកើតហេតុភ្លាមៗសមត្ថកិច្ចក្តាប់មុខសញ្ញា មិនបានថា ជាម៉ូតូអី ហើយអ្នកបើកបរឈ្មោះ ហើយរងរបួស ឬយ៉ាងណានោះទេ ព្រោះក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនទាំងមនុស្ស និងម៉ូតូ បន្សល់ទុកតែសពជនរងគ្រោះ និងម៉ូតូជនរងគ្រោះម៉ាកវីវ៉ាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1A 9331 ដែលរងការខ្ទេចផ្នែកខាងមុខទាំងស្រុង។
លោក សន គឹមសួគ៌ និយាយបន្តថា ពេលនេះ ម៉ូតូជនបង្ក និងជនរងគ្រោះ ព្រមទាំងរថយន្តតូច ដែលដឹកជនបង្ក ត្រូវបានយកមករក្សាទុក នៅនគរបាលចរាចរណ៍ខេត្ត។ រីឯជនបង្ក បន្តនៅព្យាបាលអោយជា ដោយមាននគរបាលយាមកាម នៅមន្ទីរពេទ្យ។
ពេលណា គេជាសះស្បើយ នឹងត្រូវនាំមកកសាងសំនុំរឿង បញ្ចូនទៅតុលាការ។សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីជនបង្ក និងអ្នករួមដំណើរស្រវឹង ហើយបើកបរល្បឿនលឿន៕



































