ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបង្ហាញឱ្យដឹងបន្ថែមនារសៀលថ្ងៃទី០៧ ខែកញ្ញានេះ ដោយបានធ្វើការបូកសារុបតួរលេខនៃចំនួនជ្រូកឈឺនិងងាប់ ដោយសារតែមានការផ្ទុះជម្ងឺជ្រូកត្រចៀកខៀវ ចាប់គិតពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ ។ នៅក្នុងទិន្នន័យនោះ ក្រៅពីស្រុកចំនួន២ គឺស្រុកជីក្រែង និងស្រុកសូទ្រនិគម ដែលជាស្រុកផ្តើមផ្ទុះជម្ងឺជ្រូកត្រចៀកខៀវនេះ មុនគេ គេឃើញមានក្រុងសៀមរាប និងបណ្តាស្រុកចំនួន៤ផ្សេងទៀត ត្រូវទទួលការចម្លងនៃជម្ងឺនេះផងដែរ ។
របាយការណ៍នោះ បានបង្ហាញថា ស្រុកជីក្រែង មានបណ្តាឃុំចំនួន១២ ដែលរងការរាតត្បាតនៃជម្ងឺនេះ ក្នុងនោះមានជ្រូកឈឺចំនួន ១ ៩០២ក្បាល ងាប់ ៦១៣ក្បាល ។ ស្រុកសូទ្រនិគម ឃុំដែលរងការរាតត្បាតនៃជម្ងឺនេះ មានចំនួន ៧ឃុំ ជ្រូកឈឺមានចំនួន ៩៦១ក្បាល និង ងាប់ ៤១៨ក្បាល ។ ស្រុកប្រាសាទបាគង ឃុំដែលទើបនឹងទទួលរងនៃជម្ងឺជ្រូកត្រចៀកខៀវ មានចំនួន៧ឃុំ មានជ្រូកឈឺ ៥៨០ក្បាល និងងាប់ ២០៣ក្បាល ស្រុកបន្ទាយស្រី ៤ឃុំ មានជ្រូកឈឺ ៣២ក្បាល ងាប់១៩ក្បាល ។ ស្រុកស្វាយលើ ២ឃុំ ជ្រូកឈឺ ៧៧ក្បាល និងងាប់ ១៣ក្បាល។ចំណែកនៅក្នុងក្រុងសៀមរាបមាន ៣សង្កាត់ ជ្រូកឈឺ មានចំនួន១៤៥ក្បាល ងាប់ ១៥០ក្បាល និង ស្រុកពួក ២ឃុំ ជ្រូកឈឺ ៤០ក្បាល និងងាប់ ៤ក្បាល ។ អត្រាជ្រូកឈឺស្លាប់ដោយសារជម្ងឺនេះ ច្រើនមាននៅលើជ្រូកតូចៗប៉ុណ្ណោះ ចំពោះជ្រូកធំវិញ មានអត្រាស្លាប់តែ ១០% ប៉ុណ្ណោះ បើសិនជាមិនមានការព្យាបាល។ចំណែកជ្រូកដែលងាប់ទាំងនោះត្រូវបានពលរដ្ឋយកទៅចែកគ្នានៅតាមភូមិនិមួយៗយកទៅហូប អ្នកខ្លះយកទៅកប់។
ទោះជាយ៉ាងណា លោក មឿង សុនិត្យា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប៖ បានបញ្ជាក់ឱ្យដឹងថា នៅស្រុកជីក្រែង និង ស្រុកសូទ្រនិគម ដែលជាស្រុកដែលទទួលរងការផ្ទុះជម្ងឺជ្រូកត្រចៀកខៀវនេះមុនគេបង្អោះ បានវិលមករកសភាពធូរស្រាលវិញហើយ ។ ចំណែកឯក្រុងសៀមរាប និងបណ្តាស្រុកចំនួន៤ទៀត ដែលទទួលការចម្លងក្រោយនោះ ត្រូវបាននាយកដ្ឋានផលិតកម្ម និងបសុព្យាបាល នៃក្រសួងកសិកម្ម នាំយកសម្ភារៈនិងថ្នាំព្យាបាល ជាមួយនឹងថ្នាំបាញ់សម្លាប់មេរោគ បែងចែកឱ្យដល់ក្រុមការងារពេទ្យភូមិ ដើម្បីចុះប្រតិបត្តិការជាបន្ទាន់ទៀត រួមទាំងជម្រុញឲ្យមានយុទ្ធនាការអប់រំ ឱ្យបណ្តាកសិដ្ឋានចិញ្ចឹមជ្រូក និងបណ្តាផ្ទះប្រជាពលរដ្ឋដែលមានចិញ្ចឹមជ្រូក អនុវត្តវិធានការជីវៈសុវត្ថិភាព ឱ្យបានម៉ឹងម៉ាត់បំផុត ដើម្បីទប់ស្កាត់ ការចម្លងនៃមេរោគនេះ ។
ចំណែក លោក តាន់ ផាន់ណារ៉ា ប្រធាននាយកដ្ឋានផលិតកម្ម និងបសុព្យាបាល នៃក្រសួងកសិកម្ម ដែលកំពុងដឹកនាំក្រុមជំនាញ ចុះបំពេញការងារអន្តរាគមន៍ជួយព្យាបាល និងទប់ស្កាត់ការចម្លងថ្មីនៃជម្ងឺជ្រូត្រចៀកខៀវនៅខេត្តសៀមរាប បានឱ្យដឹងថា តាមកាណែនាំរបស់ក្រសួង គឺមិនត្រឹមតែមានវិធានការទប់ស្កាត់ជម្ងឺនេះនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ តែនៅបណ្តាស្រុកនៃខេត្តជាប់គ្នានឹងខេត្តសៀមរាប ដូចជាខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ក៏ត្រូវបានយកចិត្តទុកដាក់អនុវត្តវិធានជីវៈសុវត្ថិភាព ផងដែរ ។លោកបន្តថា សូមកុំឱ្យបងប្អូនចាញ់ឧបាយកលគេឱ្យសោះ ព្រោះជម្ងឺជ្រូកត្រចៀកខៀវនេះ វាកើតទៅលើតែចំពោះជ្រូកតូចប៉ុណ្ណោះ ហើយជម្ងឺនេះវា មិនអាចចម្លងទៅលើមនុស្សបានទេ ដូច្នេះលោកសូមឱ្យបងប្អូនកុំព្រួយបារម្មណ៍ចំពោះជម្ងឺជ្រូកត្រចៀកខៀវនេះ ខ្លាចក្រែងធ្វើឱ្យបងប្អូនលក់ជ្រូកមិនទាន់ឈឺ ឱ្យទៅឈ្មួញកណ្តាលនាំឱ្យខាចបង់ជាច្រើន។
ជុំវិញករណីរឿងជ្រូកត្រចៀកខៀវនេះ ត្រូវបានក្រុមអាជីវករនៅតាមផ្សារនៃក្រុងសៀមរាបបានរៀបរាប់ទាំងត្អូញត្អែរស្រដេងគ្នាថា ចាប់តាំងពីអ្នកសារេព័ត៌មានក្នុងស្រុកចេញផ្សាយមក ពួកខ្ញុំជាអាជីវករលក់សាច់ជ្រូកមានការព្រួយបារម្មខ្លាំងណាស់ ព្រោះធ្លាប់លក់ជ្រូក ម្នាក់ៗក្នុង១ថ្ងៃចាប់ពី២ក្បាលឡើងទៅ ក្រោយពីមានផ្ទុះករណីជ្រូកត្រចៀកខៀវនៅតាមបណ្តាស្រុក ដូចជា ស្រុកជីក្រែង ស្រុកសូទ្រនិគមនេះកើតឡើង រហូតមកដល់ក្រុងសៀមរាបនិងតាមបណ្តាស្រុកមួយចំនួនទៀត ធ្វើពួកគាត់នាំគ្នាលក់មិនសូវដាច់ ហើយជំពាក់លុយអង្គការផង។ ប្រភពពីអាជីវករបានបន្តទៀតថា ក្នុងករណីជ្រូកត្រចៀកខៀវនេះកើតឡើង ធ្វើឱ្យពួកគាត់នាំគ្នាលក់មិនបាន ដូច្នេះពួកគាត់សូមសំណូមពរ ឱ្យមន្ត្រីជំនាញជួយចុះមើលតាមបណ្តាលភូមិក្នុងក្រុងសៀមរាបក៏ដូចជានៅតាមបណ្តាស្រុកដែលកើតហើយក្តីមិនទាន់កើតហើយក្តី មេត្តាជួយនាំគ្នាចុះព្យាបាលកុំឱ្យជ្រូកទាំងនោះមានការរីករាលដាលបន្តទៀត។
គួររំផងដែរថា ពលរដ្ឋនៅទូទាំងខេត្តសៀមរាបសូមសំណូមពរមេត្តាឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាដាក់កម្លាំងជំនាញចុះជួយទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យជ្រូកដែលមានជម្ងឺទាំងនោះរាលដាលដល់ជ្រូកមិនទាន់មានជម្ងឺតទៀត ហើយសូមកុំឱ្យដាក់មន្ត្រីណាដែលចុះមកយកតែលុយ៕ ដោយ ខេង ឧត្តម